ជាតិ
មេគយ៖ បទល្មើសសាច់សត្វ ត្រូវបន្តបង្រ្កាប តែមិនអាចបិទការនាំចូលសាច់បង្កកស្របច្បាប់ទេ
26, Dec 2023 , 8:29 pm        
រូបភាព
ភ្នំពេញ៖ គយ នៅតែបង្រ្កាបផលិតផលសាច់ខុសច្បាប់ និងខូចគុណភាពដដែល ប៉ុន្តែ មិនអាចបិទការនាំចូលសាច់បង្កកស្របច្បាប់នោះទេ ព្រោះជាពាណិជ្ជកម្មសេរី។ នេះជាការឆ្លើយតបរបស់ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទៅនឹងសំណើររបស់វិស័យឯកជន ដែលចង់ឱ្យផ្អាក នាំចូលសាច់បង្កកមួយរយៈ ដើម្បីស្ដារលទ្ធភាពវិស័យចិញ្ចឹមសត្វក្នុងស្រុកឡើងវិញ។

នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់វេទិកាផ្សព្វផ្សាយវិធានការ សម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ កាលពីថ្ងៃទី២៥ ខែធ្នូ លោក គុណ ញឹម បានអះអាងថា កន្លងទៅ គយបានបើកឱ្យមានការនាំចូលសាច់ជាច្រើនពីបរទេស ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ជាពិសេស ទប់ស្កាត់កុំឲ្យកើតមានអតិផរណាសាច់។
 
ចំណែក អ្នកចិញ្ចឹមក្នុងស្រុកវិញ គិតគូរតែផលប្រយោជន៍ នៃអាជីវកម្មរបស់ពួកគេប៉ុណ្ណោះ ផ្ទុយពី រដ្ឋាភិបាល ដែលត្រូវគិតគូរដល់អ្នកបរិភោគ និងពាណិជ្ជកម្ម។ ដូច្នេះ ប្រសិនបើ ការចិញ្ចឹមសត្វមិនគ្រាប់គ្រាន់ ឬគ្មានការផលិត ត្រូវតែបើកឱ្យមានការនាំចូល។ លោក គុណ ញឹម និយាយបែបនេះ។
 
លោក ថ្លែងដូច្នេះថា៖« អ្នកចិញ្ចឹមសត្វ គឺនៅតែចិញ្ចឹមសត្វទៀតទៅ ប៉ុន្តែ មិនអាចទៅវាយប្រហារអ្នកនាំចូលសាច់នោះទេ។ មិនមែនឱ្យតែម្ខាងរស់ (អ្នកចិញ្ចឹមសត្វ) ហើយចុងក្រោយប៉ះពាល់ដល់អ្នកហូបសាច់ជាង១០លាននាក់នោះទេ ដូច្នេះ ត្រូវធ្វើយ៉ាងឱ្យមានតុល្យភាពរវាងអ្នកហូប, អ្នកចិញ្ចឹម និងអ្នកនាំចូល»។
 
សាច់បង្កក ដែលចូលមកកម្ពុជា ភាគច្រើនចេញពី ឥណ្ឌា ប្រេស៊ីល អូស្រ្តាលី អាម៉េរិក និងជប៉ុន ជាដើម។ ការនាំសាច់បង្កកទាំងនេះ គឺដើម្បីបម្រើឱ្យសណ្ឋាគារ និងភោជនីយដ្ឋាននានា​ នៅកម្ពុជា។ 
 
ការនាំចូលសាច់បង្កកនៅពេលនេះ គឺជាការធ្វើទីផ្សារសេរី តាមវិធានដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោក។ ហេតុនេះ កម្ពុជាមិនអាចហាមឃាត់ការនាំចូលទាំងនេះទេ ព្រោះថា វាជាការផ្លាស់ប្ដូរពាណិជ្ជកម្ម រវាងគ្នា និងគ្នា។ ករណីនេះ លោក គុណ ញឹម ថា ត្រូវថ្លឹងថ្លែងឱ្យច្បាស់លាស់ មុននឹងដាក់ចេញវិធានការនីមួយៗ។  
 
លោក ថ្លែងបន្ថែមថា៖‍«យើងមិនអាចហាមឃាត់ការនាំចូលសាច់បង្កក ងាយៗនោះទេ​ ព្រោះការធ្វើពាណិជ្ជកម្ម វាមានទៅ មានមក ដូច្នេះ គេនាំមកយើង យើងក៏នាំចេញទៅគេដែរ។ ប្រសិនបើ យើងដាក់វិធានការហាមឃាត់ការនាំចូលពីគេ ក្រែងលោគេលើកវិធានការហាមឃាត់យើងដែរ ហើយវាអាចក្លាយទៅជាវិវាទពាណិជ្ជកម្ម ដូច្នេះ ពេលខ្លះត្រូវថ្លឹងថ្លែងខ្លាំងណាស់ មុននឹងដាក់ចេញវិធានការនីមួយៗ»។ 
 
តែយ៉ាងណា អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏សម្រេចកែសម្រួលនូវលក្ខខណ្ឌនៃការនាំចូលសាច់បង្កកមួយចំនួនផងដែរ ដើម្បីងាយស្រួលគ្រប់គ្រង និងធានាបានគុណភាពសាច់នាំចូល។ បើតាមលោក គុណ ញឹម នៅក្នុងលក្ខខណ្ឌ តម្រូវឈ្មួញនាំចូលមានឃ្លាំងត្រជាក់ ដើម្បីធានាដល់គុណភាពនៃសាច់បង្កក, អ្នកនាំចូល ត្រូវបញ្ជាក់អំពីអាជីវកម្មច្បាស់លាស់ ដើម្បីផ្ដល់ភាពងាយស្រួលដល់ការគ្រប់គ្រងការនាំចូល។ 
 
អនុក្រឹត្យ១៧ បានចែងច្បាស់ថា សាច់បង្កកដែលនាំចូលមកកម្ពុជាបាន គឺមា​នត្រឹមតែវិញ្ញាបនបត្រ សុខភាពសត្វ ឬសាច់ ដែលចេញដោយប្រទេសនាំចេញប៉ុណ្ណោះ។ ប៉ុន្តែពេលនេះ ការនាំចូលសាច់ទាំងអស់ តម្រូវឱ្យមានការស្នើសុំលិខិតអនុញ្ញាតពីក្រសួងកសិកម្ម។ ជាមួយគ្នានេះ គយ ជំរុញឱ្យអ្នកនាំចូល ប្រើប្រាស់ប្រព័ន្ធ«បញ្ចូលតែមួយជាតិ» សម្រាប់សម្រួលដល់ការស្នើសុំការលិខិតអនុញ្ញាតលឿនរហ័ស។ 
 
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី២៦ ខែធ្នូនេះថា លោក មិនពេញចិត្តចំពោះការកែតម្រូវអនុក្រឹត្យ និងការលើកឡើងរបស់ គុណ ញឹម ប្រធានអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាសន្និសីទសារព័ត៌មាន «ក្រោយបញ្ចប់វេទិកាផ្សព្វផ្សាយវិធានការ សម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ» កាលពីថ្ងៃទី២៥ ខែធ្នូ នោះទេ។
 
លោកថា បញ្ហាចំពោះមុខ ចាំបាច់ឱ្យមានការផ្អាកនាំចូលសាច់បង្កកមួយរយៈ ដើម្បីពង្រឹងទីផ្សារ និងតម្លៃឡើងវិញ។ ប៉ុន្តែ នៅក្នុងអនុក្រឹត្យលេខ១៧ ដែលបានកែដោយគយនោះ គឺត្រូវចូលជាធរមាន នៅខែឧសភា ឆ្នាំ២០២៤ ឯណោះ។ នៅចន្លោះខែធ្នូ ដល់ឧសភា ខាងមុខ លោក ស្រ៊ុន មិនរំពឹងថា កសិករអាចទប់ទល់នឹងការខាតបង់ជាប់នោះទេ ខណៈសាច់បង្កកនៅតែបន្តហូរចូល ហើយសាច់ក្នុងស្រុកនៅតែកក់ស្ទះ គ្មានទីផ្សារដដែល។
 
លោក ប្រាប់ដូច្នេះថា៖‍«អនុក្រឹត្យនឹងចូលជាធរមាននៅខែឧសភា។ ដូច្នេះ ពីថ្ងៃនេះ រហូតដល់៥ខែទៀត តើឱ្យកសិករយើងរំពឹងអ្វី បើសាច់បង្កកនៅពេញឃ្លាំង ហើយនៅតែបន្តនាំចូលទៀត គ្មានអ្នកណាអនុវត្ត»។
 
នៅក្នុងសន្និសីទសារព័ត៌មាន លោក គុណ ញឹម បានលើកឡើងថា សាច់បង្កកដែលនាំចូលមកកម្ពុជា សុទ្ធសឹងតែស្របច្បាប់ និងគុណភាពល្អ។ ប៉ុន្តែ បើតាម លោក ស្រ៊ុន ពៅ ចុះទៅពិនិត្យនៅតាមឃ្លាំងមួយចំនួន ឃើញថា មានសាច់ខ្លះហួសថ្ងៃកំណត់ ខូចគុណភាព និងខ្លះមានលាយសារធាតុគីមី។
 
ជុំវិញករណីនេះ ត្រូវបានលោក គុណ ញឹម ថា មកពីមានជនឆ្លៀតឱកាសលួចនាំចូលដោយគ្មានច្បាប់។ ជុំវិញបញ្ហានេះ លោក បានបញ្ជាក់ជំហរបង្រ្កាបផលិតផលសាច់ខុសច្បាប់ និងខូចគុណភាពដដែល ប៉ុន្តែ មិនអាចបិទការនាំចូលសាច់បង្កកស្របច្បាប់នោះទេ ព្រោះជាពាណិជ្ជកម្មសេរី។
 
តែយ៉ាងណា លោក ស្រ៊ុន ពៅ ហាក់មិនសូវជឿជាក់លើចំណាត់ការបង្ក្រាបសាច់បង្កកនាំចូលកម្ពុជាឡើយ​ ។ លោកប្រាប់ដូច្នេះថា៖« គាត់មានប្រសាសន៍ថា (លោក គុណ ញឹម) សាច់បង្កកដែលចូលមកនេះ សុទ្ធតែត្រឹមត្រូវ។ ប៉ុន្តែ នៅពេលប្រជាពលរដ្ឋ ក៏ដូចជាខ្ញុំផ្ទាល់ ចុះទៅពិនិត្យដល់ឃ្លាំងមួយចំនួន ឃើញថា មានសាច់ខ្លះហួសថ្ងៃកំណត់ ខ្លះខូចគុណភាព និងខ្លះមានលាយសារធាតុគីមី។ ប៉ុន្តែ លោក គុណ ញឹម ថាមានអ្នកបន្លំ នាំចូល។ ទាំងនេះហើយ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកចិញ្ចឹម និងបរិភោគ»។
 
ទោះជាយ៉ាងណា លោក ស្រ៊ុន ពៅ មិនរំពឹងលើមន្រ្តីថ្នាក់ក្រោមដោះស្រាយរឿងសាច់បង្កកនោះទេ ដោយអំពាវនាវឱ្យ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជួយអន្តរាគមន៍៕  
 
 
 
 
 
 
 
 
  
 
 

Tag:
 គុណ ញឹម
  សាច់បង្កក
  គយ
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com