ជាតិ
ក្រសួង​ព័ត៌មានគ្រោង​រៀបចំពានរង្វាន់មហោស្រព តន្ត្រី​ និងចម្រៀង​​កុមារ
26, Dec 2023 , 3:24 pm        
រូបភាព
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ត្រា កាលពីថ្ងៃទី​២៥ ខែ​ធ្នូ បាន​ដឹកនាំ​កិច្ច​ប្រជុំគណៈកម្មការរៀបចំមហោស្រព តន្ត្រី និង​ចម្រៀង​កុមារ​ ពាន​រង្វាន់​ក្រសួង​ព័ត៌មាន។ បើតាមអ្នកនាំពាក្យ​ក្រសួង មហោស្រព​នេះ នឹងជាផ្នែកមួយ​នៃការ​អបអរទិវាកុមារអន្តរជាតិ​ឆ្នាំ​២០២៤។

ក្នុងកិច្ច​ប្រជុំ លោក នេត្រ ភក្ត្រា ដែលជាប្រធានគណៈកម្មការរៀបចំមហោស្រព ផងដែរនោះ បាន​ជំរុញឱ្យមាន​ការ​ផ្សព្វផ្សាយ​ទូលំទូលាយ​ ដើម្បីទាក់ទាញ​ការ​ចូល​រួមពី​សាធារណជន បណ្តាអង្គការ​ជាតិ អន្តរជាតិ និង​ដៃគូ​ឧបត្ថម្ភ ព្រោះ​វាជាការលើកទឹកចិត្ត​កុមារ​កម្ពុជាក្នុង​ការបង្ហាញ​សមត្ថភាព​ពិត​របស់ខ្លួន ដូចជាភាពអង់អាចក្លាហាន ទេពកោសល្យ និងស្នាដៃ សម្រាប់ផ្តល់ជាគំរូល្អដល់កុមារដទៃទៀត។
 
អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​បញ្ជាក់ថា រាល់​ការ​បញ្ចេញ​សមត្ថភាព​ច្រៀង និង​សម្តែង​សម្រាប់ការប្រកួត​យកជ័យលាភី ត្រូវភ្ជាប់ភ្ជាប់ជាមួយអត្ថន័យ និងគោលបំណងអប់រំ ការបណ្តុះគំនិតនិងសីលធម៌ល្អសម្រាប់កុមារ ជាពិសេសការលើកកម្ពស់សិទ្ធិរបស់កុមារ  ការលុបបំបាត់អំពើកេងប្រវ័ញ្ចលើកុមារ  ការលុបបំបាត់ការសេពគ្រឿងញៀន  ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ តម្លៃនៃចំណេះវិជ្ជា សុជីវធម៌និងការរស់នៅក្នុងសង្គម ។ 
 
ការប្រឡងតន្ត្រី និងចម្រៀងកុមារបានប្រារព្ធ ធ្វើឡើងចាប់ពីពាក់កណ្តាលទសវត្សឆ្នាំ១៩៨០ ដោយទូរទស្សន៍ជាតិកម្ពុជា ហើយ​ក្រោយមក មហោស្រពតន្ត្រីនិងចម្រៀង កុមារ ត្រូវបានរៀបចំដោយក្រសួងព័ត៌មាន ដោយរួម​សហការជាមួយ ក្រសួងពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជននានា ។
 
គណៈកម្មការរៀបចំមហោស្រព នឹងរៀបចំកិច្ចប្រជុំបន្តទៀតដើម្បីពិភាក្សា និងកសាង​ផែនការលម្អិត​ មុន​ឈាន​ដល់​ការកំណត់​កាល​បរិច្ឆេទ ក៏ដូចជា​ទីតាំង​ប្រកួត​ប្រជែង៕ 
 

Tag:
 សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com