កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ប្រេស៊ីល-អាហ្សង់ទីន រងពិន័យសរុបជាង៨ម៉ឺនដុល្លារ ជុំវិញជម្លោះរវាងអ្នកគាំទ្រ នៅវគ្គជម្រុះ
11, Jan 2024 , 6:59 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ​ដាក់ពិន័យជាប្រាក់ទៅលើសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) និងអាហ្សង់ទីន (AFA) ជុំវិញជម្លោះរវាងអ្នកគាំទ្រក្រុមទាំងសងខាងអំឡុងការប្រកួតជម្រុះព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ កាលពីខែវិច្ឆិកា​ ឆ្នាំ ២០២៣។



ប្រេស៊ីលរងពិន័យជាប្រាក់ប្រមាណ ៥៩,០០០ដុល្លារ ចំពោះភាពបរាជ័យក្នុងការរក្សានូវប្រព័ន្ធច្បាប់ និងសណ្តាប់ធ្នាប់ក្នុងកីឡដ្ឋាន រីឯអាហ្សង់ទីនរងការពិន័យចំនួន ២៣,០០០ដុល្លារ សម្រាប់ការខ្វះសណ្តាប់ធ្នាប់ និងវិស័យជុំវិញកីឡដ្ឋាន របស់ក្រុមអ្នកគាំទ្រ។
 
លើសពីនេះអាហ្សង់ទីន ក៏ត្រូវបានបញ្ជាឱ្យបង់ប្រាក់ ៥៩,០០០ដុល្លារ បន្ថែមទៀត ទៅលើគម្រោងអប់រំប្រឆាំងនឹងការរើសអើង ដោយសារតែប្រព្រឹត្តខុសដោយអ្នកគាំទ្រនៅក្នុងការប្រកួតជម្រុះ World Cup 2026 ចំនួន ២លើក។
 
ជម្លោះរវាងក្រុមអ្នកគាំទ្រទាំងសងខាងក្នុងកីឡដ្ឋាន Maracana ក្នុងទីក្រុង Rio De Janeiro ប្រទេសប្រេស៊ីល អំឡុងពេលក្រុមកីឡាករទាំងសងខាងកំពុងច្រៀងចម្រៀងភ្លេងជាតិមុនការប្រកួត ហើយការប្រកួតត្រូវបានពន្យាពេលប្រមាណ ២៧នាទី។ កាលនោះ អាហ្សង់ទីន យកឈ្នះប្រេស៊ីល ១-០ ដែលធ្វើឱ្យក្រុមជើងឯក World Cup ៥សម័យ រងភាពអាម៉ាស់ក្នុងដីលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅវគ្គជម្រុះ World Cup។
 
ជុំវិញការពិន័យនេះ FIFA បានសរសេរថា ៖«ចំពោះការពិន័យទឹកប្រាក់ ៥៩,០០០ដុល្លារ គឺត្រូវបានវិនិយោគក្នុងផែនការប្រឆាំងនឹងការរើសអើង។ យ៉ាងហោចកៅអីចំនួន ៥០ភាគរយនឹងតម្រូវឱ្យអង្គុយសម្រាប់ការប្រកួតលើកក្រោយ។»។
 
បច្ចុប្បន្នអាហ្សង់ទីន ជាក្រុមស្ថិតនៅចំណាត់ថ្នាក់កំពូលតារាងក្នុងវគ្គជម្រុះ តំបន់អាម៉េរិកឡាទីន នៃពានបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន ៦លើក ខណៈប្រេស៊ីលស្ថិតនៅចំណាត់ថ្នាក់លេខ ៦ បន្ទាប់ពីចាញ់ ៣ប្រកួត ជាប់គ្នា។
 
ស្រដៀងគ្នាចំពោះបញ្ហាកើតឡើងពីអ្នកអាកប្បកិរិយារបស់អ្នកគាំទ្រ ជំនួបរវាងប្រទេសអេក្វាទ័រ ទល់នឹងអ៊ុយរូហ្កាយ ក៏ត្រូវបានរងពិន័យពី FIFA ដូចគ្នា។ ប្រទេសស៊ីលី និងកូឡុំប៊ី ក៏រងទណ្ឌកម្មពី FIFA សម្រាប់ទង្វើរមិនល្អរបស់ក្រុមអ្នកគាំទ្រខ្លួន ប៉ុន្តែស៊ីលីរងពិន័យធ្ងន់ត្រូវបង់ប្រាក់ប្រមាណ ៩៤​,០០០ដុល្លារ លើការអប់រំប្រឆាំងនឹងការរើសអើង ហើយកូឡុំប៊ី និងអ៊ុយរូហ្កាយ រងពិន័យម្នាក់ ៣៥,០០០ដុល្លារ៕

Tag:
 World Cup
  ប្រេស៊ីល
  អាហ្សង់ទីន
© រក្សាសិទ្ធិដោយ thmeythmey.com