ជាតិ
អ្នកប្រកបរបរទេសចរណ៍ ស្នើអាជ្ញាធរខេត្តបាត់ដំបង ពង្រឹងវិធានការគ្រប់គ្រង់សំរាម
03, Jan 2024 , 4:00 pm        
រូបភាព
សំរាមដែលវេចខ្ចប់រួច ត្រូវបានក្រុមអនាម័យប្រមូលដាក់លើខឿនផ្លូវថ្មើរជើង នៅក្រុងបាត់ដំបង។
សំរាមដែលវេចខ្ចប់រួច ត្រូវបានក្រុមអនាម័យប្រមូលដាក់លើខឿនផ្លូវថ្មើរជើង នៅក្រុងបាត់ដំបង។
បាត់ដំបង៖ អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ មើលឃើញថា ខេត្តបាត់ដំបង មិនទាន់អាចគ្រប់គ្រងសំរាមបានល្អនៅឡើយទេ ជាពិសេសនៅតាមមាត់ស្ទឹងសង្កែ ដងផ្លូវ និងតំបន់ទេសចរណ៍សំខាន់ៗ។ បញ្ហានេះ ពួកគេស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ឡើងវិញ។



លោក បូរ សុភា ជាមគ្គទេសក៍ទេសចរណ៍ បានលើកឡើងថា ខេត្តបាត់ដំបង មានសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប ទាំងប្រវត្តិសាស្រ្ត ប្រាង្គប្រាសាទ ម្ហូបអាហារ សិល្បៈ និងទស្សនីយភាពតាមជនបទ។ ភាពចម្រុះនេះហើយ បានអន្ទងចិត្តភ្ញៀវបរទេសទៅកម្សាន្តច្រើន។ 
 
ទន្ទឹមនឹងភាពសម្បូរបែប លោកក៏មើលឃើញថា ខេត្តភូមិភាគពាយ័ព្យមួយនេះ នៅមានចន្លោះប្រហោងផ្នែកគ្រប់គ្រងអនាម័យ និងសំរាម ជាពិសេសនៅតាមមាត់ស្ទឹងសង្កែ ដងផ្លូវ និងតំបន់ទេសចរណ៍សំខាន់ ជាដើម។ ដើម្បីបង្កើនភាពទាក់ទាញនៅតាមតំបន់ទេសចរណ៍ លោកស្នើអាជ្ញាធរខេត្តបាត់ដំបង ពង្រឹងវិធានការគ្រប់គ្រង់សំរាមឱ្យមានប្រសិទ្ធភាពបន្ថែមទៀត។ 
  
លោក បូរ សុភា ជាមគ្គទេសក៍ទេសចរណ៍ភាសាបារាំង (ឆ្វេង)

ជាមគ្គទេសក៍ទេសចរណ៍ភាសាបារាំង លោក បូរ សុភា មានបង្ហាញអាម្មណ៍ខ្មាសអៀន នៅពេលនាំភ្ញៀវទៅកម្សាន្តតំបន់ទេសចរណ៍មួយ ដែលសម្បូរទៅដោយសំរាម។ បញ្ហាសំរាមនេះ កើតឡើងច្រើននៅភ្នំសំពៅ និងចំណុចតិចតួចតាមមាត់ស្ទឹងសង្កែ។ 
 
លោក ប្រាប់ដូច្នេះថា៖«ការគ្រប់គ្រងសំរាមនៅខេត្តបាត់ដំបង ដូចមិនទាន់បានល្អនោះទេ ជាពិសេស នៅភ្នំសំពៅ និងចំណុចតិចតួចនៅតាមមាត់ស្ទឹង។ ដូច្នេះ គួរតែកែចំណុចនេះមួយទៀត ព្រោះអី នៅពេលខ្ញុំនាំភ្ញៀវដើរកម្សាន្តតាមតំបន់ទេសចរណ៍អស់ទាំងនោះ ខ្ញុំខ្មាស់ភ្ញៀវ ដែលគេនិយាយ រឿងសំរាមច្រើនជាងគេ»។  
 
ចំណែក លោក ប៉េង អាង អ្នករត់រម៉ក់ដឹកភ្ញៀវទេសចរវិញ ក៏បានលើកឡើងដែរថា នៅក្នុងតំបន់ទេសចរណ៍ខេត្តបាត់ដំបង គួរតែមានការគ្រប់គ្រងសំរាមឱ្យបានល្អ ជាពិសេសនៅតាមដងផ្លូវ។ ក្រៅពីនោះ លោកក៏ចង់ឱ្យអាជ្ញាធរ លុបបំបាត់ ការប្រើប្រាស់កុមារឱ្យសុំលុយភ្ញៀវ និងសំខាន់មួយ គ្រប់គ្រងកុំឱ្យមានក្មេងៗ ជក់បារី នៅតាមទីទេសចរណ៍ ព្រោះវាអាចធ្វើឱ្យភ្ញៀវមានអារម្មណ៍ថា អសន្តិសុខ ហើយវាយតម្លៃដល់ប្រជាពលរដ្ឋខ្មែរទាំងមូល។ 
 
លោក ប្រាប់ដូច្នេះថា៖« ដើម្បីបង្កើនការទាក់ទាញផ្នែកទេសចរណ៍ អាជ្ញាធរគួរតែគិតរឿងសំរាមឱ្យបានល្អ។ មួយវិញទៀត ត្រូវមើលលើរឿង ក្មេងសុំលុយភ្ញៀវ ព្រោះវាប៉ះពាល់ដែរ និងសំខាន់មួយទៀត ក្មេងណាជក់បារី កុំឱ្យចូល ព្រោះវាអាចឱ្យគេ (ភ្ញៀវបរទេស) វាយតម្លៃយើងបាន»។ 

លោក ប៉េង អាង អ្នករត់រម៉ក់ដឹកភ្ញៀវទេសចរ នៅខេត្តបាត់ដំបង
 
ពាក់ព័ន្ធនឹងបញ្ហាសំរាមនេះ លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង ទទួលស្គាល់ថាការគ្រប់គ្រងសំរាមរបស់ខេត្តនៅមានចម្លោះប្រហោងតិចតួច ប៉ុន្តែ មិនដល់ថ្នាក់បង្កកជាគំនរស្អុយ ប៉ះពាល់ធ្ងន់ធ្ងរនោះទេ។ បើធៀបនឹងខេត្តដ៏ទៃ លោកថាខេត្តបាត់ដំបង មានអនាម័យ និងបរិស្ថានស្អាតជាងគេ ដែលធ្លាប់ទទួលបានពាន់រង្វាន់ និងមេដាយជាច្រើន។
 
នៅឆ្នាំ២០២៤នេះ មន្ទីរ​បរិស្ថាន ក៏ដូចជា រដ្ឋបាលខេត្ត នឹងរឹតបន្តឹងការពិន័យ ជាពិសេស ជំរុញឱ្យក្រុមហ៊ុនបន្ថែមរថយន្តប្រមូលសំរាម ដើម្បីអនុវត្តឱ្យបាន១០០ភាគរយ តាមគោលការណ៍របស់រដ្ឋាភិបាល ព្រោះថា បច្ចុប្បន្ន ខេត្តបាត់ដំប​ង មានក្រុមហ៊ុនគ្រប់គ្រងសំរាម និងទីលានចាក់សំរាមត្រឹមត្រូវ។ លោក កត បូរ៉ាន ប្ដេជ្ញាបំពេញនូវចំណុចខ្វះខាតទាំងអស់ ដើម្បីប្រែក្លាយបាត់ដំបង ឱ្យទៅជាខេត្តមានអនាម័យឈានមុខគេនៅកម្ពុជា។  
 
លោក ប្រាប់ដូច្នេះថា៖« សំរាមនៅតាមដងវាចេះតែមានខ្លះហើយ ខ្ញុំទទួលស្គាល់ការពិត តែនេះអាចមកពីការយឺតយ៉ាវរបស់ក្រុមហ៊ុនប្រមូលសំរាម។ នៅឆ្នាំ២០២៤ យើងរឹតបន្តឹងការពិន័យ និងជំរុញឱ្យក្រុមហ៊ុន បន្ថែមរថយន្តប្រមូលសំរាម ដើម្បីអនុវត្តឱ្យបាន១០០ភាគរយ តាមគោលការណ៍របស់រដ្ឋាភិបាល ព្រោះថា ឥឡូវយើងក្រុមហ៊ុនគ្រប់គ្រង និងទីលានចាក់សំរាម ដូច្នេះ ចំណុចខ្វះខាតពីដើមមក យើងនឹងបំពេញឱ្យអស់»។ 
 
គួរឱ្យដឹងថា នៅឆ្នាំ២០២៣ ខេត្តបាត់ដំបង ទទួលបានជ័យលាភីជាទីក្រុងស្អាត ផ្ការំដួល៣ទង សុពលភាព ឆ្នាំ២០២២-២០២៥ ព្រមទាំង ជ័យលាភីទីក្រុង ដែលមានពិធីចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២ផងដែរ៕ 

Tag:
 ទេសចរណ៍
  បរិស្ថាន
  បាត់ដំបង
  សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com