អន្តរជាតិ
អ្នកជិះកង់នៅជប៉ុនអាចប្រឈមនឹងពិន័យប្រាក់ពី៣៥ ដល់៤២ដុល្លារ បើមិនគោរពច្បាប់
24, Dec 2023 , 7:40 pm        
រូបភាព
រូបភាព Pixels
រូបភាព Pixels
ទីភ្នាក់ងារប៉ូលិសជប៉ុន គ្រោងពិន័យអ្នកជិះកង់ ដែលមិនគោរពច្បាប់ក្នុងទំហំទឹកប្រាក់ពី ៣៥ ដល់ ៤២ដុល្លារ។ នេះបើតាមរបាយការណ៍បណ្តោះអាសន្នចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ។ ការជិះកង់មិនគោរពភ្លើងចរាចរណ៍ ឬជិះកង់ និងនិយាយទូរសព្ទ ក៏ត្រូវរងការពិន័យផងដែរ។​

ប៉ុន្មានឆ្នាំមកនេះ ការបំពានភ្លើងសញ្ញាចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ពាក់ព័ន្ធនឹងអ្នកជិះកង់ បានកើនឡើងយ៉ាងខ្លាំង។ តាមសំណើរបស់ក្រុមអ្នកជំនាញសម្រាប់ទីភ្នាក់ងារប៉ូលិសជាតិនៅពេលថ្មីៗនេះ ការពិន័យជាប្រាក់ គួរតែអនុវត្តចំពោះអ្នកជិះកង់មានអាយុចាប់ពី១៦ឆ្នាំ ឬលើសពីនេះ។ 
 
ក្នុងពេលបច្ចុប្បន្ន ការបំពានច្បាប់ចរាចរណ៍ធ្ងន់ធ្ងរពីអ្នកជិះកង់ នឹងទទួលបានសំបុត្រក្រហម ដែលតម្រូវឱ្យមានការស៊ើបអង្កេតលើចេតនាសម្រាប់ពិន័យបទឧក្រិដ្ឋ។ ជាការពិត ការពិន័យបែបនេះ បានផ្តល់បន្ទុកខ្លាំងដល់ប៉ូលិស និងអ្នកបំពានច្បាប់ផ្ទាល់។ ករណីផ្តល់លិខិតក្រហមទៅអ្នកជិះកង់រហូតដល់ ២៤៥៤៩ឯណោះ នៅក្នុងឆ្នាំ២០២២ ពោលគឺកើនឡើង៣ដង បើធៀននឹងឆ្នាំ២០១៣។ ការទទួលបានលិខិតក្រហម ក៏អាចប្រឈមមុខនឹងតុលាការផងដែរ។ 
 
ដើម្បីកាត់បន្ថយបន្ទុកដល់ប៉ូលិស ក្រុមអ្នកជំនាញសម្រាប់ទីភ្នាក់ងារប៉ូលិសជាតិ បានស្នើឱ្យចេញលិខិតបៃតងចំពោះអ្នកជិះកង់បំពានច្បាប់ចរាចរណ៍វិញ។ ក្នុងពេលបច្ចុប្បន្ន លិខិតបៃតង ផ្តល់សម្រាប់អ្នកជិះម៉ូតូប៉ុណ្ណោះ ហើយពួកគេអាចគេចផុតពីបទចោទ ប្រសិនបើបង់ប្រាក់ពិន័យត្រឹមត្រូវ។ 
 
សម្រាប់អ្នកជិះម៉ូតូ លិខិតបៃតងនេះ អាចរងការពិន័យពី៣៥ដុល្លារ ដល់៤២ដុល្លារ ក្នុងករណីបំពានភ្លើងក្រហម ហើយបើបើកបរលើផ្លូវអ្នកថ្មើរជើង នឹងរងពិន័យ ៤២ដុល្លារ។ ជុំវិញបញ្ហានេះ អ្នកជិះកង់ ក៏អាចរងការពិន័យដូចអ្នកជិះម៉ូតូដែរ។ 
 
ទីភ្នាក់ងារប៉ូលិសជប៉ុន បានរំពឹងថា នឹងអាចបញ្ចប់សំណើកែប្រែខាងលើនៅត្រឹមខែមករាខាងមុខ មុននឹងដាក់ស្នើទៅសភា ដើម្បីធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក៕ 

Tag:
 (ជប៉ុន)
© រក្សាសិទ្ធិដោយ thmeythmey.com