កីឡាជាតិ
ជាតិ
ជួន ចាន់ចាវ និង ញាណ សុស៊ីដាន នឹងអវត្តមានពីការប្រកួតមិត្តភាពជាមួយកាតា ដោយសារបញ្ហារបួស
25, Dec 2023 , 7:59 pm        
រូបភាព
កីឡាករ ជួន ចាន់ចាវ រូបពី Cambodian Premier Leauge
កីឡាករ ជួន ចាន់ចាវ រូបពី Cambodian Premier Leauge
លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ថា ជួន ចាន់ចាវ និង ញាណ សុស៊ីដាន នឹងអវត្តមានក្នុងការប្រកួតមិត្តភាពជាមួយ ក្រុមជម្រើសជាតិកាតា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដោយសារតែបញ្ហារបួស។ អ្នកចាត់ការក្រុមរូបនេះ បានបន្ថែមថា អវត្តមានកីឡាករ ២រូបនេះ នឹងជំនួសដោយ លឹម អារុណរ៉េយមិន និង ហួត វ៉ាន់ណេត។

កីឡាករ ជួន ចាន់ចាវ ខ្សែការពារក្រុមភ្នំពេញក្រោន របួសកជើងយ៉ាងធ្ងន់ធ្ងរ ក្នុងការប្រកួតជាមួយ អាយ អេស អាយ ដង្កោសែនជ័យ នៅដើមតង់ទី២ នាទី៤៧ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅកីឡដ្ឋាន AIA KHM Park។ បញ្ហារបួសនេះ​កើតឡើង នៅពេលដែល ខ្សែការពាររូបនេះ រត់ទៅទាត់បាល់ផ្ដាច់ចេញទៅក្រៅពីជើង ខ្សែប្រយុទ្ធរបស់ អាយ អេស អាយ ដង្កោសែនជ័យ ហើយភ្លាត់«កជើង»យ៉ាងធ្ងន់ធ្ងរ។
 
នៅយប់ដដែលនោះ ក្លិបភ្នំពេញក្រោន បានបញ្ជូន ជួន ចាន់ចាវ ទៅវះកាត់ជាបន្ទាន់ ហើយការវះកាត់នោះបានជោគជ័យ។ ដោយឡែក ពេលវេលាក្នុងសម្រាកព្យាបាលនោះ ក្លិបភ្នំពេញក្រោន មិនទាន់បានបញ្ជាក់នៅឡើយទេ។
  
ញ៉ាណ សុស៊ីដាន ពាក់ឈុតក្រហម រូបពី Cambodian Premier League

រីឯ ខ្សែបម្រើប្រយុទ្ធក្លិបកងយោធពលខេមរភូមិន្ទ កីឡាករ ញាណ សុស៊ីដាន បានរងរបួសជង្គង់ ហើយត្រូវការសម្រាកព្យាបាល។ ម្យ៉ាងវិញទៀត ខ្សែប្រយុទ្ធរូបនេះ បានធ្វើការយ៉ាងខ្លាំងនាជំនួបក្លិបបឹងកេត នៅពហុកីឡដ្ឋានស្ដាតចាស់ កាលពីថ្ងៃទី២៣ ខែធ្នូ  ដែលជាហេតុធ្វើរបួសជង្គង់នោះ កាន់តែធ្ងន់ធ្ងរ។ នាការប្រកួតជាមួយបឹងកេតនោះ ញាណ សុស៊ីដាន ត្រូវប្ដូរចេញនៅនាទី៦៤ និងជំនួសដោយកីឡាករ Lucas Massaro Garcai។ 
 
តាមការបញ្ជាក់របស់លោក ឈូក ពិសិដ្ឋ អវត្ដមានរបស់កីឡាករ ២រូបខាងលើនេះ គឺមាន លឹម អារុណរ៉េយមិន ជំនួសកីឡាករ ញាណ សុស៊ីដាន ហើយ ហួត វ៉ាន់ណេត ជំនួយកីឡាករ ជួន ចាន់ចាវ។
 
គួរបញ្ជាក់ថា កីឡាករ ២៤រូប ដែលត្រូវចូលរួមប្រកួតមិត្តភាពជាមួយ ក្រុមជម្រើសជាតិកាតា នាថ្ងៃទី៣១ ខែធ្នុ ឆ្នាំ២០២៣ មានដូចជា៖ លឹម អារុណរ៉េយមិន, គង់ លីហួរ, ផាន សុផេន, ឃាន់ សុបិន, សុះ ស៊ូហាណា, ជា ច័ន្ទដារ៉ា, ម៉ាត់ នូរុណ, វ៉ាន់ តៃឡាម៉ី, ចន្ថា ចន្ទាកា, សឿយ វិសាល, ថេឡរ នីកូឡាស់ ឌឿង, វីរៈ ដារ៉ា, សារ៉េត គ្រីយ៉ា, យូឌៃ អូកាវ៉ា, អ៊ុំ វិចិត្រ, ឡុង ភារ៉ាត់, ហួត វ៉ាន់ណេត, ហ៊ុល គីមហ៊ុយ, សារ ទី, ស រតនា, ស៊ិន កក្កដា, ស៊ិន សុផាណាត់ និងកែម វ៉ាន់ដា៕
 

Tag:
 បាល់ទាត់
  ជួន ចាន់ចាវ
  ញាណ សុស៊ីដាន
© រក្សាសិទ្ធិដោយ thmeythmey.com