អន្តរជាតិ
ឥណ្ឌូណេស៊ី ងាកទៅគម្រោងសាងសង់ជញ្ជាំងទប់ទឹកសមុទ្រ ដើម្បីការពារក្រុងហ្សាការតា
10, Jan 2024 , 6:19 pm        
រូបភាព
ទឹកជំនន់នៅក្នុងក្រុងហ្សាការតា ក្នុងឆ្នាំ២០២១។ រូបភាព AFP
ទឹកជំនន់នៅក្នុងក្រុងហ្សាការតា ក្នុងឆ្នាំ២០២១។ រូបភាព AFP
ឥណ្ឌូណេស៊ី កំពុងពិនិត្យមើលឡើងវិញលើគម្រោងសាងសង់ជញ្ជាំងទប់ទឹកសមុទ្រដែលគ្រោងចំណាយលើសពី ១០,៥ ពាន់លានដុល្លារ ដើម្បីទប់ស្កាត់ក្រុងហ្សាការតាពីការជន់លិចខ្លាំង។

 
ក្រុងហ្សាការតា ជារដ្ឋធានីឥណ្ឌូណេស៊ីដែលមានប្រជាជនរស់នៅច្រើនជាង១០លាននាក់។ ទីក្រុងនេះ លិចទៅក្នុងទឹកក្នុងប្រវែង៤ម៉ែត្រ នៅចន្លោះឆ្នាំ១៩៩៧ ដល់ ២០០៥។ រដ្ឋធានីមួយនេះ  អាចនឹងលិចទៅក្នុងទឹកតែម្តងនៅត្រឹមឆ្នាំ២០៥០ ប្រសិនបើគ្មានដំណោះស្រាយ។ 
 
ដើម្បីទប់ស្កាត់ទឹកលិចរដ្ឋធានី ឥណ្ឌូណេស៊ីកំពុងពិនិត្យឡើងវិញលើផែនការសាងសង់ជញ្ជាំងទប់ទឹកសមុទ្រ។ គម្រោងមួយនេះ មានចំនួន៣ដំណាក់កាល ដោយត្រឹមពីរដំណាក់កាលប៉ុណ្ណោះ នឹងចំណាយដល់ ១០,៥ពាន់លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីសម្របសម្រួលសម្រាប់កិច្ចការសេដ្ឋកិច្ច លោក Airlangga Hartarto នៅថ្ងៃទី១០ ខែមករា។ តែយ៉ាងណា មន្រ្តីឥណ្ឌូណេស៊ីរូបនេះ មិនបានបញ្ជាក់ពីតម្លៃគម្រោងសាងសង់ជញ្ជាំងទប់ទឹកសមុទ្រនៅដំណាក់កាលទី៣ឡើយ។ 
 
គម្រោងសាងសង់ជញ្ជាំង ដែលមានចំនួន៣ដំណាក់កាលនេះ អាចនឹងបញ្ចប់លើសពីឆ្នាំ២០៤០។ 
 
ជាការពិត គំនិតសាងសង់ជញ្ជាំងទប់ទឹកសមុទ្រខាងលើមានមកជាយូរមកហើយ។ ប៉ុន្តែថ្មីៗនេះ អាជ្ញាធរឥណ្ឌូណេស៊ី បានលើកយកមកពិនិត្យឡើងវិញ។ 
 
ក្នុងមួយឆ្នាំ រដ្ឋធានីហ្សាការតាលិចទៅក្នុងទឹក២៥សង់ទីម៉ែត្រ ខណៈជំនន់ដោយជំនោរទឹកសមុទ្រមានកម្ពស់ ២០០សង់ទីម៉ែត្រ ជារៀងរាល់ឆ្នាំ។ បន្ថែមពីនេះ ឥណ្ឌូណេស៊ីក្នុងមួយឆ្នាំៗបានខាតលុយប្រមាណជិត ១៣៥លានដុល្លារ ដោយសារទឹកជំនន់ ហើយក្នុងរយៈពេល១ទសវត្សរ៍ខាងមុខ ឥណ្ឌូណេស៊ី អាចខាតបង់ដល់ ៦៤២លានដុល្លារឯណោះ។ 
 
កន្លងមក អាជ្ញាធរឥណ្ឌូណេស៊ី បានហាមឃាត់ការទាញយកទឹកនៅក្រោមដី រួមទាំងការផ្លាស់ប្តូររដ្ឋធានីថ្មីជាដើម៕

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com