ជាតិ
សង្គមជាតិ
លោក ឃួង ស្រេង នឹងពិន័យលើជនណា​ដែលទុកដាក់សំរាម មិនបានត្រឹមត្រូវ
08, Jan 2024 , 7:29 pm        
រូបភាព
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ រូបពី រដ្ឋបាលរាជធានីភ្នំពេញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ រូបពី រដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការ លើអ្នកដែលមិនចេះបែងចែកសំរាម បញ្ចេញសំរាមខុសម៉ោង និងបោះចោលសំរាមដោយគ្មានរបៀប។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ មករា។

 
កន្លងមករដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានណែនាំពលរដ្ឋពីការគ្រប់គ្រងសំរាម សំណល់រឹង យ៉ាងលម្អិតពីការញែក វេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាមរួចហើយ។ ចំពោះ ការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យឃើញថា ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម ស្ថាប័នរដ្ឋ ឯកជន រោងចក្រ សហគ្រាស និងពលរដ្ឋមួយចំនួន បានយកចិត្តទុកដាក់និងអនុវត្តតាម។ ប៉ុន្តែមួយចំនួនទៀត មិនបានអនុវត្តឡើយ។ 
 
ដោយពិនិត្យឃើញបញ្ហានេះ នៅតែបន្តកើតមាន លោក ឃួង ស្រេង បានព្រមានយ៉ាងដូច្នេះ៖ «ចាប់ពីពេលនេះតទៅ ចំពោះអ្នកដែលមិនគោរពសេចក្ដីណែនាំខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិធម៌ជាធរមាន… ព្រមទាំងវិធានការរដ្ឋបាលចាំបាច់ផ្សេងទៀត ឬផ្អាកការធ្វើអាជីវកម្ម ជាបណ្ដោះអាសន្ន»។  
 
ចំពោះ សំរាម ត្រូវញែកជាពី គឺសំរាមសើម និងសំរាមស្ងួត។ សំរាមសើម មានដូចជាសំណល់ម្ហូបអាហារ សំណល់សរីរាង្គ ផ្លែឈើ ផ្កាជដើម។ សំរាមស្ងួត មានដូចជា ក្រដាសកាតុង ឡាំង គ្រឿងប្លាស្ទីក ហ្វូម ជ័រ ដែក កំប៉ុង ដប។ សំរាម និងសំណល់រឹង មុននឹងបញ្ចេញ ត្រូវសម្រិតទឹកចេញ។ ថង់សំរាមត្រូវចងមាត់ឱ្យបានជិតត្រឹមត្រូវ។ ហាមចោលសំរាម សំណង់រឹង នៅតាមអណ្ដូងលូ ប្រឡាយ ទីសាធារណៈ អាងស្តុកទឹក និងហាមដុត។ រីឯ អំបែងកញ្ចក់ និងសំណង់មុតស្រួចនានា ហាមវេចខ្ចប់លាយឡំជាមួយសំរាមសើម និងសំរាមស្ងួត។ នេះជាការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការគ្រប់គ្រងសំរាម។ 
 
ជាមួយគ្នាដែរ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យអ្នករស់នៅក្នុងខណ្ឌដូនពេញ ៧មករា ទួលគោក បឹងកេងកង បញ្ចេញសំរាម នៅម៉ោង៦ដល់៩យប់ ហើយបើបញ្ចេញខុសពីម៉ោងនេះ នឹងមានការផាកពិន័យ។ ចំណែក ពលរដ្ឋនៅខណ្ឌចំនួន៩ទៀត មានឫស្សីកែវ សែនសុខ ជ្រោយចង្វារ ដង្កោ ព្រែកព្នៅ ពោធិ៍សែនជ័យ កំបូល មានជ័យ និងច្បារអំពៅ ត្រូវបញ្ចេញសំរាម ចាប់ពីម៉ោង៦យប់ដល់៩យប់។ ពលរដ្ឋក្នុងខណ្ឌទាំង៩ ដែលរស់នៅតាមផ្លូវធំ និងផ្លូវរណបវិញ អាចបញ្ចេញសំរាមនៅម៉ោង៨ព្រឹក ដល់ពេលម៉ោង៩យប់។ 
 
សូមជម្រាបថា បើជនណាមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីខេត្ត ស្ដីពីការញែក និងវេចខ្ចប់សំរាម នឹងត្រូវពិន័យចាប់ពី មួយម៉ឺនរៀល ដល់ពីរសែនរៀល តាមស្ថានភាពជាក់ស្ដែង។ ចំពោះ បុគ្គលដែលបញ្ចេញសំរាមខុសម៉ោង ដែលណែនាំខាងលើវិញ ត្រូវពិន័យពីរម៉ឺនរៀល ដល់បួនសែនរៀល។ រីឯ បុគ្គលដែលបោះចោលសំរាម តាមដងផ្លូវឬទីកន្លែង ដែលរដ្ឋបាលហាមឃាត់ ត្រូវពិន័យពី ពីរម៉ឺនរៀល ដល់បួនសែនរៀល។ ចំណែក ដុតសំរាម នៅទីសាធារណៈ តាមផ្លូវ ទីវាល ឬកន្លែង ដែលរដ្ឋបាលបានហាម ត្រូវពិន័យពីប្រាំម៉ឺនរៀល ដល់មួយលានរៀល។ នេះបើតាមអនុក្រឹត្យស្ដីពី ការគ្រប់គ្រងសំរាម សំណង់រឹងទីប្រជុំជន ចេញថ្ងៃទី២៧សីហា ឆ្នាំ២០១៥៕

Tag:
 សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com