កីឡាអន្តរជាតិ
អន្តរជាតិ
មេ ​PSG មិនឱ្យ Messi ហែរពាន World Cup ក្នុងកីឡដ្ឋាន ព្រោះខ្លាចកំហឹងពីអ្នកគាំទ្របារាំង
10, Jan 2024 , 7:59 pm        
រូបភាព
«អាហ្សង់ទីនឈ្នះបារាំងលើកពាន FIFA World Cup» ទីបំផុតលោក Nasser Al-Khelaifi ប្រធានក្លិប Paris Saint Germain បានបង្ហាញពីមូលហេតុដែលមិនអនុញ្ញាតឱ្យអតីតខ្សែប្រយុទ្ធ Lionel Messi រៀបចំកម្មវិធីដង្ហែរពានរង្វាន់ពិភពលោក ឆ្នាំ២០២២ នៅក្នុងទឹកដីកីឡដ្ឋាន Parc des Princes។



ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ ជួយក្រុមអាហ្សង់ទីនឈ្នះពានរង្វាន់ World Cup ក្នុងឆ្នាំ ២០២២ នៅក្នុងប្រទេសកាតា តែមិនត្រូវបានក្លិប PSG រៀបចំកម្មវិធីអបអរ ឬក៏ការដង្ហែរពាននៅក្នុងប្រទេសបារាំង ជាពិសេសនៅក្នុងកីឡដ្ឋាន Parc des Princes បន្ទាប់ពីរូបគេបានវិលត្រឡប់ដល់ទឹកដីបារាំង។ មិត្តរួមក្រុមរបស់ Messi នៅតាមបណ្តាក្លិបដទៃត្រូវបានទទួលស្វាគមន៍ និងអបអរយ៉ាងកក់ក្តៅសម្រាប់ការឈ្នះពាន World Cup។
 
អាហ្សង់ទីនយកឈ្នះលើបារាំងដោយបាល់កាត់ក្តី ១១ម៉ែត្រ លទ្ធផល ៤-២ ក្រោយលទ្ធផលស្មើ ៣-៣ រយៈពេល ១២០នាទី។
 
មូលហេតុដែលលោក Al Khelaifi បានបង្ហើបនោះគឺ មានភាពភ័យខ្លាចចំពោះកំហឹងរបស់អ្នកគាំទ្របារាំង ព្រោះតែ​ Messi បានបំបាក់មិត្តរួមក្រុម Kylian Mbappe ដែលការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ World Cup 2022។ 
  


«សម្រាប់ខ្ញុំ ដូចដែលខ្ញុំបាននិយាយ ប្រសិនបើគ្រប់គ្នាចង់ដឹងពីមូលហេតុដែលយើងមិនអនុញ្ញាតឱ្យអបអរសម្រាប់គេបានគ្រប់គ្រាន់ បន្ទាប់ពីគេបានឈ្នះ World Cup ព្រោះថាយើងនៅក្នុងប្រទេសបារាំង ហើយគេឈ្នះទល់នឹង Mbappe។ យើងជាក្លិបបារាំង ខ្ញុំមិនចង់ឱ្យអ្នកគាំទ្រក្នុងកីឡដ្ឋានទាំងមូលមានកំហឹងចំពោះរូបគេដូចគ្នា ខ្ញុំគិតថាយើងគួរតែគោរពទៅលើរឿងនេះ។»។ លោក Khelaifi បាននិយាយប្រាប់ទូរទស្សន៍ RMC TV បែបនេះ។
 
មុនពេលផ្លាស់ទៅកាន់ក្រុម Inter Miami កីឡាករវ័យ ៣៦ឆ្នាំ ត្រូវបានគេឃើញថាទទួលបានការរិះគន់ខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ក្លិប PSG។ អំឡុងពេលស្ថិតនៅក្លិប Inter Miami ខ្សែប្រយុទ្ធប្រធានក្រុមក៏ធ្លាប់បាននិយាយនៅក្នុងកិច្ចសម្ភាសមួយជាមួយនឹងទូរទស្សន៍ ESPN ថា គេមិនសប្បាយចិត្តជាមួយក្លិប PSG ដែលមិនអបអរដល់ការឈ្នះ World Cup ដូចទៅនឹងមិត្តរួមក្រុមរបស់គេនៅក្លិបដទៃ៕

Tag:
 Paris Saint Germain
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com