សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រទេសទាំង ៥ ដែលគ្រោះថ្នាក់បំផុតសម្រាប់ភ្ញៀវទេសចរ ប្រជាជនស៊ូដង់ខាងត្បូងរង់ចាំនៅខាងក្រៅមន្ទីរពេទ្យក្នុងរដ្ឋធានីជូបា ។ រូបភាព ៖ UNFPA
×
ស៊ូដង់ខាងត្បូង ជាប្រទេសគ្រោះថ្នាក់បំផុតក្នុងពិភពលោកសម្រាប់ភ្ញៀវទេសចរ ដោយសារអស្ថិរភាពនយោបាយ និងសង្គមជាច្រើន ព្រមទាំងមានហានិភ័យនៃអំពើភេរវកម្ម។ នេះបើតាមរបាយការណ៍របស់ International SOS ។
ប្រទេសគ្រោះថ្នាក់បំផុតចំនួន៥ សម្រាប់ភ្ញៀវទេសចរនៅឆ្នាំ២០២៤ រួមមាន ស៊ូដង់ខាងត្បូង អាហ្វហ្កានីស្ថាន ស៊ីរី លីប៊ី និងសូម៉ាលី។ នេះជាការចេញផ្សាយដោយ International SOS ដែលជាក្រុមហ៊ុនឯកទេសផ្នែកសុខភាព និងសន្តិសុខ។
ចំណាត់ថ្នាក់ខាងលើនេះ ផ្អែកលើសូចនាករគ្រោះថ្នាក់សំខាន់ចំនួន២ គឺសុខភាព និងសន្តិសុខ ហើយក្នុងនោះក៏មានបន្ថែមពីលើសុខភាពផ្លូវចិត្ត និងការប្រែប្រួលអាកាសធាតុ។ ចំណែកកម្រិតសន្ទស្សន៍នៃការវាយតម្លៃមានចំនួន៥ ពីកម្រិតទាបទៅខ្ពស់។
តួយ៉ាង កម្រិតទាបបំផុតនៃសន្ទស្សន៍សុខភាពបង្ហាញថា ប្រទេសមួយនោះមានសេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ ជាមួយនឹងហានិភ័យទាបនៃការឆ្លងជំងឺ។ ចំណែកការវាយតម្លៃលើសន្ទស្សន៍សន្តិសុខ កម្រិតខ្ពស់បំផុតបង្ហាញថា ការគ្រប់គ្រងរបស់រដ្ឋាភិបាលប្រទេសនោះអនុវត្តច្បាប់ទន់ខ្សោយ និងសណ្តាប់ធ្នាប់តិចតួចបំផុត និងមានការគំរាមកំហែងវាយប្រហារពីក្រុមប្រដាប់អាវុធដែលសំដៅលើជនបរទេស។
សម្រាប់ស៊ូដង់ខាងត្បូង របាយការណ៍ International SOS បានវាយតម្លៃសន្ទស្សន៍សុខភាពនៅកម្រិត៤ សន្តិសុខនៅកម្រិត៥ សុខភាពផ្លូវចិត្តនៅកម្រិត៣ និងការប្រែប្រួលអាកាសធាតុនៅកម្រិត៥ ដែលទាំងអស់នេះស្ថិតនៅកម្រិតគ្រោះថ្នាក់ខ្ពស់បំផុតសម្រាប់ភ្ញៀវទេសចរ។
ក្រៅពីនេះ ចំណាត់ថ្នាក់ខាងលើក៏បង្ហាញពីប្រទេសដែលមានសុវត្ថិភាពបំផុតចំនួន៥ នៅលើពិភពលោកមានដូចជា អ៊ីស្លង់ លុចសំបួ ន័រវែស ស្វីស និងដាណឺម៉ាក។ អ៊ីស្លង់នាំមុខគេដោយមានអត្រាឧក្រិដ្ឋកម្មទាបបំផុត គ្មានអំពើហិង្សាផ្នែកនយោបាយ អំពើហឹង្សាជាតិសាសន៍តិចតួច ឬសឹងតែគ្មានការវាយប្រហារតាមគោលដៅលើជនបរទេស៕
Tag:
ស៊ូដង់ខាងត្បូង
ទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com