កីឡាអន្តរជាតិ
អន្តរជាតិ
Forbes៖ Ronaldo ទម្លាក់ Messi គ្រងតំណែងអត្តពលិករកចំណូលលើសគេលើលោក ឆ្នាំ២០២៣
06, Jan 2024 , 7:39 pm        
រូបភាព
Cristiano Ronaldo ត្រឡប់ទៅឈរលើគេក្នុងនាមអត្តពលិករកប្រាក់ចំណូលខ្ពស់បំផុតលើលោកប្រចាំឆ្នាំ២០២៣ ក្នុងបញ្ជីទស្សនាវដ្តី Forbes ក្នុងចំនួន ១៣៦លានដុល្លារអាម៉េរិក ដោយទម្លាក់ Lionel Messi ទៅលេខ២វិញ ក្រោយរក្សាចំណូល ១៣០លានដុល្លារ។ កីឡាករបាល់បោះ LeBron James ធ្លាក់ពីលេខ២ ទៅឈរចំណាត់ថ្នាក់ទី៤ ស្របពេល Kylian Mbappé ឡើងទៅលេខ៣។


 
ប្រាក់ចំណូលសរុប ១៣៦លានដុល្លារ ត្រូវបានខ្សែប្រយុទ្ធក្រុម Al Nassr រកបានក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០២៣ តាមរយៈប្រាក់ឈ្នួលក្នុងកីឡាបាល់ទាត់ រួមជាមួយថ្លៃផ្សាយពាណិជ្ជកម្ម និងអាជីវកម្មផ្សេងៗ។ សម្រាប់ Ronaldo ដែលមានវ័យ៣៨ឆ្នាំ នេះជាការដណ្តើមបានតំណែងកំពូលនៅក្នុងចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ Forbes សារជាថ្មីក្នុងនាមអត្តពលិកមានប្រាក់ចំណូលខ្ពស់បំផុតលើលោកក្រោយអាក់ខាន៥ឆ្នាំ ក្រោយកាន់តំណែងនេះ២លើកជាប់គ្នា ក្នុងឆ្នាំ ២០១៦ និង ២០១៧។
 
ក្នុងចំណោមអត្តពលិកមានចំណូលខ្ពស់បំផុតទាំង១០លើលោក មាន៣រូបជាកីឡាករបាល់ទាត់ ៣រូបជាកីឡាករបាល់បោះ នៅលីគកំពូលអាម៉េរិក NBA និង២រូបជាកីឡាករវាយកូនគោល។ Neymar កីឡាករប្រេស៊ីល និង PSG ដែលជាប់ជាអត្តពលិករកចំណូលបានច្រើនលេខ៤ ប្រចាំឆ្នាំ ២០២២ មិនស្ថិតក្នុងបញ្ជី១០រូបរបស់ Forbes ឆ្នាំ២០២៣នេះឡើយ។
 
កីឡាករបាល់បោះ LeBron James របស់ក្រុម Los Angeles Lakers ធ្លាក់ពីលេខ២ ទៅលេខ៤វិញ ដោយរកបានចំណូលសរុបប្រចាំឆ្នាំចំនួន ១១៩,៥លានដុល្លារ ខណៈ Mbappé ខ្សែប្រយុទ្ធក្រុម PSG ស្ថិតនៅលេខ៣ ដោយរកបាន ១២០លានដុល្លារ។ 
 
 ចំណាត់ថ្នាក់បន្តបន្ទាប់ទៀតរួមមាន៖
 
- ទី៥ Canelo Alvarez អ្នកប្រដាល់សញ្ជាតិម៉ិកស៊ិក រកចំណូលបាន ១១០ លានដុល្លារ។
-ទី៦ Dustin Johnson កីឡាករវាយកូនគោលរបស់អាម៉េរិក រកចំណូលបាន ១០៧លានដុល្លារ។
-៧ Phil Mickelson កីឡាករវាយកូនគោលរបស់អាម៉េរិក រកចំណូលបាន ១០៦លានដុល្លារ។
- ទី៨ Stephen Curry កីឡាករបាល់បោះរបស់ក្រុម Golden State Warriors បានចំណូល ១០០,៤ លានដុល្លារ។ 
- ចំណាត់ថ្នាក់ទី៩ កីឡាករវាយកូនបាល់ Roger Federer បានចំណូល ៩៥,១ លានដុល្លារ។
- ទី១០ Kevin Durant កីឡាករបាល់បោះរបស់ក្រុម Brooklyn Nets មានចំណូល ៨៩,១ លានដុល្លារ៕

Tag:
 Forbes
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com