ជាតិ
មន្ត្រីនគរបាល១២រូបទៀត ត្រូវបានបណ្ដេញចេញពីក្របខណ្ឌ
05, Jan 2024 , 3:08 pm        
រូបភាព
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានសម្រេចបណ្ដេញមន្រ្តីនគរបាល១២រូបទៀត នៃស្នងការដ្ឋាននគរបាលជាតិ ពីក្របខណ្ឌ។ ក្នុងសេចក្តីសម្រេច ចុះថ្ងៃទី៣ មករា បានបញ្ជាក់ថា មន្ត្រីទាំង១២រូបនេះ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។



មន្ត្រីទាំង១២រូប ដែលត្រូវបណ្ដេញចេញពីក្របខណ្ឌ រួមមានលោកវរសេនីយ៍ទោ ស ពិសិដ្ឋ នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។ លោកវរសេនីយ៍ត្រី គង់ ចាន់រស្មី នាយផ្នែកអក្សរសម្ងាត់ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ។ លោកអនុសេនីយ៍ឯក ឌួង ចាន់សិត្យា នាយរងផ្នែកនៃការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ។ លោកអនុសេនីយ៍ទោ ថា សោភ័ណ្ឌ នាយរងផ្នែករដ្ឋបាល នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា។ លោកអនុសេនីយ៍ឯក រស់ ឧត្តម នាយរងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌ ៧ មករា។ 
 
លោកអនុសេនីយ៍ឯក ស៊ឹម ប៊ុនធឿន នាយរងផ្នែកការពារ និងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។ លោកអនុសេនីយ៍ទោ ផាន់ ឯម នាយរងផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល។ លោកអនុសេនីយ៍ឯក ជុំ ម៉ៅ មន្ត្រីនៃការិយាល័យអន្តរាគមន៍។ លោកអនុសេនីយ៍ឯក អេន ស៊ីណាត មន្រ្តីនៃស្នងការនគរបាលរាជធានីភ្នំពេញ។ លោកអនុសេនីយ៍ឯក ជិន សុខា មន្ត្រីផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ។ លោកព្រិន្ទបាលឯក ហាក់ មុនីរិទ្ធ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងលោកព្រិន្ទបាលទោ ហេង គឹមលេង មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក។
 
នៅក្នុងសេចក្តីសម្រេចនេះ លោក ស សុខា បានសង្កត់ធ្ងន់ថា ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗ របស់មន្ត្រីទាំង១២រូបនេះ ត្រូវបានកាត់ផ្ដាច់ និងលុបចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីឆ្នាំ២០២៤នេះទៅ។
 
ចាប់ពីចុងឆ្នាំ២០២៣ មកដល់ពេលនេះ មានមន្ត្រីនគរបាលជាតិ ជាង២០នាក់ហើយ ដែលត្រូវបានបណ្ដេញចេញពីក្របខណ្ឌ ដោយសារប្រព្រឹត្តគ្រឿងញៀន និងល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។

Tag:
 នយោបាយ
  ស សុខា
  នគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com