ជាតិ
ហេតុអ្វីប្រាសាទឥដ្ឋ អាចឈរបានជាង១ពាន់ឆ្នាំមិនរលំ?
24, Dec 2023 , 2:00 pm        
រូបភាព
តំបន់រលួស, សៀមរាប៖ នាដើមសម័យអង្គរ បុព្វបុរស បានកសាងប្រាសាទ និងបុរាណស្ថាន ជាច្រើនអំពីឥដ្ឋ។ ប្រាសាទព្រះគោ ជាប្រាសាទឥដ្ឋដំបូងគេនៅតំបន់រលួស និងជាការចាប់កំណើតប្រាសាទឥដ្ឋ ដែលមានទំហំធំ និងរឹងមាំ ជាងមុន។ ប្រាសាទព្រះគោ ត្រូវបានកសាងនាចុងសតវត្សរ៍ទី៩ ពោលគឺ ក្នុងឆ្នាំ៨៧៩ ក្នុងរាជព្រះបាទឥន្ទ្រវម៌្ម (ឥន្រ្ទវរ្ម័ន)។

 
 
នៅក្នុងរមណីយដ្ឋានអង្គរ ប្រាសាទឥដ្ឋ មានដូចជា ប្រាសាទព្រះគោ ប្រាសាទលលៃ ប្រាសាទក្រវ៉ាន់ ប្រាសាទប្រែរូប ប្រាសាទបក្សីចាំក្រុង និងបុរាណស្ថានតូចៗជាច្រើនទៀត។  ប្រាសាទព្រះគោ  ជាសំណង់ឥដ្ឋដ៏ប្រណិតណីតដើមសម័យអង្គរ។ ប្រាសាទឥដ្ឋនេះ មានលក្ខណៈពិសេសល្អឯក ក្នុងចំណោមប្រាសាទឥដ្ឋផ្សេងទៀត។ 


 
«បើយើងគិតពីស្នាដៃ វាអស្ចារ្យណាស់! បើយើងមើលការរៀបចំ ការសាងសង់ យើងឃើញមាន ថ្មភក់ តែបើតាមការស្រាវជ្រាវ មានខឿនមួយជាន់ទៀត ធ្វើអំពីឥដ្ឋ។ នៅលើខឿនតែមួយ មានកំពូលប្រាសាទចំនួន៦។ នាសម័យនោះ យើង មិនមានសំណង់ប្រាសាទឥដ្ឋដ៏ធំជាងនេះទេ។» នេះជាការបញ្ជាក់របស់លោក ខៀវ ច័ន្ទ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា។ 
 

ចម្លាក់ទាំងប៉ុន្មាននាសតវត្សរ៍ទី៩ និងនៅប្រាសាទព្រះគោ ជាតឹកតាងឱ្យឃើញនូវទឹកដៃដ៏ប៉ិនប្រសប់នៃក្រុមជាង។ ចម្លាក់នៅសតវត្សរ៍ទី៩ មានសិល្បៈកម្រិតខ្ពស់ ដែលគួរឱ្យស្ញប់ស្ញែងក្រៃលែង។ 
 
ផ្ដែ ហោជាង មេទ្វារ សសរពេជ្រ ព្រមទាំងគ្រឿងលម្អផ្សេងៗនៅប្រាសាទព្រះគោ ត្រូវបានឆ្លាក់ជាប្រភេទចម្លាក់លៀន ព្រមទាំងមានចលនារស់រលើកនៅលើថ្មភក់។ ក្បូរក្បាច់រចនាផ្សេងៗទៀត ត្រូវបានឆ្លាក់នៅឥដ្ឋផ្ទាល់ និងមួយភាគធំ មានបាយអយ៉ាងហ្មត់ពាសពីលើ។ 


 
តាមរយៈចម្លាក់លើថ្ម និងលើបាយអ បង្ហាញឱ្យឃើញពីទឹកដៃដ៏វិសេសវិសាលរបស់ជាង។ នៅប្រាសាទព្រះគោ បាយអ មានកម្រាស់ក្រាស់ៗ។ លោក ខៀវ ច័ន្ទ សន្និដ្ឋានបានថា ជាង អាចឆ្លាក់រូបពីបាយអកម្រាសក្រាសនេះ អាចប្រហែលជាឆ្លាក់តុបតែងពេលដែលបាយអនៅសើមនៅឡើយ។ 
 
បុរាណវិទូ ខៀវ ច័ន្ទ ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ ដូច្នេះ៖ «ជាប្រាសាទឥដ្ឋ គេឆ្លាក់ក្បាច់រចនានៅលើឥដ្ឋ។ កន្លែងផ្ទៃខ្លះនោះ គេបូកបាយអ និងឆ្លាក់នៅលើបាយអ។ ទាំងនេះ ជាលក្ខណៈពិសេសមួយនាសម័យនោះ ហើយគុណភាព បាយអ នៅជាប់បានល្អ តាំងពីចុងសតវត្សរ៍ទី៩។» 
 
ស្ថិតនៅភាគឦសាននៃប្រាសាទព្រះគោ ប្រមាណជាងមួយគីឡូម៉ែត្រ មានប្រាសាទឥដ្ឋដ៏ល្អឯកមួយទៀត ដែល មានឈ្មោះថា ប្រាសាទលលៃ។ ប្រាសាទនេះ ជាសំណង់ឥដ្ឋ ដែលមានប្រាង្គចំនួន ៤ កសាងក្នុងបារាយណ៍មួយ ដែលមានឈ្មោះថា ឥន្ទ្រតដាក  នាចុងសតវត្សរ៍វត្សរ៍ទី៩ (គ.ស ៨៩៣) ដោយព្រះបាទយសោវម៌្មទេវ-ទី១។ ប្រាសាទលលៃ ក៏ជាសំណង់ឥដ្ឋ ដែលមានចម្លាក់យ៉ាងប្រណីត ប៉ុន្តែប្រាសាទលលៃបច្ចុប្បន្ន បានខូចខាតច្រើន។ ប្រាសាទនេះ ត្រូវបានជួសជុលយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរអប្សរា។ 
 


តើគេប្រើ ស៊ីម៉ងត៍ ដើម្បីរៀបឥដ្ឋ ដូចសម័យបច្ចុប្បន្ន ឬ? ទេ! អ្នកជំនាញ ប្រើបច្ចេកទេសបុរាណ ដើម្បីជួសជុលប្រាសាទបុរាណ។ ដូនតា ប្រើប្រាស់ «បាយអ» ដើម្បីរៀបឥដ្ឋ និងប្រើប្រាស់បាយអ ដើម្បីឆ្លាក់រូបចម្លាក់តាមហោជាង និងផ្ដែ។ 


 
លោក ស៊ឹម អៃ ជាប្រធានក្រុមកម្មករជួសជុលប្រាសាទលលៃ។ បុរសវ័យចំណាស់រូបនេះ បានចូលបម្រើជាមួយអាជ្ញាធរជាតិអប្សរា តាំងពីឆ្នាំ១៩៩៤មក។ មានបទពិសោធជិត៣០ឆ្នាំ លោក ស៊ឹម អៃ បានយល់ដឹងពីប្រាសាទច្រើន ដូចគ្រូពេទ្យថែទាំអ្នកជំងឺ។ 
 
ក្រុមការងាររបស់លោក ប្រើប្រាស់ឥដ្ឋថ្មីមួយចំនួន និងប្រើប្រាស់បាយអ តាមបច្ចេកទេសបុរាណ។ អ្នកជំនាញជួសជុលប្រាសាទឥដ្ឋ ប្រើប្រាស់ឥដ្ឋថ្មី ដើម្បីជំនួសចូលកន្លែងខូចខាត។ ប៉ុន្តែការប្រើឥដ្ឋថ្មីនេះ មិនត្រូវឱ្យបាត់ទម្រង់ដើមនៃប្រាសាទ នោះឡើយ។ 


 
នៅការដ្ឋានជួសជុលប្រាសាទលលៃ ក្រុមជាង និងអ្នកជំនាញ បានចែងចែកតួនាទីរៀងៗខ្លួន។ ក្រុមជាងជាច្រើននាក់ ដែលពោពេញដោយបទពិសោធ បាននាំគ្នាឡើងតាមរន្ទារ ដើម្បីជួសជុលប្រាង្គ ដែលខូចខាតខ្លាំង។ នៅខាងក្រោម ក្រុមការងារមួយចំនួន បាននាំគ្នាវាយឥដ្ឋឱ្យម៉ដ្ដ។ ឥដ្ឋម៉ដ្ត ត្រូវរែងយកកម្ទេចតូចៗ មកធ្វើជាបាយអ។ ឥដ្ឋម៉ដ្ត ត្រូវបានលាយជាមួយ សំបកលៀស ដែលក្លាយជាទឹក។
 
ក្រុមការងារជួសជុលប្រាសាទឥដ្ឋ ត្រូវយកចិត្តទុកដាក់ខ្លាំង ព្រោះថា ឥដ្ឋបុរាណទាំងនេះ មានអាយុកាលជាង១០០០ឆ្នាំមកហើយ។ សុខភាពឥដ្ឋ ក៏ទ្រុឌទ្រោមតាមអាយុកាលផងដែរ។ ពិតមែនហើយ ឥដ្ឋបុរាណ​ កំពុងមានជំងឺច្រើន ដូច្នេះក្រុមការងារអាជ្ញាធរជាតិអប្សរា បានខិតខំតាមដានឥដ្ឋទាំងនេះ រៀងរាល់ថ្ងៃ។ 
 
តើគេបានឥដ្ឋសម្រាប់សង់ប្រាសាទ មកពីណា?
 
ជាការពិតមិនអាចប្រកែកបាន ឥដ្ឋបុរាណជាប់បានជាង១ពាន់ឆ្នាំ បើទោះបីមានការបែបបាក់ខ្លះ។ ប្រាសាទឥដ្ឋទាំងនោះ បានឆ្លងកាត់ទឹកភ្លៀង ខ្យល់ និងរងការបំផ្លាញដោយកត្តាធម្មជាតិ និងមនុស្សថែមទៀត។ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានបន្តសិក្សារកទីតាំងដុតឥដ្ឋនាដើមសម័យអង្គរទាំងនោះ។ ប៉ុន្តែការសិក្សារកទីតាំងនេះ មិនទាន់ឃើញនោះទេ។ 
 
បច្ចុប្បន្ន គ្មានភស្តុតាងណាមួយ បង្ហាញថា ជាកន្លែងឡដុតឥដុ្ឋនោះទេ។ បុរាណវិទូ និងស្ថាបត្យករខ្មែរ យល់ថា ឥដ្ឋភាគច្រើន ត្រូវបានអ្នកស្រុក យកមកពីផ្ទះរៀងៗខ្លួន ដើម្បីជាការចូលរួមកសាងប្រាសាទ។ 
 
លោក ខៀវ ច័ន្ទ ស្រាវជ្រាវ និងយល់ឃើញថា៖ «បើយើងមើល និងពិចារណាទៅ ឥដ្ឋបុរាណ មិនមែនផលិតចេញពីកន្លែងតែមួយទេ។ ចាស់ៗ ដែលធ្វើការតាំងពីសម័យបារាំង និងតាមការសិក្សារបស់ខ្ញុំ ឃើញថា ប្រភេទក្បឿង ខុសគ្នាតាំងពីទំហំ កម្រាស របៀបដុត។ អ្នកស្រាវជ្រាវ ប្រើពាក្យថា ក្បឿងកំណែន ដែលមានន័យថា សម្ភារៈហ្នឹង កើតចេញពីទឹកចិត្ត សទ្ធា របស់អ្នកស្រុក។ ក្នុងករណីឥដ្ឋដូចគ្នា អ្នកស្រុកដុតតាមផ្ទះរៀងៗខ្លួន រួចយកមកសង់ប្រាសាទ»។ 
 
ការប្រើប្រាស់ឥដ្ឋនៅដើមសម័យអង្គរ មានទំហំខុសគ្នាៗ។ នៅប្រាសាទប្រែរូប ឥដ្ឋភាគច្រើន មានទំហំធំ និងក្រាស់ៗ ជាងឥដ្ឋនៅតំបន់រលួស។ 
 

«ឡដុតភាជន៍ ត្រូវបានគេរកឃើញ ប៉ុន្តែឡដុតឥដ្ឋ អ្នកស្រាវជ្រាវ រកមិនឃើញទេ។ សម្រាប់ខ្ញុំ ខ្ញុំយល់ថា ឥដ្ឋទាំងអស់ហ្នឹង ប្រហែលចេញពី ឡដុតភាជន៍ហ្នឹងដែរ។ អ្នកសិក្សាស្រាវជ្រាវដទៃទៀត យល់ថា ឥដ្ឋទាំងអស់នេះ អាចដុតកណ្ដាលវាល ក្បែរៗកន្លែងសង់ប្រាសាទ។ ខ្ញុំ [ ខៀវ ច័ន្ទ] ក៏គិតថា អាចអ៊ីចឹងដែរ»។​   នេះជាការបញ្ជាក់របស់លោក ច័ន្ទ ដែលបានដើរសិក្សាស្រាវជ្រាវអំពីឡដុតឥដ្ឋ។ 
 
សង់នៅសតវត្សរ៍ទី១០ ប្រាសាទប្រែរូប ជាប្រាសាទឥដ្ឋធំជាងគេក្នុងសម័យអង្គរ ដែលស្រស់ស្អាតគ្មានគូប្រៀប។ ប្រាសាទប្រែរូបនេះ ត្រូវបានសង់លើខឿនច្រើនជាន់ថ្នាក់ ដែលខឿនខាងក្រោម ជាសំណង់ថ្មបាយក្រៀម និងថ្មភក់។ ចំណែក ប្រាង្គទាំង៥ ខាងលើ ត្រូវបានសង់ពីឥដ្ឋ។ 
 


«ប្រភេទឥដ្ឋសម័យមុន និងប្រភេទឥដ្ឋ សម័យបច្ចុប្បន្ន គឺខុសគ្នា។ ខុសគ្នា ត្រង់ ឥដ្ឋសម័យមុន មានល្បាយខ្សាច់ មានអង្កាមនៅក្នុងហ្នឹង។ យើង មិនដឹងបច្ចេកទេស គាត់ធ្វើយ៉ាងដូចម្ដេច បានឥដ្ឋនោះ ជាប់បានជាង ១ពាន់ឆ្នាំ។» នេះជាការលើកឡើងរបស់លោក ហួត មនោរម្យ ស្ថាបត្យករបុរាណ នៃអាជ្ញាធរជាតិអប្សរា។ 
 
បើយើងពិនិត្យអំពីទម្រង់ប្រាសាទនានក្នុងតំបន់អង្គរ ប្រាសាទប្រែរូប ជាប្រាសាទមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នាយ៉ាងស្រស់ស្អាត។ ប្រមាណ២សតវត្សរ៍ក្រោយមក យើងឃើញមានប្រាសាទអង្គរវត្ត ដែលមានទម្រង់ស្រដៀងគ្នា នឹងប្រាសាទប្រែរូបនេះ។ បច្ចុប្បន្ន ប្រាសាទប្រែរូប ជាប្រាសាទដ៏ល្បីល្បាញមួយក្នុងរមណីយដ្ឋានអង្គរ។ ប្រាសាទនេះ ជាកន្លែងពេញនិយមមួយសម្រាប់ទេសចរ គយគន់ថ្ងៃលិច។ 
 


ថ្វីបើ ប្រាសាទឥដ្ឋក្នុងរមណីយដ្ឋានអង្គរ បន្តឈរយ៉ាងរឹងមាំ ក៏ពិតមែន ប៉ុន្តែអាជ្ញាធរជាតិអប្សរា បន្តយកចិត្តទុកដាក់ជួសជុល និងថែរក្សាយ៉ាងខ្លាំង។ ប្រាសាទទាំងនេះ នៅតែមានចម្លាក់រស់រវើក និងបញ្ចេញសម្រស់ដ៏វិសេសវិសុទ្ធបំផុត។ កូនខ្មែរគ្រប់រូប មានកាតព្ធកិច្ច ថែរក្សា រមណីយដ្ឋានអង្គរ ដែលលាតសន្ធឹងនៅលើផ្ទៃដីប្រមាណ ៤០១គីឡូម៉ែត្រក្រឡា ឱ្យស្ថិតស្ថេរជារៀងរហូត៕ 

Tag:
 ( ឯកសារ
  ហរិហរាល័យ
  ប្រាសាទឥដ្ឋ
  ប្រាសាទព្រះគោ
  ប្រាសាទប្រែរូប)
© រក្សាសិទ្ធិដោយ thmeythmey.com