កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនី Sam Kerr ដែលលេចធ្លោនៅ World Cup របួសសរសៃ ACL អំឡុងហ្វឹកហាត់នៅម៉ារ៉ុក
08, Jan 2024 , 3:09 pm        
រូបភាព
កីឡាការិនី Sam Kerr ប្រធានក្រុមនារី Chelsea រងរបួសសរសៃ ACL អំឡុងពេលហ្វឹកហាត់ជាមួយនឹងក្រុមក្នុងជំរំហ្វឹកហាត់នៅប្រទេសម៉ារ៉ុក។ នេះបើតាមការប្រកាសរបស់ក្លិប Chelsea នាថ្ងៃទី៧ ខែធ្នូ។



បើតាមការប្រកាសរបស់ក្លិបតោខៀវ ៖«កីឡាការិនី Sam នឹងត្រូវវាយតម្លៃដោយអ្នកឯកទេសក្នុងប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់មកចាប់ផ្តើមការស្តារនីតិសម្បទាជាមួយនឹងក្រុមគ្រូពេទ្យរបស់ក្លិប។«។ 
 
សមាគមកីឡាបាល់ទាត់អូស្ត្រាលី ក៏បាននិយាយបន្ថែមលើបញ្ហានេះថា មិនទាន់ដឹងពីពេលគ្រប់គ្រាន់សម្រាប់ការវិលត្រឡប់របស់កីឡាការិនី Sam Kerr ឡើយ ខណៈការខកខានសម្រាប់ការប្រកួតលីគកំពូលនារីរបស់អង់គ្លេស Women Super League រដូវកាល ២០២៣-២៤ ត្រូវបានរំពឹងទុក។
 
Kerr ជាកីឡាការិនីដ៏ល្បីល្បាញមួយរូប លើវិស័យបាល់ទាត់ និងជាកីឡាការិនីដំបូងគេដែលបានបង្ហាញសមត្ថភាពដ៏អស្ចារ្យទាំងការប្រកួតក្នុងព្រឹត្តិការណ៍ World Cup នារីឆ្នាំ ២០២៣។ Kerr ក៏ជាកីឡាការិនីដំបូងបង្អស់ដែលបានតាំងបង្ហាញលើផ្ទាំងគម្របវីដេអូហ្គេមរបស់ ​FIFA កាលពីឆ្នាំ ២០២២ ផងដែរ។
 
កីឡាការិនីវ័យ ៣០ឆ្នាំ ចូលរួមជាមួយនឹងក្រុមនារី Chelsea តាំងពីឆ្នាំ ២០១៩ ដោយនាងរកបានគ្រាប់បាល់ចំនួន ៩៩គ្រាប់ នៅក្នុងការប្រកួតចំនួន ១២៨ប្រកួត និងជួយដល់ក្រុមអង់គ្លេសមួយនេះឈ្នះពានរង្វាន់ជាច្រើន ព្រមទាំងពានរង្វាន់លីគកំពូលនារីចំនួន ៤លើក។
 
ប្រធានក្រុមជម្រើសជាតិអូស្ត្រាលី ក៏បានឈ្នះពានរង្វាន់ឯកត្តជនស្បែកជើងមាស ចំនួន ២លើក ជាមួយនឹងក្រុម Chelsea និងកាលពីឆ្នាំមុខជាកីឡាការិនីឈរនៅលំដាប់ថ្នាក់លេខ ២ សម្រាប់ពានរង្វាន់ Ballon d’Or បន្ទាប់ពីកីឡាការិនី Aitana Bonmati ដែលឈ្នះ។
 
ការរងរបួសសរសៃ ACL នេះមិនមែនត្រឹមតែមានកីឡាការិនី Sam Kerr មួយរូបឡើយ ដោយកីឡាការិនីជាច្រើនដូចជា Catarina Macario របស់ក្រុមអាម៉េរិក, Vivianne Miedema របស់ហូឡង់, ​Beth Mead និង Leah Williamson របស់អង់គ្លេស ដែលលេងឱ្យ Chelsea សុទ្ធឹងតែជួបបញ្ហារបួសនេះដូចគ្នា។ ការរងរបួសនេះបង្កឡើងដោយសារតែកីឡាការិនីទាំងនេះ បានឆ្លងកាត់ការប្រកួតញឹកញប់ ក្រោយជួយដល់ក្រុមជម្រើសជាតិក្នុងការប្រកួតពានរង្វាន់ Women World Cup 2023 រួចមក៕

Tag:
 Sam Kerr
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com