កីឡាអន្តរជាតិ
អន្តរជាតិ
Tomiyasu រិះគន់កាលវិភាគប្រកួត Asian Cup, AFCON ជះផលអាក្រក់ដល់កីឡាករ
03, Jan 2024 , 8:19 pm        
រូបភាព
Takehiro Tomiyasu ខ្សែការពារក្រុមកាំភ្លើងធំ Arsenal រិះគន់កាលវិភាគការប្រកួតរបស់ពានរង្វាន់ Asian Cup និង African Cup of Nations ដែលធ្វើឡើងនៅក្នុងចន្លោះខែមករា និងកុម្ភៈ ដែលជះផលអាក្រក់ ដល់កីឡាករ។ កីឡាករសញ្ជាតិជប៉ុន ស្នើឱ្យការប្រកួតពានរង្វាន់ប្រចាំទ្វីបទាំងពីរ រៀបចំនៅខែមិថុនា ក្រោយពេលរដូវកាលតាមលីគនីមួយបានបិទបញ្ចប់ និងពេលប្រកួតដូចទៅនឹងព្រឹត្តិការណ៍ UEFA Euro របស់តំបន់អឺរ៉ុប។



ការប្រកួតពានរង្វាន់លំដាប់ទ្វីបអាស៊ី Asian Cup នឹងត្រូវចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១២ ខែមករា​ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ នៅក្នុងប្រទេសកាតា ចំណែកពានទ្វីបអាហ្វ្រិក African Cup of Nations ដែលធ្វើឡើងនៅក្នុងប្រទេសកូតឌីវ័រ ធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែមករា ដល់ថ្ងៃទី១២ ខែកុម្ភៈ។
 
ការប្រកួតពានរង្វាន់ទាំងពីរនេះ ចំនួន ៣ ព្រឹត្តិការណ៍ហើយ ត្រូវបានរៀបចំឡើងនៅក្នុងចន្លោះពីខែមករា ដល់ខែកុម្ភៈ ដែលជាពេលវេលាដែលតំបន់ស្ថិតនៅក្នុងទ្វីបអាហ្រ្វិក ក៏ដូចជាតំបន់មជ្ឈិមបូព៌ា មានសីតុណ្ហភាពលើពីប្រមាណ ៥០អង្សាសេ ដោយសីតុណ្ហភាពនេះត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់សម្រាប់កីឡាករបាល់ទាត់។
  


ចំណែកសម្រាប់ក្រុមកាំភ្លើងធំអាចនឹងគ្មានវត្តមានកីឡាករ Tomiyasu ដល់ទៅ ៦ប្រកួត ក្នុងនោះមានការប្រកួតក្របខណ្ឌ Premier League ចំនួន ៤ប្រកួត ប្រសិនបើក្រុមជប៉ុនឈានដល់ឡើងដល់វគ្គផ្តាច់ព្រ័ត្រពាន Asian Cup នៅក្នុងប្រទេសកាតា។
 
«ខ្ញុំចឹងឱ្យការប្រកួត ​Asian Cup រៀបចំឡើងនៅក្នុងខែមិថុនា ដូចទៅនឹងពានរង្វាន់របស់អឺរ៉ុប។ ខ្ញុំមិនដឹងទេថាហេតុអ្វីទើបយើងត្រូវលេងនៅក្នុងខែមករា មិនត្រឹមតែពានរង្វាន់ Asian Cup ឡើយ ប៉ុន្តែពានរង្វាន់ African Cup of Nations ដូចគ្នាដែរ។ វាមិនល្អសម្រាប់កីឡាករឡើយ ប៉ុន្តែវាជាអ្វីដែលបានកើតឡើង ហើយខ្ញុំនឹងព្យាយាមក្នុងការវិលត្រឡប់មកវិញជាមួយនឹងពានរង្វាន់ក្នុងដៃ។»។ Tomiyasu បាននិយាយប្រាប់ទស្សនាវដ្តី Evening Standard ក្នុងកិច្ចសម្ភាសមួយនាថ្ងៃទី២ ខែធ្នូ។
 
ជប៉ុនកំពុងតែមានក្តីស្រម៉ៃសម្លឹងមើលការឈ្នះពានរង្វាន់ Asian Cup លើកទី៥ និងជាកំណត់ត្រាថ្មីរបស់ខ្លួន បន្ទាប់ពីពួកគេបានឈ្នះ ៤លើករួចមក។ ជប៉ុន ដែលស្ថិនៅពូល D នឹងចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១៤ ខែមករា ដោយត្រូវតទល់នឹងក្រុមវៀតណាម មុនពេលទៅប៉ះក្រុមអ៊ីរ៉ាក់ និងក្រុមឥណ្ឌូណេស៊ី៕
 


Tag:
 Takehiro Tomiyasu
  Arsenal
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com