អន្តរជាតិ
លោកប្លីងខិន ជំរុញអុីស្រាអែលឱ្យបន្តរក្សាទំនាក់ទំនងជាមួយប៉ាឡេស្ទីន លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក (ឆ្វេង) បានជួបជាមួយនាយករដ្ឋមន្រ្តីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី៩ ខែមករា។ រូបភាព Xinhua
× ក្នុងអំឡុងដំណើរទស្សនកិច្ចលើកទី៤ទៅតំបន់មជ្ឈិមបូព៌ា ប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី៩ ខែមករា បានជំរុញអុីស្រាអែលឱ្យសម្រេចចិត្តដ៏ពិបាក ដើម្បីរក្សាទំនាក់ទំនងជាមួយប៉ាឡេស្ទីន ដែលជាអ្នកជិតខាងរបស់ខ្លួន។ ការអំពាវនាវនេះ ជាការត្រួសត្រាយផ្លូវសម្រាប់ប៉ាឡេស្ទីន ក្នុងការបង្កើតរដ្ឋ។
នៅក្នុងការធ្វើដំណើរជាលើកទីបួនទៅកាន់តំបន់អារ៉ាប់ចាប់តាំងពីខែតុលាក្នុងការស្វែងរកការ បញ្ឈប់សង្គ្រាម និងអំពើហិង្សា រដ្ឋមន្ត្រីការបរទេស អាម៉េរិក លោក អាន់តូនី ប្លីងខិន បាននិយាយថាលោកនឹងចែករំលែកនូវអ្វីដែលលោកទទួលបានក្នុងកិច្ចពិភាក្សាពីរថ្ងៃជាមួយ ហ្ស៊កដានី កាតា អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត។
បន្ទាប់ពីកិច្ចប្រជុំជាមួយសម្ព័ន្ធមិត្តអារ៉ាប់ លោកបាននិយាយថា ពួកគេចង់ធ្វើ សមាហរណកម្ម ជាមួយអ៊ីស្រាអែលដែលជាគោលដៅយូរអង្វែងរបស់អ៊ីស្រាអែលមកហើយ ប៉ុន្តែលុះត្រា តែប្រទេសមួយនេះចូលរួមជ្រោមជ្រែងសម្រាប់ដំណើរការសម្រេចបានរដ្ឋប៉ាឡេស្ទីន។
«ខ្ញុំគិតថាពិតជាមានឱកាសជាក់លាក់មួយ»។ លោកប្លីងខិនលើកឡើងចំពោះមុខរដ្ឋមន្ត្រីការ បរទេសអ៊ីស្រាអែលលោក Israel Katz បែបនេះរួចបន្តថា ពួកគេត្រូវតែឆ្លងកាត់ពេលវេលា ដ៏លំបាកនេះ ហើយធានាថាថ្ងៃទី៧ ខែតុលា មិនអាចកើតឡើងម្តងទៀតបានទេ ហើយ ព្រមទាំងដើម្បីកសាងអនាគតល្អប្រសើរជាងមុនផងដែរ។
លោកប្លីងខិន ក៏បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ហើយរំពឹង នឹងជជែកជាមួយសមាជិកនៃគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់អ៊ីស្រាអែលដែលត្រូវបានបង្កើតឡើង បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលាផងដែរ។
រដ្ឋមន្ត្រីការបរទេសរូបនេះធ្លាប់លើកឡើងហើយថា លោកនឹងដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីធានាការការពារដល់ជនស៊ីវិលនៅតំបន់កាហ្សា ហើយអនុញ្ញាតឱ្យជំនួយមនុស្សធម៌អាចទៅដល់ពួកគេ។ ឯប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានលើកឡើងមុននេះថា ក្រុងវ៉ាស៊ីនតោនបានជំរុញអ៊ីស្រាអ៊ែលឱ្យដកចេញកម្លាំងមួយចំនួនពីតំបន់កាហ្សា។
គួរបញ្ជាក់ថា ការវាយលុករបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៣០០០ នាក់ បំផ្លាញតំបន់កាហ្សាជាច្រើន និងបានផ្លាស់ទីលំនៅភាគច្រើននៃប្រជាជនចំនួន ២,៣ លាននាក់៕
Tag:
អាម៉េរិក
អារ៉ាប់
អុីស្រាអែល
ប៉ាឡេស្ទីន
ហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com