អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ុយក្រែនទទួលបានប្រាក់កម្ចី និងជំនួយសរុប ១,៣៤ ពាន់លានដុល្លារពីធនាគារពិភពលោក
26, Dec 2023 , 2:49 pm        
រូបភាព
រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន លោក Serhiy Marchenko (ក្នុងរង្វង់)។ រូបភាព AFP
រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន លោក Serhiy Marchenko (ក្នុងរង្វង់)។ រូបភាព AFP
រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន លោក Serhiy Marchenko នៅថ្ងៃទី២៥ ខែធ្នួ បានលើកឡើងថា អ៊ុយក្រែនទទួលបាន​ថវិកាជំនួយ និងកម្ចីចំនួន ១,៣៤ ពាន់លានដុល្លារពីការចំណាយ សាធារណៈរបស់ធនាគារពិភពលោកសម្រាប់ការជួយទប់ទល់ដល់ប្រព័ន្ធរដ្ឋបាលនៅប្រទេសដែលរងដោយសង្គ្រាមមួយនេះ។

ក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន ការផ្តល់ហិរញ្ញប្បទាន​ចំនួន ១,៣៤ ពាន់លានដុល្លារួមមាន ប្រាក់កម្ចីចំនួន ១,០៨៦ ពាន់លានដុល្លារពីធនាគារពិភពលោក, ជំនួយចំនួន ១៩០ លានដុល្លារពីន័រវេស, ជំនួយចំនួន ៥០ លានដុល្លារពីអាម៉េរិក និងជំនួយ ចំនួន ២០ លានដុល្លារពីស្វ៊ីស។
 
«ជំនួយហិរញ្ញវត្ថុអន្តរជាតិ ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់អ៊ុយក្រែនហើយអនុញ្ញាតឱ្យយើងផ្តល់អាទិភាពដល់ការចំណាយសម្រាប់សង្គមក្នុងអំឡុងពេលសង្រ្គាម»។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន លោក Serhiy Marchenko សង្កត់ធ្ងន់បែបនេះ។ 
 
ក្រសួងហិរញ្ញវត្ថុ បានកត់សម្គាល់ផងដែរថា មូលនិធិនឹងត្រូវបានប្រើដើម្បីទូទាត់សងមួយផ្នែក សម្រាប់ការចំណាយដែលមិនទាក់ទងនឹងសន្តិសុខ និងការពារជាតិនៃថវិកាអ៊ុយក្រែនរួម ទាំងប្រាក់សុខមាលភាពសង្គមសម្រាប់មនុស្សចាស់ និងការបង់ប្រាក់ដល់បុគ្គលិកនៃសេវា សង្គ្រោះបន្ទាន់របស់រដ្ឋ។
 
គួរបញ្ជាក់ថា អ៊ុយក្រែនបានចាប់ផ្ដើមងើបឡើងពីសង្គ្រាមវិញដោយមាន ការកសាង ហេដ្ឋារចនាសម្ព័ន្ធ និងការជួសជុលប្រព័ន្ធរដ្ឋជាដើម ខណៈការវាយប្រហារនៅតំបន់ខ្លះ នៅមាននៅឡើយ។ នៅក្នុងតំបន់Saltivka នៃទីក្រុង Kharkiv ទទួលបានមូលនិធិពីរដ្ឋាភិបាល ជប៉ុន ដែលការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) កំពុងធ្វើ ការ ដើម្បីស្តារតំបន់ខ្នាតតូចសម្រាប់លំនៅដ្ឋានឡើងវិញ៕
 

Tag:
 ធនាគារពិភពលោក
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com