ជាតិ
អាជ្ញាធរ បង្រ្កាបបានសាច់បង្កកគ្មានច្បាប់ ជិត២០តោន នៅច្បារអំពៅ
29, Dec 2023 , 4:20 pm        
រូបភាព
 រូបភាព៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច
រូបភាព៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច
ភ្នំពេញ៖ មន្រ្តីជំនាញបង្រ្កាបបទល្មើសសាច់សត្វ រកឃើញសាច់បង្កកនាំចូលគ្មានច្បាប់ជិត២០តោន នៅទីតាំងអាជីវកម្ម ២កន្លែង ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាមការចេញផ្សាយលើទំព័រហ្វេសប៊ុក របស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី២៩ ខែធ្នូ។

សាច់បង្កកទាំងនេះ ត្រូវបានបង្រ្កាបកាលពីថ្ងៃទី២៦ ខែធ្នូ ដោយមន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណ:បសុព្យាបាល ព្រមទាំងអាជ្ញាធរមូលដ្ឋាន។ 
 
នៅក្នុងប្រតិបត្តការនោះ សមត្ថកិច្ចបានរកឃើញវត្ថុតាងសាច់ជ្រូក សាច់គោ សាច់ទា សាច់មាន់ និងគ្រឿងក្នុងបង្កកសរុបទម្ងន់ ១៨ ៨៤៨គីឡូក្រាម និងឃាតខ្លួនជនសង្ស័យ២នាក់ ដែលជាម្ចាស់ទីតាំង ដើម្បីសាកសួរបំភ្លឺតាមនីតិវិធី។ 
 
សម្ដេច ហ៊ុន ម៉ាណែត នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ វិច្ឆិកា បានបញ្ជាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ពង្រឹងច្បាប់ហាមឃាត់ការនាំសាច់បង្កក ខូចគុណភាព ចូលមកកម្ពុជា។
 
សម្ដេចថា ការបើកទូលាយសម្រាប់ចំណីអាហារគ្មានច្បាប់ទាំងនេះ បានធ្វើឱ្យអ្នកចិញ្ចឹមក្នុងស្រុក ពិបាកប្រកួតប្រជែងទាំងផ្នែកទីផ្សារ និងតម្លៃ ព្រោះថាសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រីខុសច្បាប់ទាំងអស់ ដែលនាំចូលពីបរទេស សុទ្ធសឹងមានតម្លៃថោក និងគុណភាពទាប។ ក្រៅពីប៉ះពាល់ដល់អ្នកផលិតក្នុងស្រុក វាក៏ផ្ដល់ប៉ះពាល់ខ្លាំងដល់សុខភាពពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផងដែរ៕ 

Tag:
 កសិកម្ម
  សាច់បង្កក
  នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com