ជាតិ
ក្រសួងកសិកម្ម កំពុងរកដំណោះស្រាយទីផ្សារដល់វិស័យចិញ្ចឹមសត្វនៅកម្ពុជា
07, Jan 2024 , 4:39 pm        
រូបភាព
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៤ ខែមករា បានដឹកនាំកិច្ចប្រជុំស្វែងរកដំណោះស្រាយទីផ្សារសត្វ សាច់ និងផលិតផលសត្វនៅកម្ពុជា។ កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្ដីការក្រសួងកសិកម្ម ដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងវិស័យឯកជន និងរដ្ឋ។


 
ការអញ្ជើញវិស័យឯកជន និងរដ្ឋឱ្យជួបគ្នានេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីស្ថានភាពពិតប្រាកដ និងគោលជំហររបស់ភាគីពាក់ព័ន្ធទាំងអស់ រួមមានអ្នកចិញ្ចឹមសត្វ អ្នកនាំចូលកុងស៊ី ឬអ្នកកាប់ អ្នកចែកចាយ និងអ្នកលក់ ដើម្បីឈានទៅដោះស្រាយបញ្ហាទីផ្សារសត្វ។
 


នៅក្នុងកិច្ចប្រជុំ លោក ឌិត ទីណា បានបញ្ជាក់ថា ក្រសួងកសិកម្ម នឹងចាត់ចែងឱ្យមានការសិក្សាទីផ្សារគ្រប់ជ្រុងជ្រោយ ដើម្បីវាយតម្លៃឱ្យបានច្បាស់លាស់ពីស្ថានភាព តម្រូវការ និងការផ្គត់ផ្គង់សត្វ ក្នុងខ្សែច្រវាក់ផលិតកម្ម និងតម្លៃ ដើម្បីដោះស្រាយ និងគ្រប់គ្រងបញ្ហានេះឱ្យបានល្អប្រសើរ និងដើម្បីផលចំណេញទាំងអស់គ្នា ក៏ដូចជាសុខុមាលភាពសម្រាប់អ្នកបរិភោគ។
 
ជាមួយគ្នានេះ រដ្ឋមន្រ្តី ក៏បានចាត់តាំង លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដឹកនាំកិច្ចប្រជុំបន្ទាន់ជាមួយក្រុមការងារជំនាញ និងភាគីពាក់ព័ន្ធ ស្តីពីតម្រូវការនិងការផ្គត់ផ្គង់សត្វ ការធ្វើបំណែកសាច់តាមប្រភេទ និងស្តង់ដាគុណភាព ដើម្បីទទួលបានតម្លៃបន្ថែម និងធានាស្ថិរភាពតម្លៃទីផ្សារល្អ និងធានាផលចំណេញសមរម្យសម្រាប់អ្នកផលិត ចែកចាយ និងអ្នកបរិភោគ៕
 
 

Tag:
 កសិកម្ម
  ឌិត ទីណា
  អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com