សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រទេសទាំង ១០ ដែលមានសុភមង្គលបំផុតលើពិភពលោក
31, Dec 2023 , 11:59 am        
រូបភាព
ជារៀងរាល់ឆ្នាំ Gallup World Poll ដែលជាក្រុមហ៊ុនស្រាវជ្រាវអាម៉េរិកបានប្រមូលទិន្នន័យពីតំបន់ផ្សេងៗគ្នា ដើម្បីវាយតម្លៃថាតើប្រទេសណាដែលមានសុភមង្គលបំផុតនៅលើពិភពលោក។  កម្រិតសន្ទស្សន៍សុភមង្គលនៅតាមប្រទេសនីមួយៗត្រូវបានធ្វើឡើងដោយការផ្តល់ពិន្ទុពី ០ (អាក្រក់បំផុត) ទៅ១០ (ល្អបំផុត)។  ការវាយតម្លៃនេះ គឺមើលលើផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ពិតប្រាកដ (Real GDP per Capita) ការគាំទ្រសង្គម សុខភាពនៃអាយុសង្ឃឹមរស់ សេរីភាពក្នុងការជ្រើសរើស និងសប្បុរសធម៌របស់ប្រជាជនតាមរយៈការស្ទង់មតិ ៣ឆ្នាំចុងក្រោយ។



សម្រាប់ឆ្នាំ ២០២៣ ក្នុងចំណោមប្រទេសដែលបានស្ទង់មតិ អាហ្វហ្កានីស្ថាន ជាប្រទេសដែលពុំសូវមានសុភមង្គលបំផុតលើពិភពលោកជាមួយនឹងពិន្ទុ ១,៨៥៩ ។ ទន្ទឹមនេះ កម្ពុជាជាប់ចំណាត់ថ្នាក់ទី ១១៥ ក្នុងចំណោម ១៤៦ប្រទេសដែលមានពិន្ទុ ៤,៣៩៣ ។ តើប្រទេសណាដែលមានសុមង្គលបំផុតលើពិភពលោក ?
 
១០. នូវែលសេឡង់ 
 
នូវែលសេឡង់ ជាប្រទេសដែលមានសុភមង្គលបំផុតលំដាប់ទី១០ នៅលើពិភពលោកក្នុងឆ្នាំ ២០២៣។ យោងតាមរបាយការណ៍សុភមង្គលពិភពលោក ប្រទេសនេះត្រូវបានផ្តល់ពិន្ទុ ៧,១២៣ ហើយ​ជា​ឆ្នាំ​ទី​២​ជាប់គ្នាដែលបានទទួលចំណាត់ថ្នាក់ទី១០។ 
 
វាជាប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​២ ​ដែល​នៅ​ក្រៅ​ទ្វីប​អឺរ៉ុប​ក្នុង​បញ្ជី​នេះ។ នូវែលសេឡង់​ល្បីល្បាញ​ដោយសារ​ជា​ទីតាំង​ថត​ភាពយ​ន្ត The Lord of the Rings និង Hobbit ។ ប្រទេស​កោះមួយ​នេះ ​មាន​លក្ខណៈ​ប្លែក​ពី​គេ​ព្រោះ​វា​មិន​ជិត​ប្រទេស​ណា​មួយ​ទេ។ អ្នកជិតខាងបំផុតគឺរដ្ឋ New Caledonia ដែលមានចម្ងាយ ២២៤៨គីឡូម៉ែត្រ។ 
 
៩. លុចសំបួរ 
 
លុចសំបួរ ជាប់ចំណាត់ថ្នាក់លេខ៩ ដោយទទួលបានពិន្ទុ៧,២២៨ ។ លុចសំបួរ មានព្រំដែនជាប់អាល្លឺម៉ង់ បែលហ្សិក និងបារាំង ដែលស្ថិតនៅចំកណ្តាលប្រទេសទាំងបី។ បើតាមអង្គការសហប្រជាជាតិ ប្រទេសដ៏តូចនេះមានប្រជាជនប្រមាណ ៦៥៥ពាន់នាក់ប៉ុណ្ណោះ ហើយមានផ្ទៃដីត្រឹមតែ ២៥៨៦គីឡូម៉ែត្រការ៉េ។
 
៨. ស្វីស 
 
ស្វីស បានជាប់ចំណាត់ថ្នាក់ទី៨ នៅក្នុងរបាយការណ៍សុភមង្គលពិភពលោកក្នុងឆ្នាំ២០២៣ ជាមួយនឹងពិន្ទុ ៧,២៤។ ស្វីសមានភាពល្បីល្បាញដោយសារភ្នំ រមណីយដ្ឋាន ការជិះស្គី រសជាតិសូកូឡា និងធនាគារ។ ប្រទេសនេះប្រើប្រាស់ភាសាជាតិចំនួន៤ ក្នុងការប្រាស្រ័យទាក់ទងដូចជា អាល្លឺម៉ង់ បារាំង អ៊ីតាលី និងរ៉ូម៉ាំង។
 
៧. ន័រវេស 
 
ប្រទេសដែលមានសុភមង្គលបំផុតទី៧ គឺន័រវេសដែលមានពិន្ទុ ៧,៣១៥។ ប្រទេសនេះមានភាពល្បីល្បាញដោយសារជ្រលងភ្នំខ្ពស់ដែលមានទឹកស្ទឹងហូរ  និងពន្លឺផ្ទៃមេឃដ៏ស្រស់ស្អាតនៅភាគខាងជើងប្រទេសដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមនៅទីនោះ។
 
៦. ស៊ុយអែត
 
ស៊ុយអែត ជាប្រទេសដែលមានសុភមង្គលបំផុតទី៦ ជាមួយនឹងពិន្ទុរបាយការណ៍សុភមង្គលពិភពលោក ៧,៣៩៥។ ប្រទេសនេះ ត្រូវបានភ្ញៀវទេសចរស្គាល់ដោយសារភាពសម្បូរបែបនៃព្រៃឈើ និងបឹងជាច្រើន។ ស៊ុយអែតមានបឹងប្រហែល ១០០ពាន់បឹង ហើយប្រមាណ ៧០ភាគរយនៃផ្ទៃដីសរុបគ្របដណ្តប់ដោយព្រៃឈើ។
 
៥. ហូឡង់ 
 
ហូឡង់ជាប់ចំណាត់ថ្នាក់ទី៥ ដោយមានពិន្ទុ ៧,៤០៣។ ប្រទេសនេះ មានភាពល្បីល្បាញដោយសារសួនផ្កាចម្រុះពណ៌។ ហូឡង់ មានទីស្នាក់ការតុលាការយុត្តិធម៌អន្តរជាតិ និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅទីក្រុងឡាអេ។

៤. អ៊ីស្រាអែល 
 
អ៊ីស្រាអែល​ជា​ប្រទេស​ដែល​មាន​សុភមង្គល​បំផុត​ទី​៤ ​ក្នុង​ពិភពលោក​ក្នុង​ឆ្នាំ២០២៣ ដោយ​ទទួល​បាន​ពិន្ទុ ៧,៤៧៣។ វាជាប្រទេសមួយទៀត នៅក្រៅតំបន់អឺរ៉ុបដែលជាប់ចំណាត់ថ្នាក់កំពូលទាំង១០។ អ្នកអាចនិងភ្ញាក់ផ្អើលនៅពេលឃើញអ៊ីស្រាអែលជាប់ក្នុងចំណាច់ថ្នាក់នេះ ដោយសារបច្ចុប្បន្នប្រទេសនេះកំពុងផ្ទុះសង្គ្រាម។ ការពិតរបាយការណ៍នេះ ធ្វើការស្ទង់មតិរយៈពេល ៣ឆ្នាំចុងក្រោយ ហើយបានចេញផ្សាយមុនពេលកើតសង្គ្រាម។ 
 
៣. អ៊ីស្លង់ 
 
ប្រទេសដែលមានសុភមង្គលបំផុតទី៣ នៅលើពិភពលោកក្នុងឆ្នាំនេះគឺអ៊ីស្លង់។ យោងតាមរបាយការណ៍សុភមង្គលពិភពលោកបានផ្តល់ពិន្ទុដល់ប្រទេសជាតិចំនួន ៧,៥៣។ នេះ​ជា​ឆ្នាំ​ទី​២​ជាប់​គ្នា​ដែល​អ៊ីស្លង់​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣។
 
ប្រទេសនេះ មានប្រជាជនប្រមាណ ៣៧៥ពាន់នាក់។ ភាពល្បីល្បាញរបស់អ៊ីស្លង់ ដោយសារការផ្ទុះទឹកផុស និងការផ្ទុះភ្នំភ្លើង។ 
 
២. ដាណឺម៉ាក 
 
ដាណឺម៉ាក ជាប្រទេសដែលមានសុភមង្គលបំផុតទី២ ដោយមានពិន្ទុ ៧,៥៨៦ ដែលនេះ​ជា​ឆ្នាំ​ទី​៤ជាប់​គ្នាក្នុងការរក្សាចំណាត់ថ្នាក់នេះ។ ដាណឺម៉ាក ជាសមាជិកស្ថាបនិកនៃអង្គការសំខាន់ៗជាច្រើនរបស់ពិភពលោកដូចជា អង្គការណាតូ អង្គការសហប្រជាជាតិ ក្រុមប្រឹក្សា Nordic  អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ និងអង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប ។
 
១. ហ្វាំងឡង់ 
 
ហ្វាំងឡង់ ជាប្រទេសដែលមានសុភមង្គលបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៣ ។ នេះជាឆ្នាំទី៦ ជាប់គ្នា ដែលប្រទេសនេះអាចរក្សាចំណាត់ថ្នាក់ជាប្រទេសមានសុភមង្គលបំផុតលើពិភពលោក។ ហ្វាំងឡង់ទទួលបានពិន្ទុសរុប ៧,៨០៤។ ប្រទេសនេះ មានប្រហែល ៧៤ភាគរយ ត្រូវបានគ្របដណ្តប់ដោយព្រៃឈើ៕ 
 

Tag:
 សុភមង្គល
  ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com