ជាតិ
ស៊ីម៉ាក់៖ កូនសុនខ ទើបកើត១៧ក្បាល នឹងក្លាយជាអ្នកបន្តវេនសុនខហិតមីន
× ភ្នំពេញ៖ អ្នកជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMA) បានបង្កើតកូនសុនខចំនួន១៧ក្បាល ពីមេសុនខ២ក្បាល នាថ្ងៃទី២ មករា។ បើតាមលោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា កូនសត្វសុនខដែលទើបកើតទាំងនេះ នឹងក្លាយជាអ្នកបន្តវេនហិតមីន។ ចំពោះកូនសត្វសុនខដែលទើបកើត១៧ក្បាលនោះ មាន ញី១១ក្បាល ឈ្មោល៦ក្បាល និងសុទ្ធសឹងតែជាកូនពូជសុនខក្នុងស្រុក។
«អបអរសាទរអ្នកបន្តវេនសុនខហិតមីន នៅដើមឆ្នាំ២០២៤!»។ នេះសាររបស់លោក ហេង រតនា ដែលបានបន្ថែមថា មេសុនខចំនួន២ក្បាល បានកើតកូនសុនខចំនួន១៧ក្បាល ជាមួយសុខភាពល្អ ដោយមានការជួយគ្រប់គ្រងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីបសុពេទ្យ។
អគ្គនាយកនៃមជ្ឈមណ្ដលកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC រូបនេះ បានបញ្ជាក់លើហ្វេសប៊ុក កាលពីថ្ងៃទី២ មករា ថា ៖«កូនសត្វសុនខ ដែលទើបនឹងកើតនេះ នឹងក្លាយជាអ្នកបន្តវេនសុនខហិតមីន។ យើងនឹងជ្រើសរើសសុនខទាំងនោះ ដោយឆ្លងកាត់តាមការហ្វឹកហ្វឺន ប៉ុន្តែមិនដឹងថា សុនខប៉ុន្មានក្បាលនឹងជាប់នោះឡើយ ព្រោះបច្ចុប្បន្នសុនខទាំងនោះនៅតូចៗឡើយ។ បន្ទាប់ពីទទួលបានការហ្វឹកហ្វឺន រយៈពេល ៦ទៅ៧ខែ យើងនឹងយកវាទៅតេស្តសាកល្បង»។
លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា
បើតាមលោក ហេង រតនា នាប៉ុន្មានសប្តាហ៍ខាងមុខ នឹងមានសុនខ៤ក្បាលទៀត ត្រៀមកើតកូន ដែលអាចក្លាយអ្នកបន្តវេនហិតមីនទៀត។ «នេះជាការប្រែប្រួល ក្នុងការពង្រឹងភាពជាម្ចាស់ នៃការបង្កាត់ ជំនាញវិជ្ជាជីវៈដោយមិនពឹងផ្អែកលើអ្នកជំនាញបរទេសទៀតនោះទេ។ នេះជាមោទកភាពមួយ និងជាផ្នែកមួយក្នុងការកាត់បន្ថែមកការចំណាយដ៏ច្រើន លើការបំពាក់សម្ភារៈបច្ចេកទេស ជំនាញកំចាត់មីន បោសសម្អាតសំណល់ជាតិផ្ទុះនៅក្នុងប្រទេស»។ លោក រតនា បានបន្ថែមដូច្នេះ។
ដើម្បីក្លាយជាអ្នកជំនាញហិតមីន សត្វសុនខ ត្រូវហ្វឹកហាត់ថ្នាក់ចំណេះដឹងមូលដ្ឋានរយៈពេល ៦ទៅ៩ខែ។ ក្រោយមក សុនខទាំងនោះ ត្រូវហាត់ជំនាញបច្ចេកទេស ពី៣ ខែទៅ៦ បន្តទៀត។
ការជ្រើសរើសពូជសត្វសុនខនៅកម្ពុជា ដើម្បីហ្វឹកហ្វឺន គឺមានភាពធន់ល្អ បើប្រៀបធៀបនឹងពូជសុនខ នាំចូលពីបរទេស។ ដោយឡែក ពូជសត្វសុនខ ដែលនាំចូលមួយចំនួននោះ ក៏វិវត្តខ្លួនបានយ៉ាងល្អប្រសើរដូចគ្នា។ នាពេលបច្ចុប្បន្ន សត្វសុនខ ដែលមានជំនាញហិតមីន មានជាង ៣០០ក្បាល។ នេះបើតាមប្រធានស៊ីម៉ាក់៕
រូបភាពពីទំព័រហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា
រូបភាពពីទំព័រហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា
Tag:
ThmeyThmey
ស៊ីម៉ាក់
អ្នកជំនាញហិតមីន
CMA
សុនខ
© រក្សាសិទ្ធិដោយ thmeythmey.com