សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អុីរ៉ង់ និងរុស្ស៊ីប្រកាសប្រើរូបិយប័ណ្ណជាតិជំនួសប្រាក់ដុល្លារក្នុងពាណិជ្ជកម្មទ្វេភាគី
01, Jan 2024 , 11:49 am        
រូបភាព
រូបិយប័ណ្ណអ៊ីរ៉ង់ និងរុស្ស៊ី ។ រូបភាព ៖ Tehran Times
រូបិយប័ណ្ណអ៊ីរ៉ង់ និងរុស្ស៊ី ។ រូបភាព ៖ Tehran Times
អ៊ីរ៉ង់ និងរុស្ស៊ីដែល​រង​ទណ្ឌកម្មអាម៉េរិក​រាប់​មិន​អស់ បាន​ព្រមព្រៀង​ធ្វើ​ពាណិជ្ជកម្ម​ជា​រូបិយប័ណ្ណ​ក្នុង​ស្រុក​ ក្នុងគោលបំណងទាត់ចោលការប្រើប្រាស់ប្រាក់ដុល្លារ។

 
អ៊ីរ៉ង់ និងរុស្ស៊ីបានលុបចោលជាផ្លូវការនូវការទូទាត់ប្រាក់ដុល្លារក្នុងប្រតិបត្តិការរួមគ្នា។ នៅថ្ងៃទី២៥ ខែធ្នូ ភាគីទាំងពីរនេះបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រាក់រូប្លិ៍រុស្ស៊ី និងប្រាក់រីអាលអ៊ីរ៉ង់​ក្នុង​អំឡុង​កិច្ច​ប្រជុំនៅ​រុស្ស៊ី​រវាង​ប្រមុខ​ធនាគារ​កណ្តាល​ប្រទេស​ទាំង​ពីរ។
 
ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ IRNA បានដកស្រង់សេចក្តីប្រកាសរបស់ធនាគារកណ្តាលអ៊ីរ៉ង់ថា ការបង្កើតវេទិកាហិរញ្ញវត្ថុនិងធនាគារថ្មីបានបើកទំព័រថ្មីមួយនៅក្នុងទំនាក់ទំនងរវាងអ៊ីរ៉ង់និងរុស្ស៊ី។ កិច្ចព្រមព្រៀងអនុញ្ញាតឱ្យធនាគារ និងអាជីវកម្មប្រើប្រាស់ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុជំនួសដូចជាប្រព័ន្ធផ្ញើប្រាក់ក្រៅពី SWIFT លើសពីនេះនឹងបង្កើតទំនាក់ទំនងឈ្មួញកណ្តាលទ្វេភាគីដោយប្រើរូបិយប័ណ្ណជាតិ។
 
អ៊ីរ៉ង់ និងរុស្ស៊ី ដែលជាកម្មវត្ថុនៃទណ្ឌកម្មរបស់អាម៉េរិក បានប្រកាសពីកិច្ចព្រមព្រៀងនេះក្នងគោលបំណងប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកជំនួសឱ្យប្រាក់ដុល្លារអាម៉េរិកក្នុងពាណិជ្ជកម្មទ្វេភាគី។  ទន្ទឹមនេះ សមាជិកនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EEU) ដឹកនាំដោយរុស្ស៊ី ទើបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាផ្លូវការជាមួយអ៊ីរ៉ង់ផងដែរ។
 
កាលពីខែកក្កដា ឆ្នាំ២០២៣ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានអំពាវនាវឱ្យលុបបំបាត់ប្រាក់ដុល្លារនៅក្នុងពាណិជ្ជកម្មពិភពលោក។ លោក​បាន​ចោទ​រដ្ឋាភិបាល​អាម៉េរិក​ថា​​បាន​ប្រើប្រាស់ប្រាក់ដុល្លារ​ជា​ឧបករណ៍​ដើម្បីបង្ហាញពី​អនុត្តរភាពរបស់​លោកខាងលិច។
 
គួរបញ្ជាក់ថា ទីក្រុង​មូស្គូ និង​ក្រុង​តេហេរ៉ង់​បាន​បង្កើន​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​នៅ​ចំពោះ​មុខ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​លោកខាងលិច។ យោងតាមទិន្នន័យផ្លូវការ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជិតបីដងពី ១,៦ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ ដល់ ៤,៦ពាន់លានដុល្លារក្នុងឆ្នាំ ២០២២៕

Tag:
 អ៊ីរ៉ង់
  រុស្ស៊ី
  ប្រាក់ដុល្លារ
© រក្សាសិទ្ធិដោយ thmeythmey.com