ដោយ៖ម៉ម ពិសី
កាលពីថ្ងៃចន្ទ ទី១៨ធ្នូ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានប្រកាសបង្កើតសម្ព័ន្ធភាពយោធាមួយ ដើម្បីការពារសន្តិសុខតំបន់សមុទ្រក្រហម បន្ទាប់ពីក្រុមហ៊ូទីយេម៉ែន បានវាយប្រហារជាច្រើនលើក មកលើនាវាដឹកទំនិញអន្តរជាតិ។ ភាគីអាមេរិកអះអាងថា មាន១០ប្រទេសចូលរួមក្នុងសម្ព័ន្ធភាពនេះ ដោយក្នុងនោះមានអេស្ប៉ាញដែរ។ តែស្រាប់តែនៅថ្ងៃសៅរ៍ទី២៣ធ្នូ រដ្ឋាភិបាលអេស្ប៉ាញ បានប្រកាសខ្លួននឹងមិនចូលរួមក្នុងសម្ព័ន្ធភាពយោធានេះទេ។
អស់មួយសប្តាហ៍មកហើយ ដែលក្នុងជួរនយោបាយអេស្ប៉ាញ មានចម្ងល់និងការជជែកសួរដេញដោលគ្នា បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រកាសថាអេស្ប៉ាញស្ថិតក្នុងចំណោម១០ប្រទេស ដែលចូលរួមក្នុងសម្ព័ន្ធភាពយោធា ដើម្បីការពារសន្តិសុខតំបន់សមុទ្រក្រហម។ បន្ទាប់ពីបានស្ទាក់ស្ទើ ដោយទើសទាល់ ទីបំផុត រដ្ឋភិបាលអេស្ប៉ាញ បានចេញមុខប្រកាស អេស្ប៉ាញមិនចូលរួមនៅក្នុងសម្ព័ន្ធភាពនេះទេ។
យោងតាមលិខិតប្រកាស របស់ក្រសួងការពារជាតិអេស្ប៉ាញ ចេញផ្សាយនៅល្ងាចថ្ងៃសៅរ៍ ទី២៣ធ្នូ គឺរដ្ឋាភិបាលអេស្ប៉ាញ សូមបដិសេធមិនគាំទ្រគំនិតពង្រីកបេសសកម្ម Atalante ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ ដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពចោរសមុទ្រ ក្នុងមហាសមុទ្រឥណ្ឌាឡើយ។ សម្រាប់អេស្ប៉ាញ ប្រតិបត្តិការនេះ គឺមានគោលដៅកម្មវត្ថុ ខុសពីសម្ព័ន្ធភាពយោធា ដែលសហរដ្ឋអាមេរិកកំពុងតែបង្កើត នៅក្នុងតំបន់សមុទ្រក្រហម។ តែយ៉ាងណា ក្រសួងការពារជាតិអេស្ប៉ាញ ទទួលស្គាល់ថា សម្ព័ន្ធភាពយោធាការពារសន្តិសុខនាវាដឹកទំនិញ នៅតំបន់សមុទ្រក្រហម គឺត្រូវតែមានវិសាលភាពប្រតិបត្តិការ មធ្យោបាយ និងកម្មវត្ថុច្បាស់លាស់ដាច់ដោយឡែក ដែលអាចត្រូវបានសម្រេច ដោយស្ថាប័នមានសមត្ថកិច្ចនៃសហភាពអឺរ៉ុប។ ទន្ទឹមគ្នានេះ អេស្ប៉ាញនឹងមិនទៅរារាំងការបង្កើតសម្ព័ន្ធភាពនេះ ការចូលរួមរបស់ប្រទេសអឺរ៉ុបណាទេ។
ទាក់ទងសួរដោយទីភ្នាក់ងារព័ត៌មានបារាំង AFP នៅថ្ងៃអាទិត្យទី២៤ធ្នូ អ្នកនាំពាក្យក្រសួងការពារជាតិអេស្ប៉ាញ បានបញ្ជាក់ថា អេស្ប៉ាញនឹងមិនចូលរួមជាមួយអឺរ៉ុបទេ ក្នុងសម្ព័ន្ធភាពយោធាការពារសន្តិសុខក្នុងសមុទ្រក្រហម។ ដោយមិនបញ្ជាក់ពីហេតុផល ការប្រកែកពីសំណាក់អេស្ប៉ាញនេះ គឺបានធ្វើឡើង បន្ទាប់ពីលោកចូ បៃដិន បានទូរស័ព្ទទៅនិយាយជាមួយលោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ ប៉េដ្រូ សន់ឆែស កាលពីល្ងាចថ្ងៃសុក្រ។
យោងតាមការចុះផ្សាយ របស់បណ្តាញព័ត៌មានអេស្ប៉ាញ នៅថ្ងៃអាទិត្យ ការបដិសេធរបស់អេស្ប៉ាញ មិនចូលរួមក្នុងសម្ព័ន្ធភាពយោធាដែលអាមេរិកប្រកាសបង្កើតនេះ គឺអាចមកពីហេតុផលនយោបាយផ្ទៃក្នុង។ រដ្ឋាភិបាលរបស់លោក ប៉េដ្រូ សន់ឆែស ត្រូវការសំឡេងគាំទ្រក្នុងរដ្ឋាភិបាល ពីសំណាក់ក្រុមបក្សនយោបាយឆ្វេងនិយមជ្រុល។
លោកស្រី Yolanda Diaz មេដឹកនាំបក្សឆ្វេងនិយមជ្រុល និងជាអនុប្រធានរដ្ឋាភិបាលអេស្ប៉ាញ ធ្លាប់បាននិយាយបរិហារថា ពេលក្រុមប្រទេសលោកខាងលិច ចង់ប្រមូលផ្តុំគ្នាបង្កើតសម្ព័ន្ធភាពយោធាការពារសន្តិសុខផ្លូវសមុទ្រនៅតំបន់សមុទ្រក្រហម គឺគេអាចធ្វើបានភ្លាមៗ។ តែផ្ទុយទៅវិញ ពេលរឿងជួយការពារអាយុជីវិតប្រជាជនស៊ីវីលនៅហ្កាហ្សាវិញ គឺធ្វើមិនចេញទេ ទុកឲ្យអ៊ីស្រាអែលទម្លាក់គ្រាប់បែករហូតមកទល់ពេលនេះ។
សូមរំលឹកថា ប្រឈមនឹងការវាយប្រហារជាច្រើនដង ទៅលើនាវាដឹកទំនិញ នៅសមុទ្រក្រហម ពីសំណាក់ក្រុមហ៊ូទី យេម៉ែន លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកបានប្រកាស បង្កើតសម្ព័ន្ធភាពយោធាដើម្បីការពារសន្តិសុខតំបន់នេះ។ ក្នុងចំណោម១០ប្រទេសដែលចូលរួម ក៏មានអេស្ប៉ាញដែរ។ ភាគីអេស្ប៉ាញមានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីបាន់ឮដំណឹងនេះ។ លោកស្រី Pilar Alégria អ្នកនាំពាក្យរដ្ឋាភិបាលអេស្ប៉ាញ ធ្លាប់បានលើកឡើងថា អេស្ប៉ាញមានការប្រុងប្រយ័ត្នខ្ពស់ណាស់ មិនអាចចេះតែចូលរួមក្នុងសម្ព័ន្ធភាពយោធាមួយ ដោយអត្តនោម័តនោះទេ។
គួរកត់សំគាល់ដែរ ថាការបដិសេធពីភាគីអេស្ប៉ាញនាពេលនេះ បានចូលរួមធ្វើឲ្យទំនាក់ទំនងរវាង អេស្ប៉ាញ និងសហរដ្ឋអាមេរិកកាន់តែល្អក់កករ។ ថ្មីនេះៗ អេស្ប៉ាញបានបណ្តេញដោយស្ងាត់ៗ នូវភ្នាក់ងាចារកិច្ចអាមេរិក២នាក់ ដែលបានប៉ុនប៉ង អូសទាញមន្ត្រីចារកិច្ចអេស្ប៉ាញ២នាក់ ឲ្យធ្វើការប្រមូលព័ត៌មានឲ្យខ្លួន។ យ៉ាងណាក៏ដោយ នៅក្នុងលិខិតប្រកាសរបស់ខ្លួន ក្រសួងការពារជាតិអេស្ប៉ាញអះអាងថា អេស្ប៉ាញនឹងនៅតែជាសម្ព័ន្ធមិត្តជាទីទុកចិត្ត នៃបេសកកម្មយោធាក្នុងក្របខណ្ឌអឺរ៉ុប អូតង់ និងអង្គការសហប្រជាជាតិ៕