សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តើចិនអនុវត្តវិធីសាស្រ្តបែបណាដើម្បីរក្សាតម្លៃប្រាក់យ័ននៅឆ្នាំ២០២៣ ?
01, Jan 2024 , 10:29 am        
រូបភាព
ប្រាក់យ័នដកពីទូ ATM មួយកន្លែងនៅប៉េកាំង ។ រូបភាព​ ៖ Xinhua
ប្រាក់យ័នដកពីទូ ATM មួយកន្លែងនៅប៉េកាំង ។ រូបភាព​ ៖ Xinhua
លុយយ័នរបស់ចិន ជួបបញ្ហាច្រើនដោយសារស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសនៅឆ្នាំ២០២៣។ បើប្រៀបធៀបទៅនឹងការធ្លាក់ចុះនៃប្រាក់យ័នអំឡុងឆ្នាំ ២០១៥ ពេលនេះចិនបានអនុវត្តវិធីសាស្រ្តយ៉ាងប៉ិនប្រសប់ និងឈានមុខគេក្នុងការរក្សាស្ថិរភាពរូបិយប័ណ្ណរបស់ខ្លួន។ តើចិនបានប្រើប្រាស់វិធីសាស្រ្តអ្វីខ្លះក្នុងការរក្សាតម្លៃរូបិយប័ណ្ណរបស់ខ្លួន?

 
ក្នុងនាមជារូបិយប័ណ្ណនៃប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក និងជាអ្នកនាំចេញធំជាងគេ តម្លៃប្រាក់យ័នត្រូវបានកំណត់ដោយតម្លៃទំនិញសកល និងលំហូរមូលធនរាប់ពាន់លានដុល្លារ។ ក្នុងឆ្នាំ ២០១៥ នៅពេលដែលប្រាក់យ័នបានធ្លាក់ចុះយ៉ាងខ្លាំង ធនាគារប្រជាជនចិន (PBOC)បានធ្វើអន្តរាគមន៍ជាផ្លូវការ ដោយលក់ទុនបម្រុងចំនួន ១ទ្រីលានដុល្លារដើម្បីគាំទ្ររូបិយប័ណ្ណមួយនេះ។
 
ប៉ុន្តែនៅឆ្នាំ ២០២៣ នៅពេលដែលសេដ្ឋកិច្ចរបស់ចិនធ្លាក់ចុះ ហើយលំហូរសាច់ប្រាក់បានចាកចេញពីប្រទេសនេះយ៉ាងគំហុគ ធនាគារ PBOC បានប្រើវិធីសាស្រ្តផ្សេងទៀត ដើម្បីការពាររូបិយប័ណ្ណនេះ។ វិធានការសំខាន់នោះគឺការសំរបសំរួលទិញប្រាក់យ័នដោយធនាគាររដ្ឋ ជាពិសេសនៅពេលណាដែលសន្ទុះប្រាក់យ័នធ្លាក់ចុះខ្លាំង ធនាគាររដ្ឋទាំងនេះបានទិញដោយស្ងៀមស្ងាត់។ ជាឧទាហរណ៍ នៅចុងខែឧសភា ពួកគេបានទិញប្រាក់យ័នក្នុងរយៈពេល២ថ្ងៃប៉ុណ្ណោះ ក្រោយរូបិយប័ណ្ណនេះធ្លាក់ថ្លៃដល់កម្រិតទាបបំផុតប្រចាំឆ្នាំ។
 
ទន្ទឹមនេះ ការទិញប្រាក់យ័នដោយធនាគាររបស់រដ្ឋបានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែធ្នូ បន្ទាប់ពីក្រុមហ៊ុនអាម៉េរិក Moody's បានប្រកាសកាត់បន្ថយទស្សនវិស័យរបស់ចិនពីបញ្ហាហិរញ្ញវត្ថុនៅក្នុងប្រទេសនេះ។  លើសពីនេះ ធនាគារតូចៗនៅឆ្នាំនេះបានទទួលការណែនាំ ឬស្នើរសុំក្រៅផ្លូវការបន្ថែមទៀតពីនិយតករចិនដោយសុំឱ្យធនាគារ និងអតិថិជនរបស់ពួកគេកាត់បន្ថយការកាន់កាប់ប្រាក់ដុល្លារ។ នេះបើយោងតាមប្រភពព័ត៌មាន Reuters ។
 
អ្នកឃ្លាំមើលទីផ្សារពិភពលោកបានឲ្យដឹងថា នៅខែមិថុនា និងកក្កដា រដ្ឋបាលគ្រប់គ្រងទីផ្សារប្តូរប្រាក់បរទេសរបស់ចិនដែលគ្រប់គ្រងដោយធនាគារ PBOC បានស្នើឱ្យធនាគាររបស់រដ្ឋធំៗកាត់បន្ថយអត្រាការប្រាក់លើប្រាក់បញ្ញើប្រាក់ដុល្លារ។ វិធានការ​នេះ​មាន​គោល​បំណង​លើក​ទឹក​ចិត្ត​អាជីវកម្ម និង​ក្រុម​គ្រួសារ​ឱ្យ​ប្តូរ​ពីប្រាក់​ដុល្លារ​ទៅ​ប្រាក់​យ័ន។
 
នៅឆ្នាំ ២០២៣ ប្រាក់យ័នបានធ្លាក់ចុះជិត ២,៨ភាគរយបើធៀបនឹងប្រាក់ដុល្លារ។ នៅថ្ងៃទី៨ ខែកញ្ញា ប្រាក់យ័បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ១៦ឆ្នាំ។ ប៉ុន្មានថ្ងៃក្រោយមក អ្នកគ្រប់គ្រងធនាគារធំៗចំនួន៨ ត្រូវបានអញ្ជើញទៅកាន់ទីក្រុងប៉េកាំងដើម្បីជួបជាមួយមន្ត្រីធនាគារ PBOC ។ ចំពោះខ្លឹមសារនានៃកិច្ចប្រជុំពេលនោះ គឺថាក្រុមហ៊ុនដែលចង់ទិញប្រាក់ដុល្លារលើសពី ៥០លានដុល្លារនឹងត្រូវការការយល់ព្រមពី PBOC ។
 
ប៉ុន្តែចំពោះយុទ្ធសាស្ត្ររបស់ PBOC ដែលព្យាយាមទប់ស្កាត់ការធ្លាក់ថ្លៃប្រាក់យ័នក្នុងឆ្នាំនេះក៏មានចំណុចខ្សោយដែរ។ អ្នកជំនាញបានប្រាប់ Reuters ថា វិធានការខាងលើនេះ នឹងធ្វើឱ្យទីផ្សារប្តូរប្រាក់បរទេសរបស់ចិនកាន់តែលំបាកផងដែរ ហើយបានចោទជាសំណួរអំពីឱកាសនៃប្រាក់យ័នក្នុងការក្លាយជារូបិយប័ណ្ណបម្រុងពិភពលោក។
 
លោក Eswar Prasad សាស្ត្រាចារ្យជាន់ខ្ពស់នៃគោលនយោបាយពាណិជ្ជកម្មអន្តរជាតិនៅសាកលវិទ្យាល័យ Cornell បាននិយាយថា ស្ថានភាពបច្ចុប្បន្នកាន់តែស្មុគស្មាញខ្លាំង ដោយសារតែមានកត្តាសេដ្ឋកិច្ចសកល និងក្នុងស្រុក។ លោកបានពិពណ៌នានៃការអនុវត្តរបស់ PBOC ចំពោះវិធានការមិនស្តង់ដារដើម្បីធ្វើអន្តរាគមន៍ក្នុងទីផ្សារប្តូរប្រាក់បរទេសថាគ្រាន់តែជាវិធានការបឋមដើម្បីការពារប្រាក់យ័នពីការធ្លាក់ថ្លៃលឿនពេក។
 
ក្រុមហ៊ុននាំចេញមួយឈ្មោះ Zhu នៅទីក្រុងសៀងហៃ បានកំពុងតាមដានយ៉ាងដិតដល់នូវតម្លៃប្រាក់ដុល្លារក្នុងឆ្នាំនេះ ដោយសារក្រុមហ៊ុនទទួលបានការទូទាត់ជារូបិយប័ណ្ណនេះប្រចាំសប្តាហ៍។ ក្រុមបានលើកឡើង​ថា​៖ «​សំណួរ​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​គឺ​ថា​តើ​ត្រូវ​រក្សា​វា​ឬ​ប្តូរ​វា​ជា​ប្រាក់​យ័ន? បច្ចុប្បន្នក្រុមហ៊ុនបានសម្រេចចិត្តរក្សាប្រាក់ដុល្លារដោយសង្ឃឹមថាតម្លៃប្រាក់យ័ននឹងប្រសើរឡើង៕

Tag:
 ចិន
  ប្រាក់យ័ន
  PBOC
© រក្សាសិទ្ធិដោយ thmeythmey.com