អន្តរជាតិ
តើអ្នកដឹងទេថា អ្នកអាចរាប់ថយក្រោយដោយផ្ទាល់ បានពីរដងក្នុងថ្ងៃឆ្លងឆ្នាំសកល?
01, Jan 2024 , 7:59 am        
រូបភាព
រូបភាព AFP
រូបភាព AFP
 
វាអាចជារឿងភ្ញាក់ផ្អើលមួយ នៅពេលនិយាយអំពីការឆ្លងពេលវេលា (Time Travel) ប៉ុន្តែអ្នកពិតជាអាចធ្វើដំណើរឆ្លងពេលវេលា បាន ដើម្បីអាចរាប់ថយក្រោយដោយផ្ទាល់ក្នុងពេលឆ្លងឆ្នាំសកលបានចំនួន ២ដង។ ព្រឹត្តិការណ៍បែបនេះ កើតមានដោយសារតែប្រព័ន្ធថ្ងៃអន្តរជាតិ (IDL) ដែលត្រូវបានកំណត់ឡើងនៅលើភពផែនដី។

ក្នុងថ្ងៃឆ្លងឆ្នាំសកល ប្រជាជននៃបណ្តាប្រទេសជាច្រើន តែងធ្វើដំណើរកម្សាន្តនៅតាមតំបន់ និងប្រទេសជាច្រើន ដើម្បីអបអរឱកាសឆ្នាំថ្មី ក៏ដូចជាផ្តល់កាដូសម្រាប់ខ្លួនឯង ដែលបានខិតខំនៅក្នុងឆ្នាំចាស់។ 
 
សម្រាប់ក្នុងថ្ងៃឆ្លងឆ្នាំនេះ អ្នកអាចបង្កើនភាពសប្បាយរីករាយ ឬធ្វើកិច្ចការប្លែកមួយទៀត គឺរាប់ថយក្រោយដោយផ្ទាល់ បានចំនួន ២ដង ក្នុងថ្ងៃឆ្លងឆ្នាំ។ មនុស្សមួយចំនួន ប្រហែលគិតថា មិនអាចទៅរួច ប៉ុន្តែមានមនុស្សជាច្រើន ក៏បានធ្វើវារួចទៅហើយ។ ព្រឹត្តិការណ៍បែបនេះ កើតមានបាន ដោយសារតែប្រព័ន្ធថ្ងៃអន្តរជាតិ ដែលបានបែងចែកម៉ោងខុសៗគ្នា ដើម្បីកំណត់រយៈពេលមួយថ្ងៃៗ។ ប្រព័ន្ធមួយនេះហើយ ទើបមនុស្សជាច្រើនអាចអបអរឆ្នាំថ្មី ឬរាប់ថយក្រោយដោយផ្ទាល់បានពីរដង ក្នុងមួយឆ្នាំ។ 
 
តើធ្វើបែបណា ទើបអាចរាប់ថយក្រោយដោយផ្ទាល់បានពីរដង?
 
ជាការពិត ការរាប់ថយក្រោយដោយផ្ទាល់ចំនួន ២ដង គឺមានអាចកើតមានលុះត្រាតែមានការធ្វើដំណើរ ហើយវាមានកន្លែងកម្សាន្តជាច្រើន ដែលអាចធ្វើឱ្យអ្នកអាចឆ្លងពេលវេលាបាន។ 
 
ទិសដៅដែលអាចឆ្លងឆ្នាំបានពីរដង មានដូចជា ការរាប់ថយក្រោយនៅក្រុងតូក្យូ ប្រទេសជប៉ុន រួចបន្តធ្វើដំណើរទៅឆ្លងឆ្នាំនៅក្រុង Las Vegas អាម៉េរិក។ ការឆ្លងពេលវេលាបែបនេះ គឺអាចទៅរួចដោយសារតែ ជប៉ុន និងអាម៉េរិក មានការកំណត់ប្រព័ន្ធម៉ោង និងថ្ងៃផ្សេងគ្នា។ 
 
មិនតែប៉ុណ្ណោះ អ្នកក៏អាចរាប់ថយក្រោយបាន ២ដងផងដែរ ប្រសិនបើអ្នកមានវត្តមាននៅក្រុង Sydney ហើយធ្វើដំណើរទៅក្រុង Los Angeles។ ដំណើរកម្សាន្តពីអេស្ប៉ាញ ទៅព័រទុយហ្កាល់ ក៏អាចរាប់ថយក្រោយដោយផ្ទាល់បានពីរដងផងដែរ។ 
 
ក្រៅពីគោលដៅខាងលើ វានៅមានកន្លែងជាច្រើនទៀត ដែលអ្នកអាចរាប់ថយក្រោយដោយផ្ទាល់បានចំនួន ២ដង ប៉ុន្តែ ដំណើរកម្សាន្តបែបនោះ គឺត្រូវចំណាយថវិកាច្រើន និងមានការរៀបចំពេលវេលាច្បាស់លាស់ រួមទាំងការកក់កន្លែងស្នាក់នៅជាមុន៕
 

Tag:
 ឆ្នាំថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com