អន្តរជាតិ
ហេតុអ្វីមនុស្សជិត៤០០នាក់ អាចគេចពីអគ្គិភ័យលើយន្តហោះក្រុមហ៊ុនJapan Airlines បានត្រឹម ៩០វិនាទី?
03, Jan 2024 , 9:29 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន Japan Airlines នៅថ្ងៃទី២ ខែមករា បានឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីចុះចត ដោយសារបានបុកជាមួយយន្តហោះល្បាតសមុទ្រ ដែលដឹកជំនួយសម្រាប់ជនរងគ្រោះដោយសាររញ្ជួយដី។ យ៉ាងណាមិញ វាជារឿងភ្ញាក់ផ្អើលមួយ ដោយអ្នកបម្រើការលើយន្តហោះចំនួន១២ និងអ្នកដំណើរ ៣៦៧នាក់ អាចគេចពីអគ្គិភ័យត្រឹម ៩០វិនាទីប៉ុណ្ណោះ។ តើមនុស្សជិត ៤០០នាក់ អាចគេចផុតពីអគ្គិភ័យក្នុងពេលដ៏ឆាប់រហ័សបានដោយរបៀបណា?

 
បន្ទាប់ពីមានភ្លើងឆេះលើយន្តហោះរបស់ក្រុមហ៊ុនJapan Airlines យ៉ាងខ្លាំង នៅអាកាសយានដ្ឋាន Haneda នៅក្រុងតូក្យូ ក្នុងថ្ងៃទី២ ខែមករា ក្រុមពន្លត់អគ្គិភ័យ បានដុតដៃដុតជើងយ៉ាងខ្លាំង ដើម្បីជួយពន្លត់អគ្គិភ័យលើយន្តហោះ និងបានជួយសង្រ្គោះជីវិតមនុស្សជិត ៤០០នាក់។ ដោយផ្អែកតាមយន្តការជួយសង្រ្គោះ មនុស្សទាំងនោះ ត្រូវបានជួយទាំងអស់ និងមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ។ 
 
ប៉ុន្តែអ្នកបម្រើការលើយន្តហោះល្បាតសមុទ្រជប៉ុន ដែលដឹកជំនួយសម្រាប់ប្រជាជនជប៉ុនរងគ្រោះដោយសារគ្រោះរញ្ជួយដី ចំនួន៥នាក់ ក្នុងចំណោម៦នាក់ បានបាត់បង់ជីវិត ដោយសារតែបុកគ្នាជាមួយយន្តហោះរបស់ក្រុមហ៊ុន Japan Airlines។ យន្តហោះល្បាត Dash-8 ជាយន្តហោះខ្នាតតូច ដែលត្រូវបានផលិតដោយក្រុមហ៊ុន Bombardier។ ពាក់ព័ន្ធនឹងវត្តមានយន្តហោះទំាងពីរស្ថិតលើផ្លូវសម្រាប់ហោះហើរ និងចុះចតតែមួយ មន្រ្តីកំពុងតែស៊ើបអង្កេត។ 
 
ដោយសារមានការជម្លៀសមនុស្សលឿន និងប្រើរយៈពេលត្រឹម ៩០វិនាទី អ្នកជំនាញបានចាត់ទុកជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ និងសរសើរអ្នកដំណើរ មិនព្យាយាមពន្យារពេល តាមរយៈការប្រមូលឥវ៉ាន់របស់ខ្លួន។ ការមិនប្រមូលឥវ៉ាន់ ជានីតិវិធីមួយជួយសង្រ្គោះមនុស្សលើយន្តហោះពេលមានអាសន្ន។ 
 
តាមការយល់ឃើញរបស់អ្នកជំនាញ មនុស្សជាច្រើនរយនាក់ អាចគេចចេញពីអគ្គិភ័យលើយន្តហោះបាន ដោយសារផ្នែកខាងក្នុងយន្តហោះមានផ្សែងតិច ដែលមិនធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរ និងអាចឱ្យពួកគេគេចផុតពីយន្តហោះបាន។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន CNA នៅថ្ងៃទី៣ ខែមករា ជំនួយការសាស្រ្តាចារ្យផ្នែកហោះហើរ នៅសកលវិទ្យាល័យរដ្ឋ Ohio លោក Shawn Pruchnicki បានយល់ឃើញថា ល្បឿននៃការជម្លៀសមនុស្សចេញពីយន្តហោះ គឺមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ 
 
«ខ្ញុំប៉ាន់ប្រមាណការពិតថា ប្រសិនបើអ្នកដំណើរអាចចាកចេញពីយន្តហោះបានត្រឹម ៩០វិនាទី វាអាចដោយសារអ្នកដំណើរមិនព្យាយាមប្រមូលឥវ៉ាន់ ដោយសារវាពិតជាពេលវេលាដ៏រហ័ស»។ លោក Shawn Pruchnicki បានសង្កត់ធ្ងន់បែបនេះ។ 
 
ចំណែកលោក Desmond Ross នាយកគ្រប់គ្រងផ្នែកហោះហើរ និងការធ្វើដំណើរផ្លូវអាកាសរបស់ក្រុមហ៊ុន Ireland Pegasus Aviation Advisors បានអះអាងថា គ្រប់យន្តហោះទាំងអស់ សុទ្ធតែត្រូវបានផ្តល់ឱ្យនូវអាជ្ញាប័ណ្ណសុវត្ថិភាពសកល ដែលអាចអនុញ្ញាតឱ្យមនុស្សអាចភៀសខ្លួនចេញពីយន្តហោះបានតិចជាង ៩០វិនាទី។ លើសពីនេះ លោក Ross បានយល់ឃើញថា សម្ភារទំនើបៗលើយន្តហោះ ក៏អាចជួយជីវិតមនុស្សនៅលើយន្តហោះបានដែរ។
 
បើតាមលោក Ross យន្តហោះជំនាន់មុន គឺមានសម្ភារងាយឆេះ ជាពិសេសគឺកៅអីអង្គុយតែម្តង និងអាចបង្កជាផ្សែង ធ្វើឱ្យមនុស្សឈ្លក់។ យ៉ាងណាមិញ ផ្នែកមួយចំនួនលើយន្តហោះ មិនត្រូវបានបំផ្លាញឡើយ បើទោះមានអគ្គិភ័យក៏ដោយ។ 
 
អ្នកគ្រប់គ្រងរូបនេះ បានសរសើរចំពោះការងាររបស់អ្នកបម្រើការលើយន្តហោះ ដែលបានបើកទ្វារ និងប្រាប់អ្នកដំណើរឱ្យចេញតាមទ្វារ និងរអិលចុះទៅក្រោម តាមក្តាររអិល។ ត្រង់ចំណុចនេះ លោក Desmond Ross ក៏បានយល់ឃើញផងដែរថា វាជាពេលមានការភាន់ច្រឡំរបស់អ្នកដំណើរក្នុងពេលមានអាសន្ន ដោយសារមនុស្សព្យាយាមរត់ចុះពេលលើក្តាររអិល ជាជាងរអិលខ្លួន ដែលអាចបង្ករបួស។ 
 
ទន្ទឹមនេះ លោក Geoffrey Thomas និពន្ធនាយករបស់វេបសាយសុវត្ថិភាពផ្លូវអាកាស Airlineratings.com បានលើកឡើងថា យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនJapan Airlines នោះ ពិតជាមានអាជ្ញាប័ណ្ណ ដែលអ្នកដំណើរអាចគេចចេញពីយន្តហោះបានត្រឹម ៩០វិនាទី នៅពេលមានស្ថានភាពអាសន្នកើតឡើង។ 
 
សូមបញ្ជាក់ថា តាមការបញ្ជាក់របស់មន្រ្តីប្រតិបត្តិក្រុមហ៊ុន Japan Airlines នៅក្នុងសន្និសីទសារព័ត៌មានមួយ ប្រធានក្រុម (Captain) លើយន្តហោះ ត្រូវបានអនុញ្ញាតឱ្យចុះចត ដោយមិនបានឃើញពីយន្តហោះល្បាតដែនសមុទ្រ Dash-8 នៅខាងក្រោម៕

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com