ជាតិ
នាយករដ្ឋមន្រ្តី ចាត់ទុកទិន្នន័យ ជាផែនទីសំខាន់ សម្រាប់រៀបចំគោលនយោបាយ ដោយមិនប្រថុយប្រថាន
26, Dec 2023 , 11:00 am        
រូបភាព
ទិន្នន័យជំរឿនសេដ្ឋកិច្ចដើរតួនាទីសំខាន់ក្នុងការជួយរាជរដ្ឋាភិបាល នៅក្នុងដំណើរការរៀបចំគោលនយោបាយ ដោយឆ្លុះបញ្ចាំងឱ្យឃើញស៊ីជម្រៅទៅក្នុងសុខភាពសេដ្ឋកិច្ច។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៦ ធ្នូនេះ។

សម្ដេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ទិន្នន័យជំរឿនសេដ្ឋកិច្ច ជួយកំណត់កាលានុវត្តភាពសម្រាប់កំណើន និងការរៀបចំតាក់តែងគោលនយោបាយនានា ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពសម្រាប់ការអភិវឌ្ឍ ព្រមទាំងជួយរាជរដ្ឋាភិបាលឱ្យយល់ដឹង ពីតម្រូវការជាក់លាក់តាមវិស័យ។ ជាពិសេស បែងចែកធនធានប្រកបដោយប្រសិទ្ធភាព, កំណត់វិធានការអន្តរាគមន៍នានាតាមមុខសញ្ញា និងតាមដានត្រួតពិនិត្យវឌ្ឍនភាពឆ្ពោះទៅរកគោលដៅ អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។
 
ប្រមុខរដ្ឋាភិបាល ឱ្យតម្លៃលើការប្រមូលទិន្នន័យ និងព័ត៌មានគ្រប់ជ្រុងជ្រោយណាស់ ព្រោះទិន្នន័យជួយឱ្យការវិភាគការងារទាំងឡាយបានច្បាស់លាស់ និងមិនប្រថុយប្រថាន។ «ទិន្នន័យ គឺសំខាន់ណាស់ ព្រោះជាផែនទី និងជាត្រីវិស័យសម្រាប់យើង ហើយបើយើងមិនមានទិន្នន័យ យើងច្បាស់ជាស្ថិតក្នុងស្ថានភាពវង្វេងផ្លូវ ។ ជាមួយនឹងទិន្នន័យច្បាស់លាស់ គឺជួយយើងឱ្យសម្រេចចិត្តបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ហើយក៏ជាមូលដ្ឋានក្នុងការព្យាករណ៍អំពីការប្រែប្រួលក្នុងពេលអនាគត សំដៅឈានទៅកំណត់អំពីទិសដៅ សកម្មភាព និងគោលនយោបាយនានា ដោយមិនប្រថុយប្រថាន និងអាចសម្រេចបានលទ្ធផលខ្ពស់ »។ នេះបើតាមនាយករដ្ឋមន្រ្តី។

ត្រង់ចំណុចនេះសម្ដេច ហ៊ុន ម៉ាណែត បានស្នើឱ្យក្រសួងផែនការ ប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ចនេះឱ្យទៅជាព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ ដើម្បីជាធាតុចូលរឹងមាំសម្រាប់ក្រសួង-ស្ថាប័ន ប្រើប្រាស់ក្នុងការងាររៀងៗខ្លួន ។ ជាពិសេសសម្រាប់ការរៀបចំគោលនយោបាយដោយផ្អែកលើភស្តុតាង និងព័ត៌មាននេះ ។
 
ជាមួយគ្នានេះ សម្ដេច ជំរុញឱ្យក្រសួងផែនការដែលមានវិទ្យាស្ថានជាតិស្ថិតិជាសេនាធិការ ត្រូវបន្តលើកកម្ពស់ការងារជំរឿនសេដ្ឋកិច្ច និងការអង្កេតសំខាន់ៗពាក់ព័ន្ធនានា ដោយធានាឱ្យបាននូវការប្រមូល ទិន្នន័យដែលមានលក្ខណៈជាតំណាងពិតប្រាកដ នៃបញ្ហា ដើម្បីសិក្សាស្វែងយល់ និងជាប្រយោជន៍ សម្រាប់ធាតុចូល ដល់ការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ 
 
ដោយឡែកក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមសហការជាមួយក្រសួងផែនការក្នុងការធ្វើជំរឿន និងការអង្កេតចាំបាច់នានា ។ បន្ថែមពីនេះក្រសួងផែនការ ត្រូវបន្តបង្កើនសមត្ថភាពមន្ត្រីរបស់ខ្លួនជាប្រចាំជាប់មិនដាច់សម្រាប់ការងារអង្កេត និង ជំរឿនចាំបាច់នានា ព្រមទាំងការងារប្រែក្លាយទិន្នន័យឱ្យទៅជាព័ត៌មាន គ្រប់គ្រាន់ សម្រាប់រាជរដ្ឋាភិបាលប្រើប្រាស់ទាន់ពេល ។ នេះបើតាមនាយករដ្ឋមន្ត្រី។
 
ប្រមុខរដ្ឋាភិបាល បន្ថែមថា ក្រសួងផែនការ ត្រូវរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ទាក់ទាញ និងកៀរគរ ធនធានមនុស្សដែលមានទេពកោសល្យខ្ពស់ខាងផ្នែកស្ថិតិ និង ការវិភាគស្ថិតិ ទាំងក្នុងស្រុក និង ពីបរទេស សម្រាប់ការងារដ៏សំខាន់របស់ក្រសួង។ ជាពិសេសធ្វើវិភាជន៍ឡើងវិញ នៃធនធានមនុស្សដែលមានស្រាប់ ឱ្យចំជំនាញ ឬ ក្បែរជំនាញឯកទេស នឹងជួយបង្កើនប្រសិទ្ធភាព និងផលិតភាពការងារ។

Tag:
 សេដ្ឋកិច្ច
  ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com