ជាតិ
រោងចក្រ សហគ្រាស ជិត២០០០ទីតាំង បានបើកដំណើរការថ្មី នៅឆ្នាំ២០២៣
31, Dec 2023 , 8:29 pm        
រូបភាព
កម្មកររោងចក្រសម្រាកពីម៉ោងបំពេញការងារនាពេលកន្លងមក។
កម្មកររោងចក្រសម្រាកពីម៉ោងបំពេញការងារនាពេលកន្លងមក។
ភ្នំពេញ៖ គិតត្រឹមខែតុលា ឆ្នាំ២០២៣នេះ នៅកម្ពុជា​មានរោងចក្រ សហគ្រាស បើកដំណើរការថ្មីចំនួន១៩៣៩កន្លែង ។ ក្នុងនោះ មានកម្លាំងពលកម្ម ៨៨ ២៣៥នាក់ បានចូលបម្រើការងារ។

យោងតាមរបាយការណ៍ ពីលោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ ក្នុងចំណោមរោងចក្រ សហគ្រាស ជិត២០០០ ដែលបើកថ្មីនេះ គឺមានរោងចក្រក្នុងវិស័យកាត់ដេរ ចំនួន១០៨រោងចក្រ។ រយៈពេលដូចគ្នានេះ មានរោងចក្រ សហគ្រាស ៨៥២ បានបិទដំណើរការ ហើយបានបង្កផលប៉ះពាល់ដល់កម្មករ ៨៧ ៧៦០នាក់។ 
 
ជាមួយគ្នាដែរ ក្នុងចំណោម រោងចក្រចក្រ សហគ្រាសជាង៨០០ដែលបិទដំណើរការ គឺមានរោងចក្រក្នុងវិស័យកាត់ដេរ ១០៨រោងចក្រ។ ចំណែក រោងចក្រ សហគ្រាស ដែលបានព្យួរការងារ មាន៧៧ទីតាំង ហើយក្នុងនោះ មាន៦៦ ជារោងចក្រកាត់ដេរ។ 
 
ដោយសារតួលេខរោងចក្របើកថ្មី មានចំនួនច្រើនជាងរោងចក្រដែរបានបិទ លោក កត្តា អ៊ន បានវាយតម្លៃថា កម្ពុជា ជាប្រទេសមានសន្តិភាពពេញលេញ មានសុវត្ថភាព និងស្ថេរភាព សម្រាប់ទាក់ទាញ ការវិនិយោគ ពីនិយោជក។ លោក កត្តា អ៊ន មិនបានចាត់ទុកជាបញ្ហាចោទនោះទេ ចំពោះតួលេខនៃការបិទរោងចក្រ ព្រោះមានចំនួនតិចជាងរោងចក្របើកថ្មី។ 
 
អ្នកនាំពាក្យរូបនេះថា ការបិទរោងចក្រ សហគ្រាសមួយចំនួន គឺបណ្តាលមកពីរោងចក្រខ្លះ ដូរម្ចាស់គ្រប់គ្រង ខ្លះបើកសាខាតាមខេត្ត ខ្លះផ្លាស់ប្តូរទម្រង់រោងចក្រខ្នាតតូចទៅមធ្យមឬធំ និងខ្លះទៀតមានបញ្ហាការនាំចេញ។ 
 
សូមជម្រាបថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្ពុជាមានរោងចក្រ សហគ្រាសសរុបចំនួន ១៨២៩៩ កន្លែង ដោយមានកម្មករនិយោជិតសរុប ១ ៥៥១ ៨២២នាក់ ។ ក្នុងនោះ មានរោងចក្រសហគ្រាសវិស័យកាត់ដេរ ១៤៤៤កន្លែង និងមានកម្មករនិយោជិត ៨៦៥ ០៨៦នាក់៕ 
 

Tag:
 រោងចក្រ
  សហគ្រាស
© រក្សាសិទ្ធិដោយ thmeythmey.com