កីឡាអន្តរជាតិ
អន្តរជាតិ
Atal កីឡាករក្រុម Nice ជាប់ពន្ធនាគា៨ខែ និងពិន័យជិត៥ម៉ឺនដុល្លារ លើការបង្ហោះពីសង្គ្រាមអុីស្រាអែល-ហាម៉ាស់
04, Jan 2024 , 2:46 pm        
រូបភាព
កីឡាករសញ្ជាតិអាល់ហ្សេរី Youcef Atal ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារយៈពេល ៨ខែ និងពិន័យជាប្រាក់ប្រមាណ ៤៥,០០០អឺរ៉ុប (៤៩,១៧៩ម៉ឺនដុល្លារ) ពីសំណាក់តុលាការក្នុងទីក្រុង Nice ប្រទេសបារាំង ចំពោះការបង្ហោះទាក់ទងនឹងសង្គ្រាមរវាងអ៊ីស្ត្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់។



តុលាការបាននិយាយថា ការបង្ហោះរបស់ខ្សែការពារ OGC Nice តាមប្រព័ន្ធផ្សព្វផ្សាយសង្គមបង្កឱ្យមានការស្អប់ខ្ពើម ដោយសារសាសនា។
 
វ័យ២៧ឆ្នាំ Atal ដែលបានចូលរួម Nice នៅឆ្នាំ ២០១៨ ត្រូវបានព្យួរពីបាល់ទាត់ដោយក្របខណ្ឌ Ligue 1 កាលពីខែតុលា ចំពោះការបង្ហោះលើបណ្តាញសង្គម ទាក់ទងនឹងសង្គ្រាមរវាងអ៊ីស្ត្រាអែល-ហាម៉ាស់។ ក្រោយការបង្ហោះភ្លាម រូមគេក៏បានលុបចោលភ្លាមៗ ប៉ុន្តែភស្តុតាងត្រូវបានថតចម្លងទុក។
 
Atal បានសុំទោសចំពោះការបង្ហោះរបស់រូបគេ បន្ទាប់ពីត្រូវរងការពិន័យ ដោយគេបានសរសេរបង្ហោះនៅលើបណ្តាញសង្គម Instagram ដូច្នេះថា ៖«ខ្ញុំដឹងថាការបង្ហោះរបស់ខ្ញុំធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ដែលមិនមែនជាចេតនារបស់ខ្ញុំ ហើយខ្ញុំសុំទោស។»។ 
 
វីដេអូដែល Atal បានបង្ហោះមានរយៈពេល ៣៥វិនាទី ​ដោយគេបាននិយាយក្នុងវីដេអូនោះទាក់ទងនឹងជនជាតិប៉ាឡេស្ទីនដែលបានអំពាវនាវបែបបែបន់សាសនា ដោយគេបានលើកឡើងក្នុងវីដេអូនោះថា «សូមឱ្យព្រះបញ្ជូនថ្ងៃខ្មៅងងឹតលើជនជាតិយូដា» ហើយការបង្ហោះនេះត្រូវបានថតចម្លងទុកដោយកាសែតបារាំង Nice-Matin និងបានរាយការណ៍ផ្សព្វផ្សាយ។
 
ចាប់តាំងពីមានជម្លោះតាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ មកដល់បច្ចុប្បន្ន ក្រុមសកម្មប្រយុទ្ធហាម៉ាស់ បានសម្រាប់ប្រជាជនអ៊ីស្ត្រាអែលប្រមាណ ១,២០០នាក់ នៅក្នុងការវាយប្រហារ របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន ដ៏សាហាវក្នុងប្រវត្តិសាស្ត្រចូលក្នុងទឹកដីអ៊ីស្ត្រាអែល ហើយការវាយប្រហារជំរុញឱ្យអ៊ីស្ត្រាអែលមានការសងសឹក និងវាយបកមកវិញទាំងលើដី និងលើអាកាស។
 
អាយុជីវិតប្រជាជនប៉ាឡេស្ទីន គិតត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៤ បានបាត់បង់ចំនួន ២២,៣១៣នាក់។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលក្នុងតំបន់កាហ្សា៕
 

Tag:
 OGC Nice
  Youcef Atal
© រក្សាសិទ្ធិដោយ thmeythmey.com