កីឡាអន្តរជាតិ
អន្តរជាតិ
កីឡដ្ឋាន MetLife នឹងផ្លាស់ប្តូរកៅអីអង្គុយ ដើម្បីត្រៀមដេញថ្លៃរៀបចំជំនួបផ្តាច់ព្រ័ត្រ World Cup 2026
06, Jan 2024 , 5:59 pm        
រូបភាព
កីឡដ្ឋានដ៏ធំប្រចាំអាម៉េរិក MetLife គ្រោងផ្លាស់ប្តូរកៅអីអង្គុយចំនួន ១,៧៤០ កៅអី ដើម្បីពង្រីកទីតាំងអង្គុយក្នុងទីលានសម្រាប់ត្រៀមការប្រកួត FIFA World Cup ឆ្នាំ ២០២៦ និងដើម្បីចូលរួមដេញថ្លៃទទួលការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ ការកែលម្អរឡើងវិញ នឹងត្រូវធ្វើឡើងក្រោយពេលការរៀបចំការប្រកួតពានរង្វាន់ Copa America រួច។


 
កីឡដ្ឋានស្ថិតក្នុងតំបន់ជាយក្រុង Rutherford របស់រដ្ឋ New Jersey កំពុងត្រៀមខ្លួនសម្រាប់រៀបចំការប្រកួតបាល់ទាត់ពិភពលោក World Cup 2026 ដែលជាការប្រកួតមានកំណែរទម្រង់កើនដល់ចំនួន ៤៨ក្រុមលើកដំបូង ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៦។ 
 
កីឡដ្ឋាន MetLife ក៏នឹងត្រូវត្រៀមខ្លួនសម្រាប់ការប្រកួតជុំចុងក្រោយចាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចទៅនឹងកីឡដ្ឋាន AT&T ក្នុងទីក្រុង Arlington រដ្ឋតិចសាស់។ 
ទោះអាម៉េរិកធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតរួមសហការជាមួយនឹងប្រទេសម៉ិកស៊ិក និងកាណាដា តែ សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) នៅមិនទាន់សម្រេចថាកីឡដ្ឋានណាមួយនឹងធ្វើជាទីតាំងរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅឡើយ។ 
 
បើតាមការអះអាងរបស់លោក Heimo Schirgi នាយកប្រតិបត្តិរបស់ FIFA ការប្រកួតក្នុងឆ្នាំ ២០២៦ គឺរៀបចំដោយស្ថាប័ន FIFA ដោយផ្ទាល់ មិនដូចកាលឆ្នាំ ១៩៩៤ ដែលរៀបចំដោយមន្ត្រីរៀបចំរបស់ម្ចាស់ផ្ទះឡើយ។


 
សម្រាប់ការរៀបចំ FIFA បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដូច្នេះថា ៖« កីឡដ្ឋានមួយចំនួនទាមទារគម្រោងដើមទុន ហើយកំពុងត្រូវបានគ្រប់គ្រងគម្រោងនីមួយៗខុសៗពីគ្នា ដោយកន្លែងខ្លះកំណត់ពេលការងារទូទាំងការប្រកួត NFL Offseason ជាច្រើន។ កន្លែងផ្សេងទៀតគ្រោងនឹងបញ្ចប់ាការប្រកួតមួយចំនួននៅរដូវផ្ការីកឆ្នាំ ២០២៦ តែម្តង។»។
MetLife ជាកីឡដ្ឋានដែលបើកដំណើរការតាំងពីឆ្នាំ ២០១០ ដោយកីឡដ្ឋាននេះផ្ទុកមនុស្សបានចំនួន ៨៣,៣៦៧នាក់ ដែលជាចំនួនសមស្របតាមស្តង់ដាររបស់ការប្រកួតវគ្គផ្តាច់ព្រ័ត្ររបស់ World Cup។ កីឡដ្ឋានដែល World Cup តម្រូវសម្រាប់វគ្គផ្តាច់ព្រ័ត្រចាប់ពីចំនួន ៧៤,៨៩៥នាក់ ឡើងទៅ។
 
គ្រោងការផ្លាស់ប្តូរកៅអីអង្គុយកីឡដ្ឋាន MetLife គឺដើម្បីធ្វើឱ្យសមស្របទៅតាមស្តង់ដារដែល FIFA តម្រូវពោលគឺទំហំទីលានប្រកួតមានប្រវែង ៦៨គុណ ១០៥ម៉ែត្រ។
ភាគច្រើនកីឡដ្ឋាននៅអាម៉េរិកមានទំហំទីលានប្រកួតតូចជាងស្តង់ដា FIFA ដោយពួកគេតែងតែប្រើទំហំទីលាន ៤៩ គុណ ១១០ម៉ែត្រ តម្រូវសម្រាប់ការប្រកួតកីឡាបាល់ទាត់បែបអាម៉េរិក NFL ដែលជាកីឡាដ៏ល្បីប្រចាំប្រទេសនេះ៕

Tag:
 World Cup
  World Cup 2026
© រក្សាសិទ្ធិដោយ thmeythmey.com