RFI
សុខភាព
អន្តរជាតិ
កីឡា​ យុវវ័យ និង​ជំងឺ​ធ្លាក់​ទឹក​​​ចិត្ត
27, Dec 2023 , 8:29 am        
រូបភាព
នៅសាលាWellspring ប្រយុទ្ធប្រឆាំងនឹងជំងឺធាត់ជ្រុល កីឡាជាមុខវិជ្ជាចាំបាច់សម្រាប់សិស្សានុសិស្ស។ Getty images
នៅសាលាWellspring ប្រយុទ្ធប្រឆាំងនឹងជំងឺធាត់ជ្រុល កីឡាជាមុខវិជ្ជាចាំបាច់សម្រាប់សិស្សានុសិស្ស។ Getty images
ដោយ៖អៀង សុខម៉ិញ
ប្រសិន​បើ​យើង​ចង់​ថែរក្សា​សុខភាព និង​ការពារមិន​ឱ្យ​កើត​ ឬ​មិន​ឱ្យ​ជំងឺ​ខ្លះ​ មាន​ជាអាទិ៍​ជំងឺ​ផ្លូវ​ចិត្ត​ ធ្លាក់​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ​បាន ត្រូវ​ធ្វើ​តាម​អនុសាសន៍​ណែនាំ​របស់​គ្រូពេទ្យ ដែល​មាន​តាំងពី​ការ​ប្តូរ​ទម្លាប់​អាក្រក់​ ទៅ​ប្រកាន់​យក​ទម្លាប់​ល្អ ឬ​ត្រូវ​ចៀសវាង​ទម្លាប់​មួយ​ចំនួន​។ ទម្លាប់​ដ៏​ល្អ​មួយ​សម្រាប់ទ្រទ្រង់ និង​ការ​ពារ​​​សុខភាព​នោះ ​គឺ​ការ​​ប្រកាន់ទម្លាប់ធ្វើ​ចលនា​​បញ្ចេញ​កម្លាំង​កាយ​សម្បទា​។ នេះ​ហើយ​ជា​ប្រធានបទ​នៃ​កម្មវិធី​សុខភាពថ្ងៃ​នេះ។​​

កីឡា​នាំ​មក​នូវ​សុខភាព​ល្អ នេះ​ជា​ពាក្យ​ស្លោក​ដែល​គ្មាន​នរណា​អាច​បដិសេធ​ប្រឆាំង​បាន​ទេ។ ប៉ុន្តែ​គេ​កម្រ​និយាយ​ណាស់ អំពី​ផលវិបាក​នៃ​ការ​មិន​ធ្វើ​កីឡា​សោះ​ សម្រាប់​សរីរាង្គ​កាយ។

អង្គការ​សុខភាពពិភពលោក​ បាន​គណនា​ឃើញ​ថា នៅ​រវាង​ពី​ឆ្នាំ​២០២០ ទៅ​២០៣០ នឹង​មាន​មនុស្ស​៥០០លាន​នាក់​នៅលើ​ពិភពលោក ​កើត​ជំងឺ​បេះដូង ទឹកនោម​ផ្អែម ធាត់​ជ្រុល និង​ជំងឺ​មិន​ឆ្លង​ផ្សេង​ទៀត ដែល​បង្ក​ឡើង​ដោយ​ហេតុ​តែ​ស្រណុក​ជ្រុល​ពេក។ មាន​ន័យ​ថា ក្នុង​មួយ​ឆ្នាំៗ ពិភពលោកត្រូវ​​ចំណាយ​ប្រាក់​ជាង​២៧​ពាន់​លាន​ដុល្លារ សម្រាប់​ព្យាបាល​ជំងឺ​ស្រណុក​ជ្រុល ដែល​អាច​បញ្ចៀស​បាន​ដោយ​ប្រើ​មធ្យោបាយ​ដ៏​សាមញ្ញ​មួយ គឺ​ធ្វើ​ចលនា​បញ្ចេញ​កម្លាំង​កាយ​សម្បទា។





 
តាំងពី​ឆ្នាំ​២០០០​មក ពេល​វេលា​ដែល​យើង​ត្រូវ​ចំណាយ​កម្លាំង​មិន​បាន​កើន​ឡើង​សោះ។ យ៉ាង​ហោច​ ១ម៉ឺន​ជំហាន ក្នុង​មួយ​ថ្ងៃ​ កម្រ​ត្រូវ​បាន​គេ​ស្វាគមន៍​ណាស់។ ​ជា​មធ្យម មនុស្ស​ប្រុស​ម្នាក់ ក្នុង​ចំណោម​បួន​នាក់ និង​ស្ត្រីបី​នាក់​ក្នុង​ចំណោម​​១០នាក់ មិនបាន​​ធ្វើចលនា​គ្រប់តាម​​ម៉ោងដ៏​ទាបបំផុត ដែល​កំណត់​ដោយ​អង្គការ​សុខភាព​ពិភពលោកទេ។ ​
 
កាន់​តែ​ភ្ញាក់​ផ្អើល​ទៅទៀត គឺ​តួលេខ​នៃ​ភាពអសកម្ម​របស់​​ក្មេង​ជំទង់។ បើ​តាម​អង្គការ​សុខភាពពិភពលោក ក្មេង​ជំទង់ចំនួន​ ៨៥%​ មិន​បាន​បញ្ចេញ​ចលនា​​គ្រប់គ្រាន់​ទេ​។ ក្នុង​មួយ​ថ្ងៃៗ ក្មេង​កំពុង​ពេញវ័យ​​ត្រូវការ​បញ្ចេញ​​​កម្លាំងធ្វើ​កីឡា​ យ៉ាង​ហោច​មួយ​ម៉ោង។ ប៉ុន្តែ ដោយ​ជាក់​ស្តែង ​មានក្មេង​ជំទង់អាយុ​ពី​៦​ទៅ​១៧​ឆ្នាំ ​ភេទ​ប្រុស​ពាក់​កណ្តាល​ និង​​​ភេទ​ស្រី​ ​ មួយ​ភាគ​បី​ប៉ុណ្ណោះ​បាន​ធ្វើ​ចលនា​គ្រប់​គ្រាន់​ តាម​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក​។ អ្នក​ស្រាវជ្រាវ​បារាំង​ពន្យល់ថា ការ​ឡើង​ខ្លួនជា​កម្លោះក្រមុំ​​ ជា​កត្តា​សំខាន់​មួយដែល​មក​បញ្ចុះ​សកម្មភាព​របស់​ក្មេង​ជំទង់​ទាំងពីរ​ភេទ តែ​​ក្មេង​ស្រី​លែង​សូវ​បញ្ចេញ​ចលនា​ គួរ​ឱ្យ​កត់​សម្គាល់​ខ្លាំង​ជាង។ ជា​តួលេខ ក្មេង​ប្រុស​ ​​ចំនួន​៧០% ក្មេងស្រី​​៥៦% ធ្វើ​ចលនា​គ្រប់គ្រាន់ នៅ​អាយុពី​៦ទៅ​១០ឆ្នាំ ទល់​នឹង​​៣៤%​សម្រាប់​ក្មេងប្រុស និង​២០%សម្រាប់​​ក្មេង​ស្រី​ នៅពេល​ចូល​ដល់​អាយុ​១១-១៤​ឆ្នាំ និង​ត្រឹម​តែ​១៦%សម្រាប់​ក្មេង​ស្រី​នៅអាយុ​១៥-១៧​ឆ្នាំ (ក្មេង​ប្រុស​៤០%)។ ហេតុ​អ្វី បាន​ជា​តួលេខ​នៃ​ក្មេង​ធ្វើ​កីឡា​ ខុស​គ្នា​ឆ្ងាយ​ខ្លាំង​ម្ល៉េះ​រវាង​ក្មេង​ស្រី​និង​ក្មេង​ប្រុស​ ? ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញថា​មក​ពី ក្មេង​ស្រី មិន​ត្រូវ​ចាប់​អារម្មណ៍​រឿង​ធ្វើ​កីឡា​ប្រកួត​ប្រជែង​ ហើយ​ម្យ៉ាង​ទៀត​គឺ​បញ្ហា​ទីកន្លែង​ធ្វើ​កីឡា​ប្រាត់​ប្រាណ​និង​បរិស្ថានជុំ​វិញ​ខ្លួន​ ដែល​មក​កំរិត​ឪពុកម្តាយ​មិន​ឱ្យ​លើក​ទឹក​ចិត្ត​ឬ​ជំរុញ​កូន​ស្រី​ឱ្យ​ទៅ​បញ្ចេញ​កម្លាំង​កាយធ្វើ​កីឡា​​ ដូច​ជំរុញ​កូនប្រុស។ ជា​ចុងក្រោយ ការ​សិក្សា​ជា​ច្រើន​បាន​ឆ្លុះ​ឱ្យ​ឃើញ​អំពី​ឥទ្ធិពល​នៃកំរិត​ជីវភាព​របស់​គ្រួសារ​ ចំពោះ​សុខភាព​កីឡា​របស់​កូនស្រីប្រុស។ គ្រួសារ​ខ្សត់ខ្សោយ​មិន​សូវ​ធ្វើ​កីឡា​ទេ។
 
ធ្វើកីឡា មិនមែន​មាន​ន័យ​ថា​ត្រូវ​ទៅ​ចុះ​ឈ្មោះ​ធ្វើ​ជា​កីឡាករ​អាជីព​ទេ។ ឱ្យ​តែ​ធ្វើ​​សកម្មភាព បញ្ចេញ​កម្លាំង​កាយ​សម្បទា ទោះ​ក្នុង​កំរិត​ទាប ឬ​មធ្យម​ ក៏​បាន​ដែរ​។
 
មាន​ចិត្ត​ចង់​ធ្វើ​កីឡា​ដែរ តែ​បរិស្ថាន​នៅជុំ​វិញ​ខ្លួន អេក្រង់ រថយន្ត ម៉ូតូ ការងារអង្គុយ មិន​អាច​ជំនះ​ចិត្ត​ដែល​ត្រូវ​ការ​​ភាព​ស្រណុក​ស្រួល​បាន​ទេ។ ម្យ៉ាង​វិញ​ទៀត តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ ដើម្បី​មាន​ចិត្ត​ចាប់​ផ្តើម​ធ្វើ​កីឡាហាត់​ប្រាណ​ទៅ បើ​មួយ​ថ្ងៃៗ រវល់​វាល់​ល្ងាច ធ្វើ​ការ​អស់​កម្លាំង​ហើយ ត្រូ​វគិត​គូរ​រឿង​គ្រួសារ​ហូបចុក​នៅ​ផ្ទះ​ ហើយ​អ្នក​ខ្លះ​មាន​បញ្ហា​សុខភាព​មួយ​មុខ​ទៀត​នោះ ?!
យល់អំពី​សារៈ​សំខាន់​នៃ​​ការ​ធ្វើ​ចលនា​ ដឹង​អំពី​គុណប្រយោជន៍​នៃ​ការ​ហាត់​ប្រាណ​​ធ្វើ​កីឡា ចំពោះ​បេះ​ដូង ចំពោះ​ជំងឺ​រ៉ាំរ៉ៃ និង​ចំពោះ​ផាសុកភាព​នៃ​រាងកាយ​ និង​ផ្លូវចិត្ត​ ហើយ ត្រូវ​ជ្រើសរើស​កីឡា​ដែល​សក្តិសម​នឹង​ខ្លួន​អ្នក​​ជា​ទីបំផុតផង ដែល​អ្នក​ចូល​ចិត្តជាង​គេ​ផង និង​ត្រូវ​តាំង​ចិត្ត​អនុវត្ត​ទៅតាម​ល្បឿន​និង​សមត្ថភាព​នៃ​ខ្លួនប្រាណ​យើងទៀត។ បើ​​ធ្វើ​កីឡា​ប្រកប​ដោយ​​​ភាព​រីករាយ​ក្នុង​ចិត្ត នោះ​ចំណង់​និង​ជំនក់​ចិត្ត​ហាត់ប្រាណ​និង​ធ្វើ​កីឡា​នឹង​កើត​ឡើង​ដោយ​ឯងៗ៕
 

Tag:
 នាទីសុខភាពនិងអនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com