អន្តរជាតិ
អុីស្រាអែល ឡើងតតាំងក្តីជាមួយអាហ្វ្រិកខាងត្បូង នៅតុលាការអន្តរជាតិលើបទប្រល័យពូជសាសន៍
11, Jan 2024 , 9:59 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
អុីស្រាអែល នៅថ្ងៃទី១១ និងថ្ងៃទី១២ ខែមករា ត្រូវឡើងតតាំងក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធនឹងបទចោទប្រល័យពូជសាសន៍លើប្រជាជនប៉ាឡេស្ទីន នៅតំបន់កាហ្សា។ រឿងក្តីនៅតុលាការអន្តរជាតិនេះ ត្រូវបានដាក់ដោយអាហ្វ្រិកខាងត្បូង។

 
ស្របពេលអុីស្រាអែល បន្តវាយប្រហារលើតំបន់កាហ្សាដោយមិនដកដៃ និងបានសម្លាប់ប្រជាជនស៊ីវិលជាច្រើនម៉ឺននាក់ អាហ្វ្រិកខាងត្បូង នៅក្នុងខែធ្នូ កន្លងមក បានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធនឹងបទប្រល័យពូជសាសន៍ ដែលមានចែងក្នុងអនុសញ្ញាស្តីពីប្រល័យពូជសាសន៍។ 
 
«ការជំទាស់របស់យើងចំពោះការសម្លាប់ប្រជាជននៅតំបន់កាហ្សា បាននាំឱ្យយើងក្នុងនាមជាប្រទេសមួយដាក់ពាក្យបណ្តឹងទៅតុលាការ ICJ»។ លោក Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានបញ្ជាក់បែបនេះ នៅថ្ងៃទី១០ ខែមករា ដោយចោទពីបទប្រល័យពូជសាសន៍លើជនជាតិប៉ាឡេស្ទីន។ យ៉ាងណាមិញ បទចោទនេះ ត្រូវបានច្រានចោលដោយអុីស្រាអែល និងសម្ព័ន្ធមិត្តអាម៉េរិក។ 
 
ទន្ទឹមនេះ លោកប្រធានាធិបតី បានចាត់ទុកបណ្តឹងរបស់ខ្លួនទៅតុលាការក្រុងឡាអេ ជារឿងត្រឹមត្រូវនៅក្នុងប្រវត្តិសាស្រ្ត ក្រោយពីខ្លួនបានមើលឃើញពីទុក្ខវេទនា អំពើហិង្សា និងការរើសអើងនៅក្នុងតំបន់កាហ្សា។ 
 
ក្នុងពាក្យបណ្តឹងដែលមានចំនួន ៨៤សន្លឹក អាហ្វ្រិកខាងត្បូង បានអះអាងថា ការសម្លាប់ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់កាហ្សា ការបង្កហានិភ័យលើរូបរាងកាយ និងផ្លូវចិត្ត ជាសកម្មភាពប្រព្រឹត្តអំពើប្រល័យពូជសាសន៍របស់អុីស្រាអែល។ 
 
ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលអុីស្រាអែល លោក Eylon Levy បានអះអាងថា រដ្ឋអុីស្រាអែល នឹងបង្ហាញមុខនៅចំពោះមុខតុលាការ ដើម្បីជំទាស់នឹងការចោទប្រកាន់ខុសពីសំណាក់អាហ្វ្រិកខាងត្បូង។ ទន្ទឹមនេះ មន្រ្តីអុីស្រាអែល បានចាត់ទុកអាហ្វ្រិកខាងត្បូង បានការពារទាំងផ្នែកច្បាប់ និងនយោបាយ ចំពោះក្រុមជ្រុលនិយមហាម៉ាសថែមទៀត។ សវនាការរវាងអុីស្រាអែល និងអាហ្វ្រិកខាងត្បូង មានរយៈពេល ២ថ្ងៃ ដោយផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមករា។ 
 
សូមបញ្ជាក់ថា នៅក្នុងអនុសញ្ញាស្តីពីប្រល័យពូជសាសន៍ឆ្នាំ១៩៤៨ អំពើប្រល័យពូជសាសន៍ ជាសកម្មភាព ដែលមានបំណងបំផ្លាញទាំងស្រុង ឬដោយផ្នែក លើជាតិ ពូជសាសន៍ ក្រុមសាសនា និងជនជាតិភាគតិច៕ 

Tag:
 អុីស្រាអែល
  អាហ្រ្វិកខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com