សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
នាយក​រដ្ឋមន្ត្រី​ថៃស្នើ​ថវិកាជាតិសម្រាប់ឆ្នាំ២០២៤ជាង ១០០ពាន់​លាន​ដុល្លារ​ទៅកាន់សភា
04, Jan 2024 , 8:39 am        
រូបភាព
លោក សេដ្ឋា ថាវីស៊ីន ថ្លែងនៅក្នុងរដ្ឋសភាថៃ ។ រូបភាព ៖ AP
លោក សេដ្ឋា ថាវីស៊ីន ថ្លែងនៅក្នុងរដ្ឋសភាថៃ ។ រូបភាព ៖ AP
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃទី៣ ខែមករា បានលើកសេចក្តីព្រាងថវិកាជាតិចំនួន ៣,៤៨ ទ្រីលានបាត (១០១,៥២ ពាន់លានដុល្លារ) សម្រាប់ការពិភាក្សាដេញដោលរយៈពេលបីថ្ងៃនៅចំពោះមុខសមាជិកសភា។ សេចក្តីព្រាងថវិកានេះរំពឹងថានឹងអនុម័តរួចរាល់ នៅខែឧសភា ឆ្នាំ២០២៤​។

 
លោក សេដ្ឋា ថាវីស៊ីន បានបង្ហាញសេចក្តីព្រាងថវិកាសម្រាប់ឆ្នាំ២០២៤ ដែលមានទំហំទឹកប្រាក់ ៣,៤៨ទ្រីលានបាត​​ (១០១,៥២ពាន់លានដុល្លារ)ទៅកាន់រដ្ឋសភា។ ថវិកាសារពើពន្ធឆ្នាំ២០២៤នេះ មានទំហំច្រើនជាង ៩ភាគរយឬ ២៩៥ ពាន់លានបាត (៨,៦១ពាន់លានដុល្លារ) នៃថវិកាសារពើពន្ធប្រចាំឆ្នាំ២០២៣ ដែលមានចំនួនត្រឹម ៣,១៨៥​ទ្រីលានបាត (៩២,៩៧ពាន់លានដុល្លារ)។
 
ក្នុងនាមជានាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក សេដ្ឋា បានអះអាងនៅចំពោះសមាជិកសភាថា ៖« ថវិកាពិតជាមានសារៈសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចទៅមុខ»។  
 
បើតាមកាសែត Bangkok Post  ថវិកាប្រមាណ ៣,៤៨ទ្រីលានបាតនេះ គ្រោងបែងចែកចំនួន២៥៣០ ពាន់លានបាត (ជាង ៧២ពាន់លានដុល្លារ) ត្រូវប្រើប្រាស់សម្រាប់ការចំណាយទូទៅប្រចាំឆ្នាំរបស់រដ្ឋាភិបាល។ ក្រៅពីនេះ ទឹកប្រាក់ប្រហែល ១១៨,៣៦ពាន់លានបាត (៣,៣ពាន់លានដុល្លារ) នឹងត្រូវបានដាក់ចូលទៅក្នុងទុនបម្រុងរតនាគារជាតិ ខណៈដែល ៧១៥,៣៨ពាន់លានបាត (២០ពាន់លានដុល្លារ) នឹងត្រូវទុកជាមូលនិធិវិនិយោគ។ 
 
បន្ថែម​ពី​លើ​នេះ ប្រមុខរដ្ឋាភិបាល បានកត់​សម្គាល់​ថា ចំណែក​ដែល​នៅ​សល់​នឹង​ត្រូវ​ប្រើ​សម្រាប់​សង​កម្ចីរបស់​រដ្ឋាភិបាល។ ប្រាក់កម្ចីដែលបានស្នើឡើងជាអតិបរមាមានប្រមាណ ៦៩៣ពាន់លានបាត (ជាង ១៩ពាន់លានដុល្លារ) ស្មើនឹង ៣,៦៣ភាគរយ នៃថវិកាសរុប។
 
សេចក្តីព្រាងថវិកាសម្រាប់ឆ្នាំ២០២៤ នឹងផ្តោតលើបញ្ហាសង្គម ការពង្រីកការអប់រំ និងពង្រឹងប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេស។ 
 
គួរបញ្ជាក់ថា ក្រោយពីត្រូវបានអនុម័តដោយរដ្ឋសភា​ សេចក្តីព្រាងច្បាប់ថវិកានេះ នឹងត្រូវបញ្ជូនទៅគណៈកម្មាធិការមួយរបស់រដ្ឋសភាដើម្បីពិភាក្សាបន្ថែមទៀតនៅថ្ងៃទី ៣-៤ ខែមេសា។ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនបន្តទៅព្រឹទ្ធសភា និងបោះឆ្នោតនៅថ្ងៃទី ៩-១០ ខែមេសា។ ប្រសិន​បើ​ព្រឹទ្ធសភា​បាន​អនុម័ត​នោះ លេខាធិការដ្ឋាន​ខុទ្ទកាល័យ​នឹង​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​នេះ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ​២០២៤៕

Tag:
 ថៃ
  ថវិកា
© រក្សាសិទ្ធិដោយ thmeythmey.com