ជាតិ
សិស្សានុសិស្ស៣០នាក់ រៀនគូរគំនូរចម្លាក់ បេតិកភណ្ឌ និងសិក្សាអំពី តម្លៃរបស់ប្រាសាទខ្មែរ
23, Dec 2023 , 3:40 pm        
រូបភាព
សៀមរាប៖ លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញអំពីតម្លៃនៃមរតកវប្បធម៌ ដល់សិស្សានុសិស្ស នៅបឋមសិក្សានគរក្រៅ ដែលមានឪពុកម្តាយ បម្រើការក្នុងការដ្ឋានអភិរក្ស និងជួសជុលនៅក្នុងស្ថាប័នJASA និងអាជ្ញាធរជាតិអប្សរា។ សិស្សានុសិស្ស ចំនួន៣០នាក់ បានមកសិក្សាស្វែងយល់ និងហ្វឹកហាត់គូររូបប្រាសាទ និងចម្លាក់ នៅប្រាសាទបាយ័ន។

រយៈពេលជិត៣០ឆ្នាំមកហើយ ដែលស្ថាប័នJASA នៃប្រទេសជប៉ុន បានចូលរួមជួយការងារជួសជុលអភិក្សនៅក្នុងប្រាសាទបាយ័ន។ ក្រៅពីការងារជួសជុលប្រាង្គប្រាសាទ គម្រោងរបស់អង្គការJASAមួយនេះ ក៏បានយកចិត្តទុកដាក់គិតគូរទៅលើការរស់នៅ របស់សហគមន៍ ជាពិសេសការបង្ហាញទៅកាន់មនុស្សជំនាន់ក្រោយ ឱ្យបានយល់ដឹងអំពីតម្លៃបេតិកភណ្ឌវប្បធម៌អង្គរ។
 


កន្លងមក អាជ្ញាធរជាតិអប្សរា និងអង្គការJASA បានរួមសហការគ្នា ផ្តល់ការបណ្តុះបណ្តាលជារឿយៗដើម្បីបង្ហាញដល់កុមារ ដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ។ លោក អ៊ឹម សុខរិទ្ធី តែងតែបង្ហាញអំពីការបន្តកេមរតក ក្នុងការគ្រប់គ្រង និងបន្តថែរក្សាបេតិកភណ្ឌអង្គរ ទៅកាន់សិស្សានុសិស្ស ស្របនិងកម្មវិធីអប់រំបេតិកភណ្ឌ ដែលអាជ្ញាធរជាតិអប្សរា កំពុងអនុវត្ត។ 
 
លោក NAKAGAWA Takeshi បានលើកឡើងថា អង្គការ JASA នៃប្រទេសជប៉ុន បានរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងឱ្យយុវជនជំនាន់ក្រោយបានជ្រាបច្បាស់អ្វីដែលជារបស់ដូនតាខ្មែរបានបន្សល់ទុក និងចេះស្រលាញ់ប្រាសាទបុរាណ។ លោកសាស្រ្តាចារ្យរូបនេះ បានបន្ថែមថា ចំពោះការងារនេះ លោកនឹងខិតខំបន្ថែមទៀតក្នុងការសហការជាមួយអ្នកជំនាញមុនៗបន្ថែមទៀត ដើម្បីយកចំណេះទាំងនេះមកបង្ហាត់បង្រៀនយុវជនជំនាន់ក្រោយៗបន្តទៀត៕

Tag:
 (អាជ្ញាធរជាតិអប្សរា
  បេតិកភណ្ឌ)
© រក្សាសិទ្ធិដោយ thmeythmey.com