អន្តរជាតិ
ចិនហៅបេក្ខជនប្រធានាធិបតីតៃវ៉ាន់William Lai ជាគ្រោះថ្នាក់ធំ
11, Jan 2024 , 4:53 pm        
រូបភាព
អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន លោក Chen Binhua និងលោក William Lai បេក្ខជនប្រធានាធិបតីតៃវ៉ាន់របស់បក្សប្រជាធិបតេយ្យជឿនលឿន (DPP) (ឆកោណ)។ រូបភាព AFP និងXinhua
អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន លោក Chen Binhua និងលោក William Lai បេក្ខជនប្រធានាធិបតីតៃវ៉ាន់របស់បក្សប្រជាធិបតេយ្យជឿនលឿន (DPP) (ឆកោណ)។ រូបភាព AFP និងXinhua
ចិន នៅថ្ងៃទី១១ ខែមករា បានចាត់ទុកលោក William Lai បេក្ខជនប្រធានាធិបតីតៃវ៉ាន់ ជាគ្រោះថ្នាក់ធំ នៅក្នុងទំនាក់ទំនងឆ្លងច្រកសមុទ្រតៃវ៉ាន់។ ជុំវិញការបោះឆ្នោតនៅតៃវ៉ាន់នៅថ្ងៃទី១៣ ខែមករា ចិនបានអំពាវនាវទៅកាន់ប្រជាជនតៃវ៉ាន់សម្រេចចិត្តឱ្យបានត្រឹមត្រូវ។

 
សល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ តៃវ៉ាន់ នឹងរៀបចំការបោះឆ្នោតប្រធានាធិបតី អនុប្រធានាធិបតី និងសភា នៅក្នុងថ្ងៃតែមួយ។ ក្នុងការបោះឆ្នោតនេះ បេក្ខជនប្រធានាធិបតីចំនួន ៣រូប មកពីបក្សនយោបាយ ៣ផ្សេងគ្នា នឹងប្រជែកយកតំណែងប្រធានាធិបតីបន្តពីលោកស្រី Tsai Ing-wen ដែលមិនអាចបន្តអាណត្តិរបស់ខ្លួនបាន ដោយសារតែការកម្រិតរបស់រដ្ឋធម្មនុញ្ញ ត្រឹម២អាណត្តិ។ 
 
បេក្ខជនទាំង៣រូបនោះ មានដូចជា លោក William Lai មកពីបក្សកាន់អំណាច ប្រជាធិបតេយ្យ​ជឿនលឿន (DPP), លោក Hou Yu-ih មកពីបក្សគូមិញតាង និងលោក Ko Wen-je មកពីបក្សប្រជាជនតៃវ៉ាន់ (TPP)។ ក្នុងការបោះឆ្នោតនេះ លោក William Lai ជាបេក្ខជនដែលមានការគាំទ្រខ្ពស់ និងអាចមានលទ្ធភាពជាប់ជាប្រធានាធិបតីតៃវ៉ាន់។ 
 
ទាក់ទិននឹងការបោះឆ្នោតនៅតៃវ៉ាន់ អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន លោក Chen Binhua នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១១ ខែមករា បានចាត់ទុកលោក William ជាអ្នកគាំទ្រឯករាជ្យ និងអាចធ្វើសកម្មភាពផ្តាច់ខ្លួន ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតីតៃវ៉ាន់។ 
 
«ខ្ញុំសង្ឃឹមថា ប្រជាជនតៃវ៉ាន់ភាគច្រើន ស្គាល់ពីគ្រោះថ្នាក់នៃការប្រកាសឯករាជ្យរបស់តៃវ៉ាន់ និងគ្រោះថ្នាក់ខ្លាំងរបស់លោក William Lai ក្នុងការបង្កឱ្យមានជម្លោះ និងការប្រឈមមុខដាក់គ្នា»។ មន្រ្តីចិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តអំពាវនាវប្រជាជនសម្រេចចិត្តឱ្យបានត្រឹមត្រូវ លើទំនាក់ទំនងឆ្លងច្រកសមុទ្រ។ 
 
នេះមិនមែនជារឿងថ្មីឡើយ ដែលចិនយល់ថា លោក William ជាអ្នកគាំទ្រឯករាជ្យតៃវ៉ាន់។ កន្លងមក ចិន បានចាត់ទុកមន្រ្តីបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ជាចលនាចង់ផ្តាច់តៃវ៉ាន់ចេញពីចិន។ រដ្ឋាភិបាលក្រុងប៉េកាំង តែងចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកមួយនៃដែនដីរបស់ខ្លួន។ 
 
នៅពេលកន្លងមក លោក​ William ដែលជាបេក្ខជនប្រធានាធិបតីមានការគាំទ្រខ្លាំង បានប្តេជ្ញារក្សាស្ថានភាពបច្ចុប្បន្ន (Status Quo) លើច្រកសមុទ្រតៃវ៉ាន់ រួមទាំងស្វះស្វែងរកសន្តិភាព តាមរយៈកម្លាំងយោធា ប្រសិនបើជាប់ឆ្នោត។ បានសេចក្តីសេចក្តីថា ប្រសិនបើតៃវ៉ាន់ ស្ថិតនៅក្រោមការដឹកនាំរបស់លោក William រដ្ឋាភិបាលក្រុងតៃប៉ិ នឹងនៅតែបន្តធ្វើទំនើបកម្មកម្លាំងយោធា អាវុធ និងគ្រឿងបរិក្ខារយោធាផ្សេងទៀត។ 
 
សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតនេះ ចិន ការកើនឡើងនៃថ្លៃចំណាយរស់នៅ តម្លៃផ្ទះសម្បែង និងការចំណាយលើយោធាជាដើម បានក្លាយជាប្រធានបទដ៏សំខាន់សម្រាប់អ្នកនយោបាយតៃវ៉ាន់ ក្នុងការឃោសនារកសំឡេងឆ្នោត ពីសំណាក់ប្រជាជនគ្រប់អាយុបោះឆ្នោតប្រមាណ ១៩,៥លាន៕

Tag:
 ចិន
  អាម៉េរិក
 ​ តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com