អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Forbes ៖ ប្រធានគណៈកម្មការ​អឺរ៉ុប ជាស្រ្តីមានឥទ្ធិពលបំផុតប្រចាំឆ្នាំ២០២៣
31, Dec 2023 , 10:29 am        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen ត្រូវបានទស្សនាវដ្ដី Forbes ផ្តល់កិត្តិយសជាស្ត្រីដែលមានឥទ្ធិពលបំផុតក្នុងពិភពលោក ២ឆ្នាំជាប់ៗគ្នា។

លោកស្រី Ursula von der Leyen បានប្រជែងនាយកធនាគារកណ្តាលអឺរ៉ុប Christine Lagarde និងអនុប្រធានាធិបតីអាម៉េរិក Kamala Harris ដើម្បីរក្សាតំណែងកំពូលក្នុងបញ្ជីស្ត្រីដែលមានឥទ្ធិពលបំផុតទាំង ១០០ សម្រាប់ឆ្នាំ២០២៣ ដែលបោះពុម្ពដោយទស្សនាវដ្តី Forbes។ នេះ​ជា​ឆ្នាំ​ទី​២​ហើយ​ដែល​លោកស្រី von der Leye ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​ស្ត្រី​ដែល​មាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក។
 
បើតាមទស្សនាវដ្តី Forbes បញ្ជីនេះត្រូវបានកំណត់ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន៤ រួមមានទ្រព្យសម្បត្តិ ប្រជាប្រិយភាពនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ សមត្ថភាពក្នុងការទាក់ទាញ និងវិសាលភាពនៃការជះឥទ្ធិពល។ 
 
ទស្សនាវដ្ដី​នេះ​ពណ៌នា​លោកស្រី von der Leyen ជាអ្នកគាំទ្រអ៊ុយក្រែនដ៏ក្លៀវក្លារបស់​លោកខាងលិច បន្ទាប់ពី​ជម្លោះបានផ្ទុះឡើងជាមួយ​រុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ​២០២២។ ជាពិសេសលោកស្រីបានរួមចំណែកក្នុងការដឹកនាំអឺរ៉ុបដើម្បីយកឈ្នះលើជំងឺកូវីដ-១៩។ 
 
សម្រាប់ឆ្នាំនេះ ទស្សនាវដ្ដី Forbes មិនមានអត្ថបទស៊ីជម្រៅអំពីលោកស្រីទេ ប៉ុន្តែគ្រាន់តែបញ្ចូលឈ្មោះទៅក្នុងបញ្ជីដែលបានប្រកាសកាលពីថ្ងៃទី៥ ខែធ្នូ និងបានធ្វើបច្ចុប្បន្នភាពជីវប្រវត្តិរបស់ប្រធានគណៈកម្មការអឺរ៉ុបរូបនេះ។
 
លោកស្រី von der Leyen អាយុ ៦៥ឆ្នាំបានបម្រើការជារដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ក្រោមការដឹកនាំរបស់អតីតអធិការបតី Angela Merkel ក្នុងឆ្នាំ ២០១៣ ដល់ ២០១៩។ នៅខែធ្នូ ឆ្នាំ២០១៩ លោកស្រីបានក្លាយជាមេដឹកនាំស្ត្រីដំបូងគេរបស់គណៈកម្មការអឺរ៉ុប។ 
 
នៅពេលដែលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ ២០២២ លោកស្រី von der Leyen ជាមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីដែលគាំទ្រទីក្រុងគៀវដ៏ខ្លាំងបំផុត។ ក្រោមការដឹកនាំរបស់លោកស្រី គណៈកម្មការអឺរ៉ុបបានដាក់ទណ្ឌកម្មជាច្រើនលើក និងហាមឃាត់ការនាំចូលថាមពលពីរុស្ស៊ី។ លោកស្រី von der Leyen ក៏បានសន្យាជួយអ៊ុយក្រែនឱ្យចូលរួមក្នុងសហភាពអឺរ៉ុបផងដែរ។
 
គួរបញ្ជាក់ថា ទស្សនាវដ្តី Forbes របស់អាម៉េរិកត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩១៧។ ចាប់តាំងពីឆ្នាំ ២០០៤ ទស្សនាវដ្ដីនេះបានចាប់ផ្តើមបោះពុម្ពផ្សាយចំណាត់ថ្នាក់ប្រចាំឆ្នាំនៃស្ត្រីដែលមានឥទ្ធិពលបំផុតទាំង ១០០នៅលើពិភពលោក៕ 
 

Tag:
 Ursula von der Leyen
  អឺរ៉ុប
  ស្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com