កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe មិនទាន់កំណត់អនាគត ថានៅ ឬចេញពី PSG ស្របពេល Real Madrid តាមប្រមាញ់
04, Jan 2024 , 4:39 pm        
រូបភាព
Kylian Mbappe នៅមិនទាន់សម្រេចចិត្តអំពីអនាគតជាមួយក្រុម Paris Saint Germain ថាតើ បន្តកិច្ចសន្យា ឬក៏ចាកចេញដោយគ្មានតម្លៃខ្លួននៅក្នុងទីផ្សារដោះដូររលើកទីពីរប្រចាំរដូវកាលនេះ។ កិច្ចសន្យារបស់ខ្សែប្រយុទ្ធបារាំងរូបនេះ នឹងផុតនៅចុងបញ្ចប់រដូវកាល ២០២៣-២៤។



កីឡាករឆ្នើម ដែលជួយបារាំងក្លាយជាម្ចាស់ពាន ​World Cup 2018 នៅតែស្ថិតជាគោលដៅរបស់ក្លិប Real Madrid ខណៈដែលកីឡាករវ័យ ២៥ឆ្នាំ គ្មានបំណងចង់បន្តកុងត្រាជាមួយនឹងក្លិបយក្សរបស់បារាំង PSG។ បច្ចុប្បន្ន Mbappe អាចនឹងចរចាជាមួយនឹងក្លិបដទៃបាន សម្រាប់ឱកាសផ្ទេរចេញ។
 
Mbappe ក្រោយតែពីជួយក្រុម PSG ឈ្នះពានរង្វាន់ Champions Trophy ដោយយកឈ្នះលើ Toulouse លទ្ធផល ២-០ រូបគេបានបញ្ជាក់ថាគេនៅមិនទាន់សម្រេចចិត្តនៅឡើយ អំពីការចាកចេញ ឬបន្តរួមរស់ជាមួយក្លិបយក្សបារាំង។
 
«ទេ ជាការចាប់ផ្តើមជាមួយនឹងអ្វីដែលខ្ញុំបានប្តេជ្ញាចិត្តក្នុងឆ្នាំនេះ វាសំខាន់ណាស់ យើងត្រូវតែឈ្នះបានរង្វាន់ហើយយើងបានឈ្នះពានរង្វាន់មួយរួចហើយ។ ខ្ញុំនៅមិនទាន់មានការសម្រេចចិត្តអ្វីឡើយ ខ្ញុំមិនទាន់បង្កើតជម្រើសនោះទេ […] ការសម្រេចចិត្តរបស់ខ្ញុំនឹងជួយការពារដល់ភាគីទាំងសងខាង ដែលជារឿងសំខាន់បំផុតមួយទៅលើបញ្ហានេះ។»។ Mbappe បាននិយាយអះអាងដូច្នេះ។
 
កិច្ចព្រមព្រៀងដែល Mbappe ថានឹងការពារភាគីសងខាងនោះគឺ កីឡាករវ័យ ២៥ឆ្នាំ នឹងត្រូវបន្តកិច្ចព្រមព្រៀងជាមួយនឹងក្លិប ឬក៏ត្រូវបានលក់ចេញមុនពេលចាប់ផ្តើមរដូវកាល។ បន្ថែមពីនេះ Mbappe ត្រូវបានគេរាយការណ៍ថា បានយល់ព្រមលះបង់ប្រាក់រង្វាន់បន្ថែមលើខ្លួនគេប្រមាណ ១០០លានអឺរ៉ុប (១១០លានដុល្លារ) ដើម្បីជាថ្នូរក្នុងការការពារដល់ក្លិប PSG ប្រសិនគេចាកចេញដោយគ្មានតម្លៃខ្លួន។
 
Mbappe ដែលបានចូលរួម PSG ដោយផ្ទេរពីក្រុម AC Monaco កាលពីឆ្នាំ ២០១៧ ត្រូវបានក្រុមយក្សរបស់អេស្ប៉ាញ Real Madrid តាមប្រម៉ាញ់ចំនួន ២រដូវកាលហើយ ប៉ុន្តែត្រូវបានអាក់ខានវិញដោយការរំខាន់ពីសំណាក់ប្រធានក្លិប PSG លោក Nasser Al Khelaifi ដែលតែងព្យាយាមរារាំង។
 
ជាមួយ PSG តារាបាល់ទាត់បារាំង បានឈ្នះពានរង្វាន់ Ligue 1 បារាំង​ចំនួន ៥លើករួចមកហើយ ខណៈដែលបច្ចុប្បន្នគេក៏កំពុងតែបន្តជួយដល់ក្រុមប្រជែងក្នុងលីគកំពូលដោយឈរចំណាត់ថ្នាក់លេខ ១ និងឈានដល់វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League រដូវកាលនេះ៕

Tag:
 Paris Saint Germain
  Kylian Mbappe
© រក្សាសិទ្ធិដោយ thmeythmey.com