ជាតិ
អភិបាលខេត្តស្វាយរៀង ប្រាប់ឱ្យពលរដ្ឋផ្អាកធ្វើស្រែប្រាំងលើកទី២ ដោយសារអាចជួបបញ្ហាខ្វះទឹក
08, Jan 2024 , 3:59 pm        
រូបភាព
ពលរដ្ឋ បង្កបង្កើនផលស្រូវ នៅខេត្តស្វាយរៀង ( រូបពីហ្វេសប៊ុកមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង)
ពលរដ្ឋ បង្កបង្កើនផលស្រូវ នៅខេត្តស្វាយរៀង ( រូបពីហ្វេសប៊ុកមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង)
ក្រោយពិនិត្យឃើញស្ថានភាពទឹក នៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀង មិនសូវល្អនោះ អភិបាលខេត្ត លោក ប៉េង ពោធិ៍សា បានប្រាប់ពលរដ្ឋឱ្យផ្អាកបង្កបង្កើនផលស្រូវ នារដូវប្រាំងលើកទី២ ។ ការណែនាំរបស់អភិបាលខេត្តរូបនេះ ដោយសារបារម្ភពីបញ្ហាប្រឈមនៃការខ្វះខាតទឹក ដែលនាំឱ្យពលរដ្ឋ មិនអាចបង្កើនផលស្រូវបានល្អ។



យោងតាមផែនការសក្ដានុពលទឹកសម្រាប់ស្រោចស្រពដីធ្វើស្រែប្រាំងឆ្នាំ២០២៣-២០២៤ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានបង្ហាញថា ប្រជាពលរដ្ឋអាចធ្វើស្រែប្រាំងបានត្រឹម២១,២០៦ហិកតាប៉ុណ្ណោះ ប៉ុន្តែផ្អែកតាមការពិនិត្យនិងវាយតម្លៃជាក់ស្ដែងរបស់មន្ទីរកសិកម្មខេត្តវិញ ឃើញថា ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ បានកើនឡើងរហូតដល់២៧,២៥១ហិកតា ដែលលើសផែនការនៃការប្រើប្រាស់ទឹក រហូតដល់៦,០៤៥ហិកតា។ នេះបើតាមលោក ប៉េង ពោធិ៍សា ។
 
ដោយសារឃើញស្ថានភាពបែបនេះ ទើបលោកអភិបាលខេត្ត​ ប្រាប់ឱ្យពលរដ្ឋផ្អាកធ្វើស្រែប្រាំងលើកទី២ ក្រោយពីប្រមូលផលហើយ ចាប់ពីអំឡុងខែមករា ដល់ឧសភាខាងមុខ។ តាមរយៈសេចក្ដីណែនាំស្ដីពីការផ្អាកការបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២ នៅថ្ងៃទី៨ មករា អភិបាលខេត្តស្វាយរៀង បានបកស្រាយថា៖«ករណីប្រជាពលរដ្ឋយើង នៅតែបង្កបង្កើនផលស្រូវរដូវប្រាំងលើកទី២ទៀតនោះ បងប្អូននឹងអាចជួបប្រទះនូវការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះខាតទឹកសម្រាប់សត្វពាហនៈ ជាពិសេសខ្វះខាតទឹកសម្រាប់ស្រោចស្រព ដែលអាចបណ្ដាលឱ្យខូចខាតផលស្រូវ និងខាតបង់ថវិការបស់បងប្អូនប្រជាកសិករថែមទៀត»។
 
ជាមួយគ្នានេះ អភិបាលខេត្តស្វាយរៀង បានជំរុញឱ្យប្រជាពលរដ្ឋ ត្រូវត្រៀមលក្ខណៈស្ដុកទឹកក្នុងស្រះ អណ្ដូង ប្រឡាយ ដែលអាចស្ដុកទឹកបាន សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងសត្វពាហនៈជាដើម។
 
រដ្ឋបាលខេត្តស្វាយរៀង បានពិនិត្យឃើញថា ប្រឡាយ បឹង និងព្រែកធម្មជាតិមួយចំនួន មានសភាពរាក់ មិនអាចធ្វើជាអាងស្ដុកទឹកប្រើប្រាស់ ក្នុងរដូវប្រាំង និងរដូវវស្សា ដែលជាមូលហេតុនាំឱ្យប្រជាពលរដ្ឋ ខ្វះខាតទឹកប្រើប្រាស់ ក្នុងការបង្កបង្កើនផលកសិកម្ម។
 
មើលឃើញពីភាពចាំបាច់បែបនេះ រដ្ឋបាលខេត្តស្វាយរៀង នឹងចាត់ក្រុមការងារចុះពិនិត្យទីតាំង ហើយជីកស្ដារប្រឡាយ បឹង និងព្រែកធម្មជាតិ ឱ្យបានជ្រៅជាងមុន តាមលក្ខណៈបច្ចេកទេស ដើម្បីធ្វើជាអាងស្តុកទឹកទុកប្រើប្រាស់ក្នុងវិស័យកសិកម្ម និងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។
 
 

Tag:
 កសិកម្ម
  ស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com