ជាតិ
សង្គមជាតិ
ឃើញរៀន «បណ្ឌិត» កាន់តែច្រើន រដ្ឋមន្ត្រីអប់រំណែនាំពីយន្តការបណ្តុះបណ្តាល និងព្រមានអ្នកលួចចម្លងស្នាដៃនិក្ខេបបទ
11, Jan 2024 , 10:25 am        
រូបភាព
លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា។ រូបថត Moeys Cambodia
លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា។ រូបថត Moeys Cambodia
ដោយ: រួបរួម
លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំអំពីកិច្ចការសំខាន់ៗមួយចំនួនដល់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ក្រោមឱវាទក្រសួង ទាក់ទងនឹងការបណ្តុះបណ្តាលថ្នាក់បណ្ឌិត ដោយលោកបានកត់សម្គាល់ឃើញពីកំណើនជាបន្តបន្ទាប់នៃចំនួននិស្សិតកំពុងសិក្សា និងបានបញ្ចប់ការសិក្សា។



ដើម្បីលើកកម្ពស់ និងធានាគុណភាព នៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិត រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ណែនាំដល់គ្រឹះស្ថាន ឧត្តមសិក្សាសាធារណៈ និងឯកជន ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា នូវកិច្ចការសំខាន់ៗ ចំនួន៩ចំណុច ចាប់ពីការជ្រើសរើសនិស្សិតចូលរៀន ដល់និក្ខេបបទបញ្ចប់ការសិក្សា។

ចំពោះការជ្រើសរើសនិស្សិតចូលរៀន លោក ហង់ជួន ណារ៉ុន ណែនាំគ្រឹះស្ថានឧត្តមសិក្សាឱ្យពិនិត្យ និងកំណត់ឡើងវិញនូវលក្ខខណ្ឌឱ្យបានលម្អិត និងច្បាស់លាស់ និងត្រូវផ្សព្វផ្សាយជាសាធារណៈ។ គ្រឹះស្ថានឧត្តមសិក្សាត្រូវពង្រឹងយន្តការនៃការពិនិត្យលើសំណុំពាក្យសុំចូលរៀន និងការប្រឡង រួមទាំងជ្រើសរើសនិស្សិតចូលរៀនឱ្យបានត្រឹមត្រូវតាមការកំណត់របស់ក្រសួង តាមរយៈការប្រឡងលើមុខវិជ្ជាឯកទេស និង/ឬ មុខវិជ្ជាតម្រូវ និងការការពារសំណើ គម្រោងស្រាវជ្រាវ។

សម្រាប់កម្មវិធីសិក្សា គ្រឹះស្ថានឧត្តមសិក្សាត្រូវរៀបចំកម្មវិធីសិក្សាតាមទម្រង់កម្មវិធីសិក្សាបែបការរៀនមុខវិជ្ជា និងការសរសេរនិក្ខេបបទ ឬកម្មវិធីសិក្សាបែបការស្រាវជ្រាវ និងការសរសេរនិក្ខេបបទ។ ត្រង់ចំណុចនេះ មុននឹងបណ្តុះបណ្តាល គ្រឹះស្ថានឧត្តមសិក្សាត្រូវរៀបចំកម្មវិធីសិក្សាលម្អិត និងត្រូវសុំការទទួលស្គាល់ពីក្រសួងអប់រំ។

សេចក្តីណែនាំចុះថ្ងៃទី១០ ខែមករា ក៏បានលើកឡើងផងដែរអំពីប្រធានបទសិក្សាស្រាវជ្រាវថ្នាក់បណ្ឌិត ដោយគ្រឹះស្ថានឧត្តមសិក្សាត្រូវសម្របសម្រួលការជ្រើសរើសប្រធានបទសិក្សាស្រាវជ្រាវ ដែលត្រូវជាប្រធានបទថ្មី និងចូលរួមដោះស្រាយបញ្ហាជាក់ស្តែងនៅក្នុងសហគមន៍ ឬក្នុងឧស្សាហកម្ម និងត្រូវស្របតាមវិស័យអាទិភាពរបស់ប្រទេស ឬពិភពលោក។

អំពីរចនាសម្ព័ន្ធនិក្ខេបបទ វិញ រដ្ឋមន្ត្រីអប់រំ បញ្ជាក់ទៅគ្រឹះស្ថានឧត្តមសិក្សាឱ្យរៀបចំគោលការណ៍ណែនាំស្តីពី ការរៀបចំនិក្ខេបបទស្របតាមការកំណត់របស់ក្រសួង ហើយក៏ត្រូវផ្ញើគោលការណ៍ណែនាំស្តីពីការរៀបចំនិក្ខេបបទនេះទៅក្រសួងផងដែរ។

ពាក់ព័ន្ធនឹងគ្រូបង្រៀន គ្រូណែនាំ និងការដឹកនាំនិក្ខេបបទថ្នាក់បណ្ឌិត ក្រសួងបានកំណត់គោលការណ៍ច្បាស់លាស់។ សាស្ត្រាចារ្យ ឬគ្រូបង្រៀន ត្រូវមានសញ្ញាបត្របណ្ឌិត មានបទពិសោធបង្រៀន និងមានស្នាដៃ បោះពុម្ពអត្ថបទស្រាវជ្រាវក្នុងទស្សនាវដ្ដីស្រាវជ្រាវវិទ្យាសាស្ត្រ។ សាស្ត្រាចារ្យ ឬគ្រូណែនាំនិក្ខេបបទ ត្រូវមានសញ្ញាបត្របណ្ឌិត មានស្នាដៃបោះពុម្ពអត្ថបទស្រាវជ្រាវក្នុង ទស្សនាវដ្ដីស្រាវជ្រាវ និងមានបទពិសោធជាសាស្ត្រាចារ្យណែនាំ។ សហសាស្ត្រាចារ្យ ឬគ្រូណែនាំ អាចមកពីស្ថាប័នខាងក្រៅ ជាអ្នកអនុវត្តផ្ទាល់ ដែលមានជំនាញ និងបទពិសោធស្របតាមប្រធានបទរបស់បេក្ខជន និងត្រូវមានសញ្ញាបត្របណ្ឌិតហើយនិស្សិតម្នាក់ៗត្រូវដឹកនាំដោយសាស្ត្រាចារ្យ ឬគ្រូណែនាំយ៉ាងតិច២រូប។

អំពីការពិនិត្យវឌ្ឍនភាពនៃការសិក្សា និងការស្រាវជ្រាវរបស់និស្សិត គ្រឹះស្ថានឧត្តមសិក្សាត្រូវតម្រូវឱ្យនិស្សិតមានផែនការ ច្បាស់លាស់ ដោយត្រូវមានការណែនាំ និងយល់ព្រមពីសាស្ត្រាចារ្យ ឬគ្រូណែនាំគោល។ គ្រឹះស្ថានឧត្តមសិក្សាត្រូវមានយន្តការពិនិត្យវឌ្ឍនភាពនៃការសិក្សា និងការស្រាវជ្រាវរបស់និស្សិត ប្រចាំត្រីមាស ឆមាស និងឆ្នាំ ដោយត្រូវផ្ដោតលើចំនួនក្រេឌីតសិក្សា ការប្រឡងតេស្តវាស់ ស្ទង់សមត្ថភាព សំណើស្រាវជ្រាវ ការរីកចម្រើននៃការស្រាវជ្រាវ ការចូលរួម និងធ្វើបទបង្ហាញក្នុង សិក្ខាសាលាថ្នាក់ជាតិ ឬអន្តរជាតិ ការបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវ ការសរសេរនិក្ខេបបទ និង ការការពារនិក្ខេបបទបញ្ចប់ការសិក្សាជាដើម។

ទាក់ទងនឹងការបោះពុម្ពផ្សាយ គ្រឹះស្ថានឧត្តមសិក្សាត្រូវបញ្ជាក់ប្រភេទទស្សនាវដ្ដីស្រាវជ្រាវសម្រាប់បោះពុម្ពផ្សាយឱ្យបាន ច្បាស់លាស់ដល់និស្សិត ជៀសវាងការបោះពុម្ពផ្សាយក្នុងទស្សនាវដ្ដីស្រាវជ្រាវដែលមិនមានគុណភាព។ គ្រឹះស្ថានឧត្តមសិក្សាត្រូវកំណត់ប្រភេទអត្ថបទស្រាវជ្រាវឱ្យបានច្បាស់លាស់ ដែលនិស្សិតត្រូវ បោះពុម្ពសម្រាប់បំពេញលក្ខខណ្ឌបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត។

ឈានដល់ការការពារនិក្ខេបបទបញ្ចប់ការសិក្សា រដ្ឋមន្ត្រីតម្រូវឱ្យគ្រឹះស្ថានឧត្តមសិក្សាពង្រឹងការអនុវត្តលក្ខខណ្ឌតាមប្រភេទនៃការបណ្តុះបណ្តាលនីមួយៗឱ្យស្របតាមបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹង ការបណ្តុះបណ្តាលថ្នាក់បណ្ឌិត។ គ្រឹះស្ថានឧត្តមសិក្សាត្រូវសុំការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា មុននឹងដំណើរការការពារ និក្ខេបបទបញ្ចប់ការសិក្សា។

ចំណុចចុងក្រោយ លោក ហង់ជួន ណារ៉ុន ផ្តោតលើក្រមសីលធម៌ស្រាវជ្រាវ និងការដាក់ពិន័យលើការលួចចម្លងស្នាដៃ។ ត្រង់ន័យនេះ គ្រឹះស្ថានឧត្តមសិក្សាត្រូវមានគណៈកម្មការពិនិត្យ និងឯកភាពលើក្រមសីលធម៌នៃការស្រាវជ្រាវថ្នាក់បណ្ឌិត ដើម្បីបញ្ជាក់ត្រឹមត្រូវថានិក្ខេបបទរបស់និស្សិត មិនមែនជាការលួចចម្លងស្នាដៃពីអ្នកដទៃ។ គ្រឹះស្ថានឧត្តមសិក្សាត្រូវចែងឱ្យបានច្បាស់លាស់នៅក្នុងគោលការណ៍បណ្តុះបណ្តាលរបស់ខ្លួន ស្ដីពី ការដាក់ពិន័យដូចជា ការដកហូតសញ្ញាបត្របណ្ឌិត នៅពេលរកឃើញថាមានការលួចចម្លងស្នាដៃ ឬការប្រព្រឹត្តខុសក្រមសីលធម៌ស្រាវជ្រាវ។

«រាល់សំណុំឯកសារ និងលិខិតស្នើសុំពាក់ព័ន្ធនឹងការបណ្តុះបណ្តាលថ្នាក់បណ្ឌិត ត្រូវដាក់ចូលតាមរដ្ឋបាល របស់ក្រសួងអប់រំ យុវជន និងកីឡា»។ នេះជាការបញ្ជាក់របស់លោក ហង់ជួន ណារ៉ុន នៅក្នុងលិខិតណែនាំ៕



Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com