អន្តរជាតិ
ប្រមុខការពារជាតិអាម៉េរិក ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារអាការមិនស្រួល
06, Jan 2024 , 3:59 pm        
រូបភាព
លោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក។ រូបភាព AFP
លោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក។ រូបភាព AFP
ប្រមុខការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន នៅថ្ងៃទី១ ខែមករា ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារអាការមិនស្រួល បន្ទាប់ពីនីតិវិធីនៃការត្រួតពិនិត្យសុខភាព។ មន្ទីរបញ្ចកោណ បានបញ្ជាក់បែបនេះ នៅថ្ងៃទី៥ ខែមករា។

 
តាមការបញ្ជាក់របស់អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ Pat Ryder លោក ឡយ អូស្ទីន ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលវេជ្ជសាស្រ្តយោធាជាតិ Walter Reed បន្ទាប់ពីមានអាការមិនស្រួល ក្រោយពីនីតិវិធីពិនិត្យសុខភាព  នៅថ្ងៃទី១ ខែមករា ។ 
 
យ៉ាងណាមិញ មន្រ្តីអាម៉េរិករូបនេះ មិនបានលើកឡើងពីអាការធ្វើទុក្ខរបស់លោករដ្ឋមន្រ្តី ក្នុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
«លោកបានជាសះស្បើយហើយ និងរំពឹងថាអាចបំពេញតួនាទីពេញលេញនៅក្នុងថ្ងៃនេះ»។ លោក Ryder បានបញ្ជាក់បែបនេះ នៅថ្ងៃទី៥ ខែមករា។ 
 
កន្លងមក ក្រសួងការពារជាតិអាម៉េរិក មិនបានបញ្ចេញពីព័ត៌មានលោកអូស្ទីន ចូលសម្រាកនៅមន្ទីរពេទ្យ ដោយសារអាការមិនស្រួលឡើយ។ 
 
ស្របពេលមានជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា អ្នកនាំពាក្យមន្ទីរបញ្ចកោណបានលើកឡើងថា អនុរដ្ឋមន្រ្តីការពារជាតិ លោកស្រី Kathleen Hicks អាចនឹងទទួលបន្ទុកជំនួស ប្រសិនបើកាលៈទេសៈតម្រូវ។ 
 
សូមបញ្ជាក់ថា លោកអូស្ទីន មានវ័យ៧០ឆ្នាំហើយ ដោយលោកបានបម្រើតួនាទីក្នុងយោធារយៈពេល ៤០ឆ្នាំ មុនពេលចូលនិវត្តន៍ក្នុងឋានៈជានាយឧត្តមសេនីយ៍ផ្កាយ ៤ នៅក្នុងឆ្នាំ២០១៦៕
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com