ជាតិ
អ្នកគ្រូ អឿ មុន្នី បានបង្រៀនសិស្សឡើងវិញ ក្រោយមានការឈឺឆ្អាលពីអ្នកប្រើប្រាស់បណ្ដាញសង្គម
29, Dec 2023 , 5:49 pm        
រូបភាព
ភ្នំពេញ៖ ការបញ្ចេញមតិរិះគន់នៅលើបណ្ដាញសង្គម ជួយឱ្យអ្នកគ្រូ អឿ មុន្នី ទទួលបានយុត្តិធម៌ ហើយបានបង្រៀនសិស្សឡើងវិញ រហូតដល់វ័យចូលនិ​វ​ត្តិ​ន៍។

 
អ្នកស្រី អឿ មុន្នី ត្រូវបានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បញ្ចប់កិច្ចសន្យាលែងឱ្យបង្រៀន នៅក្នុងបឋមសិក្សាសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ក្រោមហេតុផលលើសអាយុ។  
 
ក្រោយទទួលបានដំណឹងនេះភ្លាម ស្រ្តីវ័យ៥៧ឆ្នាំរូបនេះ មិនបាននៅស្ងៀមនោះទេ ដោយទៅដាក់ពាក្យតវ៉ាដល់មន្ទីរអប់រំ ដើម្បីទាមទារយុត្តិធម៌។ លើសពីនោះ អ្នកស្រី ក៏បានបង្ហោះសាររិះគន់មួយចំនួននៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលទទួលបានការឈឺឆ្អាល និងចែករំលែកយ៉ាងច្រើនសាធារណជន។ 
 
ប៉ុន្មានថ្ងៃក្រោយពីការរិះគន់ អ្នកគ្រូ អឿ មុន្នី ត្រូវបានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ អនុញ្ញាតឱ្យបង្រៀនសិស្សឡើងវិញ រហូតដល់វ័យចូលនិ​វ​ត្តិ​ន៍។
 
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ ប្រាប់សារព័ត៌មានឌីជីថលថ្មីៗខ្លីថា បច្ចុប្បន្ន អ្នកស្រី អឿ មុន្នី បានចូលបង្រៀនសិស្សនៅបឋមសិក្សាសុខសាន្ត វិញហើយ។

ករណីនេះ លោក មិនបកស្រាយលម្អិត ទាក់ទងនឹងកិច្ចសម្របសម្រួល ឈានដល់ការអនុញ្ញាតឱ្យបង្រៀនឡើងវិញនោះទេ។ 
 
«ត្រូវហើយ។ គាត់ចូលបង្រៀនវិញហើយ»។ លោក ឆ្លើយយ៉ាងដូច្នេះ។ 
 
យ៉ាងណា នៅលើទំព័រហ្វេសប៊ុករបស់ អ្នកគ្រូ អឿ មុន្នី កាលពីថ្ងៃទី២៦ ខែធ្នូ បានបញ្ជាក់ថា ក្នុងរឿងនេះ មានការឈឺឆ្អាល ពីអ្នកប្រើប្រាស់បណ្ដាញសង្គម ទើបអ្នកស្រីទទួលបានយុត្តិធម៌ ដែលផ្ដល់ដោយ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។ 
 
អ្នកស្រី សរសេរដូច្នេះថា៖« នាងខ្ញុំអឿ មុន្នី អរគុណប្រមុខថ្នាក់ដឹកនាំ នាយករដ្ឋមន្រ្តីថ្មី សម្ដេច ហ៊ុន ម៉ាណែត និងសម្ដេច ហ៊ុន សែន ដែលលោកបានរកយុត្តិធម៌ឱ្យនាងខ្ញ្ញុំ បានបង្រៀនរហូតដល់វ័យនិ​វ​ត្តិ​ន៍។ ខ្ញុំសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅក្នុងស្រុក និងក្រៅស្រុកដែលបានជួយរកយុត្តិធម៌ដល់នាងខ្ញុំ»។ 
 
អ្នកស្រី អឿ មុន្នី ចាប់ផ្ដើមធ្វើជាគ្រូជាប់កិច្ចសន្យានៅសាលាបឋមសុខសាន្តតាំងពីឆ្នាំ ២០០៦មក រហូតមកទល់ពេលមានរយៈពេល១៦ឆ្នាំ។ កាលនោះ អ្នកស្រី ទទួលបានប្រាក់ខែតែ១៣ម៉ឺនរៀលប៉ុណ្ណោះ រហូតមកឆ្នាំ ២០២៣នេះ ទើបអ្នកស្រីទទួលបានប្រាក់ខែ ១លាន១២ម៉ឺនរៀល។ នេះបើតាមទំព័រហ្វេសប៊ុក របស់ អ្នកស្រី អឿ មុន្នី៕ 

Tag:
 មន្ទីរអប់រំខេត្តបន្ទាយមានជ័យ
  អឿ មុន្នី
  ឈូ ប៊ុនរឿង
© រក្សាសិទ្ធិដោយ thmeythmey.com