កីឡាអន្តរជាតិ
អន្តរជាតិ
FA Cup ៖​ បិសាចក្រហមឡើងជុំទី៤​ លោក Ten hag ថាមកពីឥទ្ធិពលលោក Ratcliffe
09, Jan 2024 , 11:29 am        
រូបភាព
ក្រុម Manchester United បន្តដំណើរឡើងទៅកាន់ជុំទី៤ FA Cup ក្រោយយកឈ្នះលើក្រុម Wigan Athletic លទ្ធផល ២-០ ដោយការស៊ុត ២គ្រាប់ពីសំណាក់ខ្សែការពារ Diogo Dalot និង Bruno Fernandes នៅក្នុងកីឡដ្ឋាន DW នាថ្ងៃទី៨ ខែមករា។


ជ័យជម្នះជុំទី៣​ លើក្រុមមកពីលីគទី៣ គឺជាការបន្ធូរបន្ថយសម្ពាធមួយសម្រាប់ម្ចាស់ពាន ១២សម័យ FA Cup ក្រុម Man United ដែលកំពុងជួបបញ្ហាទម្រង់លេង និងក្រោយធ្លាក់ចេញពីក្របខណ្ឌអឺរ៉ុប និង EFL Cup។
 
ឡើងទីជុំទី៤ លោក Erik ten Hag ដែលជាអ្នកចាត់ការក្រុម សរសើរដល់ឥទ្ធិពលនៃការបំផុសគំនិតសម្រាប់ក្លិប របស់លោក Ratcliffe។ ​ក្រុមហ៊ុន INEOS របស់លោក Jim Ratcliffe បានទិញភាគហ៊ុន ២៥ភាគរយ របស់ក្រុមបិសាចក្រហមកាលពីខែមុន ហើយថែមទាំងទទួលបានការគ្រប់គ្រងលើប្រតិបត្តិការបាល់ទាត់របស់ក្លិប។
 
«ពានរង្វាន់ FA Cup គឺដើម្បីឈ្នះការប្រកួត ព្រោះតែវាជាការប្រកួតចាញ់ធ្លាក់ ដូច្នេះអ្នកត្រូវតែបញ្ចប់ការងារមួយនេះ។ នេះជាអ្វីដែលខ្ញុំបាននិយាយនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ហើយការងារបានបញ្ចប់។ […] ​ការមកដល់របស់លោក Jim Ratcliffe គឺជាការបំផុសគំនិតមួយ គ្រប់គ្នាមានសុទិដ្ឋិនិយម ហើយយើងមានការងារច្រើនត្រូវធ្វើ វាជាដំណើររបស់យើង ជាគម្រោងរបស់យើង យើងត្រូវតែប្រឈមមុខនិងឧបសគ្គខ្លះ តែយើងនៅតែអាចបន្តដំណើរទៅបាន និងការវិលត្រឡប់មកវិញ។»។ លោក Ten Hag បាននិយាយបែបនេះក្រោយចប់ការប្រកួត។
 
ការសហការគ្នាយ៉ាងល្អរបស់កីឡាករក្រុមបិសាចក្រហម គ្រាប់បាល់ទីមួយកើតឡើងដោយខ្សែការពារស្លាបស្តាំ Diogo Dalot ស៊ុតបញ្ចូលទីនៅនាទី២២ ដែលជាការបញ្ជូនដោយមិត្តរួមក្រុម Marcus Rashford វគ្គទីមួយ មុនពេលដល់វគ្គទីពីរ Bruno Fernandes ប្រធានក្រុមស៊ុតបាល់ពិន័យ ១១ម៉ែត្រ បញ្ចូលទីនាទី៧៤។
 
​Man United នឹងត្រូវរង់ចាំជួបក្រុមដែលឈ្នះការប្រកួតរវាងក្រុមមកពីលីគទី២ Newport County ប៉ះជាមយយនឹងក្រុមមកពីលីគលំដាប់ទី៥ ​Eastleigh FC សម្រាប់ការប្រកួតជុំទី៤។
បន្ទាប់ពីការប្រកួត FA Cup នេះទៅ ក្រុមបិសាចក្រហមនឹងត្រូវបន្តដំណើរនៅក្នុងការប្រកួត​ Premier League ដោយពួកគេនឹងត្រូវបើកទ្វារកីឡដ្ឋាន Old Trafford ស្វាគមន៍ភ្ញៀវ Tottenham Hotspur នាថ្ងៃទី១៣ ខែមករា។ ហើយការប្រកួតជុំទី៤ FA Cup នឹងធ្វើឡើងចាប់ពីថ្ងៃទី២៧ ដល់ ២៩ ខែមករា៕

Tag:
 Manchester United
  FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com