RFI
សុខភាព
អន្តរជាតិ
សង្កៀតធ្មេញពេលយប់ តើជាជំងឺធ្ងន់ធ្ងរឬទេ?
06, Jan 2024 , 8:59 pm        
រូបភាព
អញ្ចាញធ្មេញដែលមានល្អ មិនចេញឈាមទេ
អញ្ចាញធ្មេញដែលមានល្អ មិនចេញឈាមទេ
ដោយ៖ អៀង សុខម៉ិញ
 
ដេកសង្កៀតធ្មេញ តែងកើតមានជាញឹកញាប់ លើមនុស្សប្រុសស្រី ដែលមានអាការៈថប់កង្វង់ និងស្ត្រេសច្រើន។ ការសង្កៀតធ្មេញពេលយប់ ញយៗ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពធ្មេញ។ តើពេលណាត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យធ្មេញ និងតើត្រូវព្យាបាលយ៉ាងដូចម្តេច ? 

 
សង្កៀតធ្មេញពេលថ្ងៃ អាចជាសញ្ញាបង្ហាញពីអាការៈក្តៅក្រហាយ ខឹងសម្បារចំពោះនរណាម្នាក់ ឬអ្វីមួយ។ ប៉ុន្តែការសង្កៀតធ្មេញខ្លះ មិនមែនជាសម្តែងអារម្មណ៍ឡើយ។ បើតាមតួលេខរបស់សមាគមគ្រូពេទ្យធ្មេញបារាំង ការសង្កៀតធ្មេញអាចស្តែងចេញឡើង នៅពេលថ្ងៃ តែ៨០%កើតឡើងនៅពេលយប់ និងនៅតែពេលគេង លង់លក់ និងជាការសង្កៀតធ្មេញដោយមិនដឹងខ្លួន និងមិនអាចបញ្ជាបាន ព្រោះយើងលង់ក្នុងដំណេកបាត់ទៅហើយ។ បុគ្គលខ្លះទៀត មិនសង្កៀតធ្មេញទេ តំបន់ថ្គាមមានការកន្ទ្រាក់។



 
ការសង្កៀតធ្មេញត្រូវបានសម្គាល់ដោយដៃគូរួមដំណេក ជាភរិយាឬស្វាមី ដែលគេងក្បែរ និងដែលគេងមិនលក់ព្រោះត្រូវរំខានដោយសំឡេងសង្កៀតធ្មេញ។ សំឡេងសង្កៀតធ្មេញ លាន់ឮដូចគេសំឡេងដីសមានគ្រួស អូសសរសេរលើក្តារខៀនយ៉ាងដូច្នេះ ! មានន័យជាសំឡេងដែលស្រគៀស្លឹកត្រចៀកខ្លាំងណាស់ ! មានមនុស្សពេញវ័យយ៉ាងហោចណាស់ ១២% សង្កៀតធ្មេញនៅពេលយប់។ ជាទូទៅ និងជាមធ្យមមនុស្សម្នាក់ៗនោះសង្កៀតធ្មេញ ក្នុងរយៈពេល ពី ៦ ទៅ៨ នាទី ក្នុងមួយយប់ៗ។ បើសង្កៀតបែបនេះ តើនឹងមានផលវិបាកអ្វីកើតឡើង ? ផលវិបាកធំបំផុតគឺធ្មេញ។ វាអាចបង្កឱ្យធ្មេញមានសុខភាពមិនល្អ ព្រមទាំងឆាប់សឹក។
 
ហេតុអ្វីបានជាអ្នកសង្កៀតធ្មេញ ?
 សង្កៀតធ្មេញ ពេលថ្ងៃ ជួនទាំងនៅដឹងខ្លួន មានស្មារតី ជួនដោយមិនដឹងខ្លួន គឺជាអាការៈជំងឺម្យ៉ាងដែលមានពាក់ព័ន្ធជាពិសេសនឹងប្រព័ន្ធប្រសាទ និងចំណាត់ការគ្រប់គ្រងអារម្មណ៍ គ្រប់គ្រងស្ត្រេស។ ឬអាចចាត់ទុកថាជាទម្លាប់អាក្រក់ ដូចយ៉ាងញាក់មុខញាក់មាត់ តែទម្លាប់សង្កៀតញេញធ្មេញ អាចបង្កផលវិបាកយ៉ាងខ្លាំងឆ្អឹងថ្គាម។ 
 ដើម្បីយល់អំពីយន្តការនេះការសង្កៀតធ្មេញ សូមស្តាប់បទអត្ថាធិប្បាយរបស់លោក មីឆែល សឺមេស ដោយត្រួសៗអំពីសីរៈវិទ្យាមនុស្ស។
 
 ឆ្អឹងថ្គាមក្រោម ដែលមានសន្លាក់ភ្ជាប់ទៅទៅឆ្អឹងសៀតផ្កា ជាធម្មតា មានចលនា នៅពេលយើងទំពារ និងលេបទឹកមាត់។ ក្នុងមួយថ្ងៃៗ ថ្គាមរបស់យើងត្រូវគាបរឹត រយៈពេលប្រមាណពី១០ទៅ១៥នាទី ជាសរុប។ ប៉ុន្តែចំពោះអ្នកមានជំងឺសង្កៀតធ្មេញ ឆ្អឹងថ្គាមធ្វើការគាបរឹតដល់ទៅរាប់ម៉ោង។ សម្ពាធមិនធម្មតា ដែលអូសបន្លាយពេលយូរ អាចបង្កឱ្យមានការឈឺចាប់ដល់សន្លាក់ ដល់សៀតផ្កា ឈឺក្បាល និងធ្វើឱ្យមានឮសំឡេងចំឡែកក្នុងត្រចៀក ឬហ៊ឹងត្រចៀក។ តែគឺធ្មេញដែលត្រូវរងទុក្ខទោស និងខូចខាតខ្លាំងជាងគេ ដែលធ្វើឱ្យយើងសើចលែងសមផងក៏ថាបាន ព្រោះធ្មេញត្រូវស្រាំ សឹករិចរិល។”
 
កុមារនិងការសង្កៀតធ្មេញ

ការសង្កៀតធ្មេញឃើញមានកើតឡើងកាន់តែច្រើនឡើងៗ និងញយៗ ចំពោះកុមារតូច។ មានកត្តាជាច្រើនដែលជំរុញឱ្យក្មេងសង្កៀតធ្មេញ ប៉ុន្តែដូចករណីមនុស្សចាស់ដែរ ថ្វីបើគេនិយាយថាមានមូលហេតុច្រើនមែន តែមូលហេតុទាំងនោះសុទ្ធសឹងជាសេចក្តីសន្និដ្ឋាន ជាសមតិកម្ម ច្រើនជាងភាពប្រាកដប្រជា។ ចិត្តសាស្ត្រជាមូលហេតុទីមួយ ព្រោះគេយល់ថា កូនក្មេងពេលនៅតូចនៅឡើយ មិនទាន់ចេះបញ្ចេញអារម្មណ៍ ទើបត្រូវសង្កៀតធ្មេញ។
 
សម្មតិកម្មទីពីរ ក្មេងសាកល្បងស្វែងរកជំហរដ៏ត្រឹមត្រូវមួយសម្រាប់សម្រួលទីតាំងថ្គាម ហើយទៅត្រគៀតធ្មេញ ដែលគេគិតថាទើសទែង។ ការសង្កៀតធ្មេញរបស់ក្មេង ទោះដោយមូលហេតុអ្វីក៏ក៏ជាសំឡេងដែលពិបាកទ្រាំបំផុតសម្រាប់ឪពុកម្តាយ ហើយជាងនេះ ទៅទៀត វាជាគ្រោះថ្នាក់បំផុតសម្រាប់ធ្មេញស្រុក។ មានន័យថាធ្មេញស្រុកនឹងបញ្ឈប់ការដុះលូតលាស់មុនអាយុ ពោលគឺនៅពេលទៅទើសនឹងថ្គាមប្រឈម។
 
ការការពារនិងការព្យាបាល
 
ជាទូទៅ មិនថាចំពោះកុមារឬមនុស្សចាស់ទេ កាលពីដើមឡើយគេគិតថា ការសង្កៀតធ្មេញ បណ្តាលមកពីអ្នកជំងឺនោះ មានបញ្ហាថ្គាម មិនត្រង់ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ អ្នកជំនាញបានស្រុះស្រួលព្រមព្រៀងគ្នា ថា បញ្ហាសង្កៀតធ្មេញមានពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទនៅខួរក្បាល និងស្ត្រេស។ ដូច្នេះគេពិតជាពិបាកកំណត់រកមូលហេតុដែលនាំកើតរោគសង្កៀតធ្មេញណាស់ ព្រោះមានកត្តាច្រើនយ៉ាងពេក។ ប៉ុន្តែគ្រូពេទ្យអាចជួយកំរិតការខូចខាតនិងផលវិបាកដែលបង្កឡើងដោយការសង្កៀតធ្មេញនេះបានខ្លះ។ សូមកុំធ្វេសប្រហែស និងមើលស្រាលអាការៈសង្កៀតធ្មេញឱ្យសោះ។
 
គ្រូពេទ្យធ្មេញអាចដឹងនិងប្រាប់បាន នៅពេលអ្នកទៅពិគ្រោះមើលសុខភាពធ្មេញតាមទម្លាប់ធម្មតា តាមរយៈសភាពរបស់ធ្មេញមានភាពសឹករិចរិល ឬសាច់ដុំនៅថ្គាមឡើងខ្លាំង ដែលជាអាការៈសញ្ញាពិតៗរបស់អ្នកសង្កៀតធ្មេញ។ យកល្អ ប្រសិនបើអ្នកដឹងខ្លួនថាមានទម្លាប់អាក្រក់សង្កៀតធ្មេញពេលយប់ហើយ គួររួសរាន់ទៅពិគ្រោះជាមួយទន្តបណ្ឌិត ដើម្បីកុំឱ្យរោគសញ្ញា នៃការឈឺចុកចាប់នៅតំបន់ថ្គាម នៅតំបន់សៀតផ្កា ឡើងដល់ភ្នែក ដល់ត្រចៀកទាន់។
 
ប៉ុន្តែជាសំណាងអាក្រក់ ការព្យាបាលអាការៈសង្កៀតធ្មេញ មានប្រសិទ្ធភាពត្រឹមមួយរយៈប៉ុណ្ណោះ មិនមែនជាការព្យាបាលឱ្យជាដាច់បានទេ។ ការព្យាបាល ដែល តម្រូវឱ្យអ្នកជំងឺពាក់ស្រោមធ្វើពីផ្លាស្ទិក នៅពេលយប់ ដើម្បីការពារកុំឱ្យធ្មេញលើ និងធ្មេញក្រោមប៉ះគ្នា សង្កៀតទៅធ្វើឱ្យសឹកធ្មេញ។ វិធានការនេះតម្រូវឱ្យអ្នកជំងឺខាំពុម្ពធ្មេញ ដើម្បីឱ្យគ្រូពេទ្យអាចវាស់ចាក់ស្រោមមកពាក់ពីលើធ្មេញ។
 
ធ្វើសមាធិ 
 
ដោយហេតុថាការសង្កៀតធ្មេញ ច្រើនកើតចំពោះមនុស្សដែលមានកង្វង់ និងស្ត្រេសខ្លាំង វិធីសាស្ត្រដ៏ល្អមួយទៀត ដែលគ្រូពេទ្យឯកទេសមាត់ធ្មេញតែងផ្តល់អនុសាសន៍ជូននោះ គឺការគ្រប់គ្រងអារម្មណ៍ ហាត់បន្ធូរអារម្មណ៍ ធ្វើសមាធិ តាំងចិត្តឱ្យរសាយ ឬធ្វើម៉ាស្សា ធ្វើសរសៃ ដើម្បីសម្រួលភាពតានតឹងនៅសាច់ដុំ បង្កឡើងដោយស្ត្រេស។
 
មានមូលហេតុមួយទៀត ដែលអាចជំរុញឱ្យមានការព្យាបាលសមស្របបាន នោះគឺការកាត់បន្ថយការទទួលទានគ្រឿងមានជាតិញៀន សើបស្រាល កាហ្វេ តែ គ្រឿងញៀន គ្រឿងស្រវឹង អាភៀន ថ្នាំប៉ូវ។ បើតាមការស្រាវជ្រាវវេជ្ជសាស្ត្រមួយចំនួន ក៏បញ្ជាក់ថា ផលិតផលទាំងនោះ អាចរុញច្រានឱ្យមនុស្សយើងធ្លាក់ក្នុងអាការៈដេកសង្កៀតធ្មេញ។
 
ជាចុងក្រោយ នៅពេលដែលការសង្កៀតធ្មេញ បានបង្កជាជំងឺ ធ្មេញខូច ពាក់ប្រដាប់ការពារហើយនៅតែគ្មានប្រសិទ្ធភាពគឺមានតែត្រូវធ្វើធ្មេញ ដាក់ធ្មេញស្រោប។ ហើយបើឈានដល់ប៉ះពាល់ដល់សាច់ដុំថ្គាម គ្រូពេទ្យគ្មានជម្រើសអ្វីក្រៅពីត្រូវប្រើថ្នាំដាក់សាច់ដុំដែលពាក់ព័ន្ធនោះទេ៕

Tag:
 នាទីសុខភាពនិងអនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com