កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ផ្តល់អំណោយតម្លៃ ៨ម៉ឺនដុល្លារដល់តារាចម្រៀងប្រេស៊ីលដែលច្រៀងក្នុងខួបកំណើតម្តាយ
04, Jan 2024 , 9:38 am        
រូបភាព
Cristiano Ronaldo តារាបាល់ទាត់ឆ្នើមសញ្ជាតិព័រទុយហ្កាល់ បានផ្តល់អំណោយជានាឡិកាម៉ាករ៉ូឡិច (Rolex) ដែលមានតម្លៃជាង ៦,៥ម៉ឺនអឺរ៉ូ (៨,២ម៉ឺនដុល្លារ) ទៅកាន់តារាចម្រៀងប្រុសសញ្ជាតិប្រេស៊ីល Luan Santana ដែលច្រៀងក្នុងកម្មវិធីខួបកំណើតរបស់ម្តាយខ្លួន ចំថ្ងៃឆ្លងឆ្នាំសកលកន្លងទៅ។



កីឡាករប្រធានក្រុម Al Nassr បានធ្វើដំណើរទៅកាន់ទីក្រុងកំណើត Madeira ប្រទេសព័រទុយហ្កាល កាលពីថ្ងៃទី៣១ ខែធ្នូ ដើម្បីចូលរួមអបអរដល់ថ្ងៃខួបកំណើតគម្រប់ ៦៩ឆ្នាំ របស់ម្តាយគេ គឺអ្នកស្រី Maria Dolores Aveiro អំឡុងពេលឈប់សម្រាកការប្រកួតលីគនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ 
 
តារាចម្រៀង Luan Santana បានសម្តែងក្នុងកម្មវិធីខួបកំណើតដោយការច្រៀងចម្រៀងនិងការអបអរដល់អ្នកស្រី Maria ម្តាយរបស់ Ronaldo ហើយក្រោយពេលចប់ការសម្តែងភ្លាមគេទទួលបានអំណោយពីសំណាក់ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ ចំពោះការសម្តែងនោះ។



ការផ្តល់នាឡិកាជានិមិត្តសញ្ញានៃការដឹងគុណ និងការបង្ហាញពីការអរគុណពីសំណាក់ Ronaldo ហើយបើតាមការចុះផ្សាយរបស់គេហទំព័រ Goal នាឡិកាដែលបានផ្តល់ទៅឱ្យតារាចម្រៀងប្រេស៊ីលមានតម្លៃប្រមាណ ៦៥,០០០ អឺរ៉ូ (៨២,០០០​ដុល្លារ)។ ភ្លាមៗក្រោយទទួលបានអំណោយ Luan Santana មានភាពភ្ញាក់ផ្អើលខ្លាំង ដោយបង្ហាញថានាឡិកាម៉ាករូឡិច ដែលផ្តល់ដោយ Ronaldo គឺជានាឡិកាម៉ាកថ្លៃបំផុតដែលគេទើបមានលើកដំបូងបង្អស់។
 
«អ្នកមិនបានធ្វើវាទេ ទេ! […] អ្នកដឹងទេថានេះជាលើកដំបូងរបស់ខ្ញុំ? Rolex ដំបូងរបស់ខ្ញុំ។ ពេលណា! ពីដៃមនុស្សប្រុសម្នាក់ ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់សម្រាប់ការចាប់ផ្តើមឆ្នាំ២០២៤ ជាមួយនឹងក្រុមគ្រួសារដ៏អស្ចារ្យ និងពិសេសបំផុតមួយ អរគុណសម្រាប់ការអញ្ជើញ Cristiano។»។ តារាចម្រៀងសញ្ជាតិប្រេស៊ីល Luan Santana ដែលមានអ្នកចុចតាមដានលើបណ្តាញសង្គម Instagram ជាង ៣៥,២លាននាក់ បានបង្ហោះសារលើគណនីខ្លួនបែបនេះ។
 
ការផ្តល់អំណោយជានាឡិកាដល់តារាចម្រៀងប្រេស៊ីល មិនមែនជាអំណោយតែមួយទេដែល Ronaldo បានផ្តល់នៅក្នុងរាត្រីថ្ងៃខួបកំណើតរបស់ម្តាយរបស់គេ ប៉ុន្តែប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ ក៏បានជូនអំណោយដល់ម្តាយរបស់គេដោយជារថយន្តម៉ាក Porche Cayenne ដែលមានតម្លៃជាង ៣០ម៉ឺនដុល្លារមួយគ្រឿងផងដែរ៕
 

Tag:
 Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com