អន្តរជាតិ
កូរ៉េខាងត្បូង ចាប់ខ្លួនសកម្មជននិស្សិត២០នាក់ ដែលប៉ុនប៉ងផ្លោះរបងចូលការិយាល័យប្រធានាធិបតី
06, Jan 2024 , 9:59 pm        
រូបភាព
រូបភាព Newsis
រូបភាព Newsis
ប៉ូលិសកូរ៉េខាងត្បូង បានចាប់ខ្លួនសកម្មជននិស្សិតចំនួន ២០នាក់ ដែលប៉ុនប៉ងចូលទៅក្នុងការិយាល័យប្រធានាធិបតី នៅថ្ងៃទី៦ ខែមករា។ មុនការប៉ុនប៉ងនេះ និស្សិតទាំងនោះ បានតវ៉ានៅមុខការិយាល័យប្រធានាធិបតី ទាមទារឱ្យបើកការស៊ើបអង្កេតពិសេសលើស្រ្តីទីមួយ Kim Keon Hee ពាក់ព័ន្ធនឹងការគ្រប់គ្រងតម្លៃភាគហ៊ុនក្រុមហ៊ុនមួយ។

 
សមាជិកសម្ព័ន្ធវឌ្ឍនភាពសកលវិទ្យាល័យកូរ៉េ ត្រូវបានចាប់ខ្លួននៅទីតាំង ក្រោមចេតនាប៉ុនប៉ងផ្លោះរបងចូលការិយាល័យប្រធានាធិបតីនៅថ្ងៃទី៦ ខែមករា នៅក្រុងសេអ៊ូល។ នេះបើតាមការបញ្ជាក់របស់មន្រ្តីកូរ៉េខាងត្បូង។ 
 
មុនការចាប់ខ្លួននេះ និស្សិតទាំងនោះ បានតវ៉ានៅក្រៅការិយាល័យប្រធានាធិបតី ដោយទាមទារឱ្យបើកការស៊ើបអង្កេតពិសេសលើស្រ្តីទីមួយ Kim Keon Hee ដែលជាភរិយារបស់លោកប្រធានាធិបតី យូន សុកយ៉ល។ ប៉ូលិស គ្រោងបើកការស៊ើបអង្កេតបន្ថែមលើចេតនារបស់និស្សិតទាំងនោះ ដែលចង់ផ្លោះរបងចូលការិយាល័យប្រធានាធិបតី។ 
 
បាតុកម្មនេះ ធ្វើឡើងក្រោយប្រធានាធិបតីកូរ៉េខាងត្បូង បានប្រើសិទ្ធិវេតូលើសំណើស៊ើបអង្កេតចំនួន ២ ដោយ១សំណើ ក្នុងចំណោមសំណើទាំងពីរ ពាក់ព័ន្ធនឹងការស៊ើបអង្កេតលើស្រ្តីទី១។ 
 
សូមបញ្ជាក់ថា លោកស្រី Kim បានរងការចោទប្រកាន់ពាក់ព័ន្ធនឹងការគ្រប់គ្រងតម្លៃភាគហ៊ុននៃក្រុមហ៊ុន Deutsch Motors Inc. ជាក្រុមហ៊ុនលក់រថយន្ត BMW នៅកូរ៉េខាងត្បូង នៅចន្លោះឆ្នាំ២០០៩ ដល់២០១២។ យ៉ាងណាមិញ ស្រ្តីទីមួយកូរ៉េខាងត្បូង បានច្រានចោលការចោទប្រកាន់ទាំងនោះ៕ 
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com