អន្តរជាតិ
យោធាថៃនឹងជួលដីមិនប្រើប្រាស់ទៅប្រជាជនក្រីក្រក្នុងតម្លៃដ៏ទាប សម្រាប់ធ្វើកសិកម្ម
11, Jan 2024 , 7:59 pm        
រូបភាព
លោក Sutin Klungsan រដ្ឋមន្រ្តីការពារជាតិថៃ។ រូបភាព ក្រសួងការពារជាតិ
លោក Sutin Klungsan រដ្ឋមន្រ្តីការពារជាតិថៃ។ រូបភាព ក្រសួងការពារជាតិ
ដីរដ្ឋមួយចំនួន ដែលត្រូវបានប្រើប្រាស់ដោយយោធាថៃ នឹងត្រូវដាក់ជួលក្នុងតម្លៃដ៏ទាបសម្រាប់ប្រជាជនក្រីក្រ អាចធ្វើកសិកម្មបាន។ លោក Sutin Klungsan រដ្ឋមន្រ្តីការពារជាតិថៃ បានបញ្ជាក់បែបនេះ នៅថ្ងៃទី១០ ខែមករា។ ការចាប់ផ្តើមជួលដី អាចធ្វើឡើងនៅខែក្រោយ។

 
ពីខែក្រោយទៅ យោធាថៃ នឹងចាប់ផ្តើមជួលដីដែលមិនប្រើប្រាស់ដល់ប្រជាជនក្រីក្រក្នុងទំហំដីចាប់ពី៣៩១៨ រ៉ៃឡើងទៅ ដើម្បីអនុញ្ញាតឱ្យប្រជាជនអាចធ្វើកសិកម្មបាន។ 
 
ក្នុងកម្មពិធីជួបជាមួយប្រជាជនក្នុងស្រុក Phra Samut Chedi ខេត្ត Samut Prakan នៅថ្ងៃទី១០ ខែមករា លោក Sutin Klungsan រដ្ឋមន្រ្តីការពារជាតិថៃ បានលើកឡើងថា ដោយសារកងទ័ពជើងទឹក មិនត្រូវការដីទាំងនោះ យោធាថៃសម្រេចជួលដីឱ្យគ្រួសារ ដែលរកបានចំណូលទាប។
 
បើតាមលោក Sutin ការផ្តល់ដីជួលនេះធ្វើឡើងតាមការសន្យារបស់បក្សភឿថៃកាលពីមុនការបោះឆ្នោត ក្នុងការជួយកសិករដែលគ្មានដីកសិកម្ម ហើយអាចទាញផលប្រយោជន៍ពីដីទាំងនោះបាន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។ 
 
ទន្ទឹមនេះ ប្រមុខការពារជាតិថៃ បានបន្ថែមថា នីតិវិធីក្នុងការចែកដីអាចនឹងបញ្ចប់នៅខែក្រោយ ហើយលោកសេដ្ឋា ថាវីស៊ីន នឹងចូលរួមក្នុងការកម្មវិធីជួលដីឱ្យទៅប្រជាជន។ ដីដែលស្ថិតក្រោមការគ្រប់គ្រងយោធានេះ ជាសម្បត្តិរបស់នាយកដ្ឋានរតនាគារជាតិ។ 
 
នៅចំពោះមុខប្រជាជន រដ្ឋមន្រ្តីការពារជាតិ បានបន្តពន្យល់ថា យ៉ាងណាក៏ដោយ ដីទាំងនោះ នៅតែជាកម្មសិទ្ធិរបស់រដ្ឋ ប៉ុន្តែរដ្ឋជួលដី ឱ្យប្រជាជនក្រីក្រក្នុងតម្លៃទាបខ្លាំង ហើយប្រជាជនអាចរស់នៅលើដីរដ្ឋ ដោយគ្មានរយៈពេលកំណត់។ 
 
កន្លងមក ដីនៅកន្លែងមួយចំនួននៅក្នុងស្រុក Phra Samut Chedi ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពជើងទឹក ត្រូវបានជួលឱ្យប្រជាជនមួយចំនួនរួចហើយ៕

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com