ជាតិ
វីដេអូ
កត្តាសិស្ស,គ្រូបង្រៀន,អាណាព្យាបាល និងមិត្តភក្តិ ជំរុញឱ្យជាប់និទ្ទេស A!
10, Jan 2024 , 2:15 pm        
រូបភាព
ភ្នំពេញ៖ កត្តា​សិស្ស, កត្តា​គ្រូ​បង្រៀន, កត្តា​អាណាព្យាបាល និង​កត្តា​​មិត្ត​ភក្តិ​ ពិតជា​រួម​ចំណែក​ជួយ​ឱ្យ​សិស្ស​ជាប់​និទ្ទេសA។ លោកស្រី ជេត បុប្ផាផល ជា​គ្រូ​បង្រៀន និង​ជា​អាណាព្យា​បាល​សិស្ស​និទ្ទេស A បាន​លើកឡើងថា ការចូលរួម​ពី​អាណាព្យាបាល ជា​ផ្នែក​មួយដ៏​សំខាន់ក្នុង​ការ​​​ជួយ​ជំរុញឱ្យ​កូ​ន​​រៀនសូត្រ​ទទួល​បាន​ភាព​ជោគជ័យ។



ការសិក្សានៅ​ថ្នាក់​វិទ្យាល័យ​ សិស្សានុសិស្ស​មួយចំនួន មាន​គោលដៅ​យក​និទ្ទេស A។ ដើម្បី​ទទួល​បាន​និទ្ទេស A ត្រូវ​ការ​ការចូលរួម​ពី​អាណាព្យាបាល គ្រូ​បង្រៀន មិត្ត​ភក្តិ និង​កត្តា​របស់​សិស្ស​ផ្ទាល់។ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សម្ដេច ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃទី​៩ មករា លោកស្រី ជេត បុប្ផាផល ជាគ្រូបង្រៀន និងជាអាណាព្យាបាលសិស្សនិទ្ទេស A បានឱ្យ​ដឹង​ថា កត្តា​ទាំង​៤ខាង​លើ ពិតជា​មាន​សារៈសំខាន់​ក្នុង​ជួយ​ឱ្យ​សិស្ស​ទទួល​បាន​និទ្ទេសA។ 
 
បើតាម​លោកស្រី បុប្ផាផល កត្តាសិស្ស និង​គ្រូ គឺ​សិស្ស​ត្រូវតែ​ជា​សិស្ស​ដែល​ខិតខំ​ និង​យក​ចិត្ត​ទុក​ដាក់​លើ​ទើប​គ្រូ​​បង្រៀនទៅ​ឆាប់យល់​។ ចំណែក​កត្តា​អាណាព្យា​បាល​វិញ គឺ​ត្រូវ​ការ​ការ​ចូលរួមពី​អាណាព្យាបាល និង​កត្តា​មិត្តភក្តិ ត្រូវ​រាប់អាន​មិត្ត​ភក្តិ​ល្អ និង​ចូលចិត្ត​រៀន​សូត្រ​។ 
 
ក្នុង​នាម​ជា​អាណាព្យាបាល​សិស្ស​និទ្ទេស A ជុំ សុធីរៈ លោកស្រី បុប្ផាផល បាន​បណ្ដុះ​កូន​តាំង​ពី​កុមារភាព។ លោកស្រី រៀបរាប់​យ៉ាង​ដូច្នេះ៖ «ខ្ញុំ​តាំង​ចិត្ត​ខ្លួ​នឯង ខ្ញុំ​តាំងចិត្ត​ថាខ្ញុំ​នឹង​ធ្វើ​ឱ្យ​គ្រាប់​ពូជ​មួយគ្រាប់នេះ ក្លាយជា​គ្រាប់​ពូជ​​ និង​ជា​ធនធាន​ ដែល​សង្គមជាតិ​ត្រូវ​ការ​។ ដូច្នេះ​ខ្ញុំ​ត្រូវ​បង្ហាត់​បង្រៀន​គាត់​ តាំង​ពី​តូច​ ហើយ​ខ្ញុំ​ដឹង​ថា​គាត់​មាន​គុណ​សម្បត្តិ និង​គុណវិបត្តិ​យ៉ាងម៉េច​ បើចំណុច​ណា​មិន​ល្អ​ ខ្ញុំ​កែគាត់»៕ 
 
សូម​អញ្ជើញ​ទស្សនា​វីដេអូខាង​ក្រោមដូចតទៅ៖
 

Tag:
 និទ្ទេស A
  គ្រូបង្រៀន
  អាណាព្យាបាល
© រក្សាសិទ្ធិដោយ thmeythmey.com