ជាតិ
ចង់រៀនអ្វីប្លែកជួយសង្គម! ឱ ច័ន្ទស្រីពៅ តស៊ូប្រឡងរហូតជាប់អាហារូបករណ៍ជំនាញ«ជីវបច្ចេកវិទ្យា» នៅរុស្ស៊ី
07, Jan 2024 , 1:59 pm        
រូបភាព
ភ្នំពេញ៖ «ពេទ្យ»ជាជំនាញក្នុងក្ដីស្រមៃរបស់យុវតី ឱ ច័ន្ទស្រីពៅ ប៉ុន្តែដោយសារជំនាញនេះ មាននិស្សិតនិយមរៀនច្រើន នាងបានងាកមកសិក្សាជំនាញ«ជីវបច្ចេកវិទ្យា»វិញ។ យុវតីដែលប្រឡងជាប់អាហារូបករណ៍រយៈពេល៤ឆ្នាំ នៅសហព័ន្ធរុស្ស៊ីរូបនេះ យល់ថា «ជីវបច្ចេកវិទ្យា» ជាជំនាញមួយដែលប្លែក និងអាចជួយដល់ការអភិវឌ្ឍរបស់សង្គមកម្ពុជានាពេលអនាគត។


 
ក្រោយប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០២០ ដែលជាឆ្នាំក្រសួងអប់រំកំណត់ឱ្យជាប់ដោយស្វ័យប្រវត្តិ កញ្ញា ឱ ច័ន្ទស្រីពៅ បានស្វះស្វែងដាក់អាហារូបករណ៍សិក្សានៅក្រៅប្រទេស។ ស្រីពៅ មានបំណងសិក្សានៅបរទេស ដោយសារនាងអាចប្រើប្រាស់ភាសាអង់គ្លេស និងភាសាចិន បានយ៉ាងល្អ។ មុនជាប់អាហារូបករណ៍ទៅសិក្សានៅរុស្ស៊ី ស្រីពៅ បានប្រឡងជាប់អាហារូបករណ៍សិក្សានៅវៀតណាមផងដែរ។ ទោះជាយ៉ាងណា នាងបានបោះបង់អាហារូបករណ៍នោះ ដោយសារឃើញឱកាសអាហារូបករណ៍សិក្សានៅរុស្ស៊ី។ 
 
បច្ចុប្បន្ន កញ្ញា ឱ ច័ន្ទស្រីពៅ ជានិស្សិតឆ្នាំទី១ ជំនាញជីវបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Far Eastern Federal University ក្នុងទីក្រុង Vladivostok នៃរដ្ឋ Pimorsky Krai សហព័ន្ធរុស្ស៊ី។ យុវតីវ័យ ២១ឆ្នាំរូបនេះ បានប្រឡងជាប់អាហារូបករណ៍រយៈពេល ៤ឆ្នាំ សិក្សានៅសហព័ន្ធរុស្ស៊ី កាលពីឆ្នាំ២០២២ អំឡុងពេលកើតសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន។ 
 
ប្រព័ន្ធអប់រំនៅរុស្ស៊ីខុសប្លែកពីកម្ពុជា ជំរុញឱ្យស្រីពៅ ដាក់អាហារូបករណ៍សិក្សានៅទីនោះ
 
ចង់ស្វែងយល់ពីប្រព័ន្ធអប់រំរុស្ស៊ី បានធ្វើឱ្យយុវតី ឱ ច័ន្ទស្រីពៅ សង្វាតដាក់អាហារូបករណ៍ទៅសិក្សានៅរុស្ស៊ី។ យុវតីសម្បុរស្រអែមរូបនេះ រៀបរាប់ប្រាប់អ្នកសារព័ត៌មានថ្មីៗថា៖ «ខ្ញុំឃើញថា រុស្ស៊ីជាប្រទេសមួយខ្លាំងខាងវិស្វកម្ម, វេជ្ជសាស្រ្ត, វិទ្យាសាស្រ្ត និងមុខជំនាញផ្សេងៗទៀត។ ជំនាញទាំងអស់នេះ មានការរីកចម្រើនច្រើន ដូច្នេះខ្ញុំក៏សម្រេចចិត្តដាក់អាហារូបករណ៍មកសិក្សានៅទីនេះ ដើម្បីបានបទពិសោធន៍ យកទៅអនុវត្តនៅប្រទេសយើង»។ 


 
ក្ដីស្រមៃរបស់ស្រីពៅ គឺក្លាយជាគ្រូពេទ្យ ប៉ុន្តែដោយមើលថាជំនាញមួយនេះ មានសិស្សរៀនច្រើន នាងក៏ប្ដូរមុខជំនាញវិញ។ «ខ្ញុំចង់រកអ្វីមួយដែលប្លែក ដើម្បីអភិវឌ្ឍន៍ប្រទេសខ្ញុំ ហើយខ្ញុំក៏ឃើញមុខជំនាញ ជីវបច្ចេកវិទ្យា ដែលមិនសូវមានស្គាល់ទេ សូម្បីតែប៉ាម៉ាក់ខ្ញុំ។ ប៉ាម៉ាក់ខ្ញុំ សួរថា មុខជំនាញនេះ ពេលមកស្រុកខ្មែរ ធ្វើការខាងអ្វី»។ នេះជាការលើកឡើងរបស់យុវតី ឱ ច័ន្ទស្រីពៅ ដែលបន្ថែមថា ជីវបច្ចេកវិទ្យា មានការពាក់ព័ន្ធនឹងឧស្សាហកម្មចំណីអាហារ ជីវបច្ចេកវិទ្យាចំណីអាហារ បច្ចេកទេសវេជ្ជសាស្រ្ត។ 
 
តាមរយៈមុខជំនាញដែល ស្រីពៅ កំពុងសិក្សានាងមានជំនឿចិត្តថា អាចចូលរួមដោះស្រាយបញ្ហាក្នុងឧស្សាហកម្មចំណីអាហារ ជាពិសេសបង្កើនបរិមាណនៃអាហារូបត្ថម្ភក្នុងចំណីអាហារ។ ស្រីពៅ បន្តថា៖«ខ្ញុំចង់ឱ្យស្រុកខ្មែរយើង មានអ្វីជាខ្លួនឯង និងចង់ឱ្យមានអភិវឌ្ឍន៍ខ្លាំងមិនថាខាងឱសថទេ ខាងចំណីអាហារក៏រីកចម្រើន ខ្លាំងគ្រប់វិស័យ»។
 
យកអាហារូបករណ៍នៅបរទេសពិបាក តែបើជាប់បានបទពិសោធន៍ថ្មី!
 
រុស្ស៊ី ជាប្រទេសមួយមានប្រព័ន្ធអប់រំល្អ។ ក្នុងឆ្នាំ២០២៣កន្លងទៅ ប្រទេសរុស្ស៊ី បានជាប់ចំណាត់ថ្នាក់ទី៦ នៃការវាយតម្លៃពីកម្រិតប្រជាជនទទួលបានការអប់រំច្រើនជាងគេប្រចាំឆ្នាំ ដែលទទួលបានពីអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD)។ ប្រទេសនេះ មានប្រវតិ្តសាស្រ្តយូរអង្វែងនៃសមិទ្ធិផលសិក្សាដ៏រឹងមាំ។


 
ដើម្បីទទួលបានអាហារូបករណ៍នៅប្រទេសនេះ ស្រីពៅ ត្រូវដាក់ពាក្យតាមវេបសាយ និងឆ្លងកាត់ការសម្ភាសផ្ទាល់ ដោយសម្រិតសម្រាំងយកនិស្សិតពូកែទៅសិក្សាប្រមាណ១៥ទៅ២០នាក់ប៉ុណ្ណោះទៅសិក្សា។ ដំបូងឡើយ ស្រីពៅ មិនរំពឹងថាអាចប្រឡងជាប់អាហារូបករណ៍ដ៏ពិបាកមួយនេះនោះទេ។ ប៉ុន្តែមានការជ្រោមជ្រែងពីសិស្សច្បង ទើបនាងអាចជម្នះផលលំបាកនេះបាន។ ស្រីពៅ បានចំណាយពេលអស់១ឆ្នាំ ដើម្បីដាក់អាហារូបករណ៍នេះ។ 
 
ស្រីពៅ រៀបរាប់ពីផលលំបាកក្នុងការដាក់អាហារូបករណ៍ដូច្នេះ៖«ពេលសម្ភាសផ្ទាល់រៀងពិបាកបន្តិច ព្រោះគេចង់ឱ្យសិស្សមានឆន្ទៈក្នុងការសិក្សា។ គេសួរពីវប្បធម៌ទូទៅ, មូលហេតុដែលមកសិក្សានៅទីនេះ និងពីមុខវិជ្ជាដែលជ្រើសរើសបានជួយអ្វីខ្លះដល់ប្រទេសយើង»។ 
 
ក្រោយជាប់អាហារូបករណ៍ និស្សិតអាស៊ីរូបនេះ ត្រូវរៀនភាសារុស្ស៊ី១ឆ្នាំសិន ទើបអាចចូលរៀននៅសាកលវិទ្យាល័យបាន។ ភាសារុស្ស៊ី ជាភាសាដ៏ពិបាកមួយសម្រាប់ស្រីពៅ តែនាងនៅតែឱហាតសិក្សា រហូតអាចទំនាក់ទំនងជាមួយពលរដ្ឋ និងមិត្តរួមថ្នាក់បាន។ 


 
ជាប់អាហារូបករណ៍អំឡុងពេលផ្ទុះសង្រ្គាម តែស្រីពៅ នៅតែក្ដោបឱកាស និងចាកចេញទៅរៀននៅរុស្ស៊ី
 
នៅឆ្នាំ២០២២ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានកើតឡើង។ អំឡុងពេលសម្ភាសអាហារូបករណ៍ ស្រីពៅ ទទួលបានសំណួរមួយពីក្រុមការងារអាហារូបករណ៍ថា៖«ពេលនេះ ប្រទេសរុស្ស៊ីកំពុងមានសង្រ្គាម តើប្អូនសម្រេចមកសិក្សាឬអត់? ហេតុអ្វី?»។ 
 
យុវតី ឱ ច័ន្ទស្រីពៅ ឆ្លើយទាំងមានទំនុកចិត្តថា៖ «បើសង្រ្គាមកើតឡើងខ្លាំង ក៏គេមិនបើកអាហារូបករណ៍ និងមិនទទួលកូនសិស្សឱ្យមករៀនដែរ។ ខ្ញុំជឿជាក់ខ្លាំងលើរដ្ឋាភិបាលយើង បើនៅទីនោះមានបញ្ហាខ្លាំង ក៏រដ្ឋាភិបាលកម្ពុជា មិនបញ្ជូនកូនសិស្សទៅរៀនដែរ»។
 
មកដល់បច្ចុប្បន្ននេះ ស្រីពៅ កំពុងសប្បាយនឹងការសិក្សានៅទីនោះ។ ស្រីពៅ បានឱ្យដឹងថា ការរស់នៅប្រទេសរុស្ស៊ី មិនមានជាបញ្ហាចោទសម្រាប់នាងនោះទេ ប្រទេសនេះស្ងប់ស្ងាត់ល្អ ដោយនាងអាចទៅរៀន និងដើរលេងបានធម្មតា។ 
 
ទៅដល់រុស្ស៊ី ស្រីពៅ រៀនសូត្របានច្រើន និងមិនដូចអ្វីដែលនាងបានគិត
 
បច្ចុប្បន្ននេះ ស្រីពៅ សិក្សានៅប្រទេសរុស្ស៊ី បាន២ឆ្នាំហើយ។ ជាមួយគ្នានេះ រដ្ឋដែលស្រីពៅ រស់នៅគឺមានតែនាងម្នាក់ប៉ុណ្ណោះជាជនជាតិខ្មែរ ខណៈដែលនិស្សិតផ្សេង រស់នៅរដ្ឋដទៃ។ «ពេលខ្ញុំមកដល់រុស្ស៊ីនេះ គឺខុសពីអ្វីដែលខ្ញុំបានគិត។ ខ្ញុំបានរៀនសូត្រពីអរិយធម៌រុស្ស៊ីបានច្រើន។ ប្រជាជនរុស្ស៊ីបានជួយខ្ញុំច្រើនមែនទែន។ ព្រោះរដ្ឋដែលខ្ញុំនៅ មានតែខ្ញុំម្នាក់ទេ ជាខ្មែរ»។ ស្រីពៅ និយាយទាំងរីករាយបែបនេះ។ 


 
ជាកូនទី៣ នៅក្នុងគ្រួសារមួយរស់នៅរាជធានីភ្នំពេញ ស្រីពៅ មិនដែលចាកឆ្ងាយពីគ្រួសារនោះទេ។ ប៉ុន្តែដោយសារការសិក្សា នាងបានជម្នះឧបសគ្គ មកនៅរុស្ស៊ីតែម្នាក់ឯង។ ការរស់នៅទីនេះ បានជំរុញឱ្យយុវតីវ័យក្មេងរូបនេះ ត្រូវចេះសម្របខ្លួនជាមួយបរិយាកាស ជាពិសេសអាកាសធាតុត្រជាក់។ កញ្ញា ឱ ច័ន្ទស្រីពៅ លើកទឹកចិត្តដល់សិស្សនិស្សិតដែលមានបំណងមកសិក្សានៅក្រៅប្រទេស អាចដាក់អាហារូបករណ៍មកសិក្សានៅប្រទេសរុស្ស៊ី និងអាចសួរយោបល់ពីនាងបាន។ លើសពីនេះ ត្រូវជឿជាក់លើខ្លួនឯង និងធ្វើអ្វីដែលខ្លួនឯងចូលចិត្ត៕ 



Tag:
 អប់រំ
  រុស្ស៊ី
  អាហារូបករណ៍
  ជីវបច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com