អន្តរជាតិ
ថៃដាក់គោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ៥ភាគរយ នៅក្នុងថ្ងៃឈប់សម្រាកឆ្នាំថ្មី
23, Dec 2023 , 4:40 pm        
រូបភាព
រូបភាព Pixels
រូបភាព Pixels
ក្រសួងសុខាភិបាលថៃ នៅថ្ងៃទី២១ ខែធ្នូ បានដាក់គោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើដងវិថីឱ្យបាន ៥ភាគរយ ក្នុងថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី។ រដ្ឋមន្រ្តីសុខាភិបាល លោក Cholnan Srikaew បានប្រកាសបែបនេះ នៅថ្ងៃទី២១ ខែធ្នូ។

 
កន្លងមក រដ្ឋាភិបាលថៃ បានសម្រេចអនុញ្ញាតឱ្យកន្លែងកម្សាន្តបើកដល់ម៉ោង ៤ព្រឹក និងដល់ម៉ោង ៦ព្រឹក នៅក្នុងថ្ងៃចូលឆ្នាំថ្មី។ ទាក់ទិននឹងបញ្ហានេះ លោក Cholnan Srikaew រដ្ឋមន្រ្តីសុខាភិបាលថៃ បានយល់ឃើញថា វាអាចមានលទ្ធភាពខ្ពស់ ដែលអត្រាគ្រោះថ្នាក់ចរាចរណ៍កើនឡើង។ 
 
ដោយមានចំនួនគ្រោះថ្នាក់ច្រើន នៅក្នុងឆ្នាំ២០២៣ ក្រសួងសុខាភិបាលថៃ បានដាក់គោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន ៥ភាគរយ នៅថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី។ ដើម្បីសម្រេចគោលដៅនេះ លោករដ្ឋមន្រ្តី បានដាក់ចេញវិធានការមួយចំនួនដូចជា ការត្រួតពិនិត្យលើដងផ្លូវ ដែលមានការជួយពីសំណាក់ក្រុមអ្នកស្ម័គ្រចិត្តសុខាភិបាលសាធារណៈ មន្រ្តីរដ្ឋបាលថ្នាក់តំបន់ និងប៉ូលិសរកមើលបរិមាណអាកុលរបស់អ្នកបើកបរ។ 
 
នៅចន្លោះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ថៃ បានរាយការណ៍ពីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២៤៤០ករណី ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ៣១៧នាក់ និងរបួស ២៤៣៧។ ក្នុងចំណោមនោះ ចំនួន ៩៦ភាគរយ គឺមានពាក់ព័ន្ធនឹងសារធាតុអាកុល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS។ 
 
បន្ថែមពីនេះ រដ្ឋមន្រ្តីសុខាភិបាល ក៏បានអំពាវនាវឱ្យមានកិច្ចសហការពីសំណាក់បុគ្គលពាក់ព័ន្ធ និងប្រជាជនផងដែរ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេស៕ 

Tag:
 (ថៃ)
© រក្សាសិទ្ធិដោយ thmeythmey.com