ជាតិ
បទសម្ភាសន៍
វីដេអូ
ឆ្លងកាត់ការលំបាកជាង ១០ឆ្នាំ គ្រួសារលោក អេ ភូថង វិលទៅរកភាពជោគជ័យជាថ្មី
31, Dec 2023 , 3:29 pm        
រូបភាព
ភ្នំពេញ៖ លោកស្រី សាំង សុម៉ាលី និងលោក អេ ភូថង បានចាប់ដៃគ្នាជាគ្រួសារតាំងពីឆ្នាំ១៩៩៧ ដែលជាពេលវេលាអធិរាជកែងឆេះ ជង្គង់ហោះរូបនេះ កំពុងសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺ និងលើកមុខមាត់ប្រទេសជាតិ តាមរយៈវិស័យកីឡាប្រដាល់នេះ។ ប៉ុន្តែភាពជោគជ័យទាំងនេះ ត្រូវបានបាត់បង់ទៅវិញ នៅពេលដែលស្ដេចប្រដាល់ស្រុកខ្មែរ អេ ភូថង ចូលនិវត្តន៍ពីវិស័យប្រដាល់ នៅអំឡុងឆ្នាំ២០០៦ ដោយសារលែងសូវមានដៃគូប្រកួត ឬពិបាកចាប់គូវាយប្រដាល់ជាមួយរូបលោក។

ការលំបាកក៏បានចូលមកដល់ នៅពេលលោក អេ ភូថង ឈប់ពីវិស័យប្រដាល់ ។ អំឡុងឆ្នាំ២០០៨ លោក អេ ភូថង និងអ្នកស្រី សាំង សុម៉ាលី ដែលជាភរិយា បានឆ្លងកាត់កា​​រលំបា​កជាច្រើន រហូតដល់ខ្វះខាតទាំងអាហារប្រចាំថ្ងៃ ខណៈអតីតស្ដេចប្រដាល់រូបនេះ ត្រូវរ៉ាប់រងចិញ្ចឹមសិស្សនៅក្នុងក្លិបទៀតផង។ ការលំបាកទាំងនោះ បានរុញច្រានឱ្យលោក អេ ភូថង និងភរិយា ដើរដល់ចំណុចស៊ីឈ្នួលអូសទឹកលក់ឲ្យគេនៅជិតបុរីសន្ដិភាព ,ការដើរឆក់ត្រី និងបេះត្រកួនតាមដីវាល ដើម្បីក្រពះ៣ពេលក្នុងមួយថ្ងៃ និងការចាញ់បោកគេជាដើម។ មិនតែប៉ុណ្ណោះ អេ ខាំឈិតភូថង ឬម៉ឺន មេឃា និងអេ អាំម៉ារីន ដែលកូនប្រុសលោក អេ ភូថង និងលោកស្រី សាំង សុម៉ាលី សុខចិត្តដើររើសអេតចាយ ដើម្បីរកថវិកាសម្រាប់ចាយវាយផ្ទាល់ខ្លួន និងជួយគ្រួសារទៀតផង។ អំឡុង ឆ្នាំ២០០៨នេះហើយ គឺជាពេលវេលា ដែលកំសត់កម្របំផុតរបស់គ្រួសារលោក អេ ភូថង។

ប៉ុន្តែដោយសារតែចិត្តនៅតែស្រលាញ់វិស័យកីឡាប្រដាល់នេះ លោក អេ ភូថង មិនបោះបង់ចោលក្លិបប្រដាល់ខ្លួនឡើយ ខណៈកូនសិស្សរបស់លោក ក៏សុខចិត្តរងទុក្ខលំបាកជាមួយគ្នា ដើម្បីឱ្យក្លិបប្រដាល់លោក រស់រានមានជីវិត។

 
«ការលះបង់ រមែងទទួលបានផ្លែផ្កាពិតមែន»! កូនសិស្សរបស់លោក អេ ភូថង ជាច្រើនរូប ជាពិសេស ធឿន ធារ៉ា រួមទាំងកូនប្រុសទាំងពីររបស់លោក គឺ អេ ខាំឈិតភូថង ឬម៉ឺន មេឃា និងអេ អាំម៉ារីន បាននាំមុខមាត់ និងភាពជោគជ័យជាថ្មី សម្រាប់លោក អេ។ ចាប់តាំងពីឆ្នាំ២០២១មក ទាំង ធឿន ធារ៉ា , ម៉ឺន មេឃា និង អេ អាំម៉ារីន បានប្រកួតឈ្នះខ្សែក្រវ៉ាត់ និងពានរង្វាន់ជាច្រើន ក៏ជាដើម្បីមេដាយស៊ីហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២៣នេះទៀតផង។ 
 
 
 

Tag:
 អេ ភូថង
  ប្រដាល់
  គុនខ្មែរ
  សាំង សុម៉ាលី
© រក្សាសិទ្ធិដោយ thmeythmey.com